ទំនាក់ទំនងស្នេហាពេលខ្លះឈានដល់ការបែកបាក់ ជួនកាលក៏អាចមកពីពេលវេលាមិនសក្ដិសម ឬពេលខ្លះអ្នកទាំងពីរមិនទាន់យល់ចិត្តគ្នាស៊ីជម្រៅ។ ការបែកខ្លះ ក៏នៅតែបន្សល់ឱកាសនាំឲ្យយើងអាចចាប់ដៃត្រូវរ៉ូវគ្នាវិញ ដោយមានច្រើនគូហើយដែលជោគជ័យលើគន្លងបង្វិលពី Ex មកក្លាយជាសង្សារថ្មី ឬគូជីវិតច្បាស់លាស់បែបនេះ។
សម្រាប់អ្នកមានអារម្មណ៍សល់ ឬមិនទាន់អស់អាល័យពី Ex ឬសង្សារចាស់ ហើយឃើញគេនៅទំនេរមិនទាន់មានគូ និងចង់បង្កាត់ភ្លើងស្នេហ៍ជាមួយគេសារជាថ្មី សូមអនុវត្ត ៤ វិធីនេះ ប្រសិនបេះដូងគេបើកផ្លូវដែរ នោះអ្នកប្រាកដជានឹងជោគជ័យលើភាគរយខ្ពស់៖
១) ធ្វើឲ្យគេដឹងថាយើងចង់មានឱកាសជួបគេម្តងទៀត
អ្នកខ្លះបែកគ្នាហើយលែងបានជួបមុខគ្នា និងអ្នកខ្លះទៀតសូម្បីតែមុខមិនចង់មើលផង។ ប៉ុន្តែបើចិត្តមិនទាន់ដាច់ ហើយគេនៅទំនេរដែរនោះ អ្នកគួរតែសាកល្បងធ្វើបែបណាឲ្យគេដឹងថា អ្នកនៅតែចង់ជួបគេទោះក្នុងពេលវេលាណាក៏ដោយ។ ជាឧទាហរណ៍អាចសាកល្បងហៅគេជួបជុំគ្នាដោយមានមិត្តភ័ក្ដិនៅជាមួយ ឬការជួបតែពីរនាក់នៅហាងកាហ្វេអ្វីជាដើម។ ជួនខ្លះណាត់គេ គេមិនជួប យើងកុំបោះបង់ ចូរបន្តសាកល្បងតាមរយៈការផ្ញើសារ ឬឆាត ដើម្បីបង្កើនកម្ដៅស្នេហ៍បន្តិចសិន។
២) បង្ហាញគេពីភាពស្តាយក្រោយរបស់យើង
ដូចបញ្ជាក់ពីខាងដើម ទំនាក់ទំនងស្នេហាខ្លះបែកគ្នាដោយការយល់ច្រឡំ ឬពេលខ្លះកំហុសមួយឆាវនាំឲ្យទាស់ចិត្ត ហើយឈានដល់ការចែកផ្លូវទាំងដែលចិត្តមិនអស់អាល័យ។ ប្រសិនបានជួបគេ ឬមានឱកាសនិយាយជាមួយគេម្តងទៀត អ្នកគួរតែបង្ហាញឲ្យគេបានដឹងពីកំហុសឬទំនាក់ទំនងកន្លងមក ថាអ្នកមានការសោកស្តាយ ហើយថាប្រសិនមានឱកាសអ្នកគិតចង់ចាប់ផ្តើមទំនាក់ទំនងនោះសារជាថ្មី។ ក្នុងន័យនេះ ទោះចម្លើយពីដំបូងរបស់គេបដិសេធឬបែបណា ក៏អារម្មណ៍គេបានជ្រាបនៅអ្វីដែលយើងបាននិយាយខ្លះដែរ។
៣) ផ្លាស់ប្ដូរខ្លួនឯងនិងបង្ហាញឲ្យគេដឹង
អ្នកខ្លួនឯងដឹងច្បាស់ណាស់ថាអាកប្បកិរិយាឬចរិតបែបណាពីមុនរបស់អ្នកដែលធ្វើឲ្យគេមិនពេញចិត្ត អ៊ីចឹងចូរសាកល្បងផ្លាស់ប្ដូរ ប្រសិនជាអាចធ្វើទៅបាន ហើយរៀនបង្ហាញឲ្យគេបានដឹងតាមរយៈការជួបផ្ទាល់ ឬតាមរយៈពាក្យសម្ដីណាក្ដី។ ត្រូវចាំថា ទង្វើដែលសបង្ហាញចេញមកគឺមានន័យជាងពាក្យសម្តី បើអ្នកគ្រាន់តែនិយាយហើយធ្វើមិនបាន កុំឲ្យគេអស់ជំនឿចិត្តលើអ្នកទៀតអី។
៤) ប្រាប់ពីអារម្មណ៍ល្អរបស់អ្នកទៅគេ
បើអនុវត្ត ៣ ចំណុចខាងលើហើយ និងចាប់ផ្តើមមានទំនាក់ទំនងខ្លះៗហើយ អ្នកគួរឆ្លៀតរកពេលវេលាឬឱកាសល្អណាមួយ ដើម្បីបង្ហាញត្រង់ៗទៅកាន់គេថាយើងកំពុងមានអារម្មណ៍ល្អ មានអារម្មណ៍ចង់ចាប់ផ្តើមសារជាថ្មីជាមួយគេ ដោយទំនុកចិត្តខ្ពស់ជាងមុន។ ប៉ុន្តែត្រូវចាំណា កុំសាកល្បងចំណុចទី ៤ នេះ នៅពេលដែលគេមានអារម្មណ៍មិនល្អ ឬកំពុងខឹងនរណាម្នាក់ ចូរសាកល្បងនិយាយនៅពេលដែលគេកំពុងសប្បាយរីករាយ ទើបទទួលបានភាគរយខ្ពស់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក