បើនិយាយពីសក្តានុពលខេត្តសៀមរាប លោកអ្នកប្រាកដជាដឹងថាដែនដីនេះសម្បូរទៅដោយប្រាសាទបុរាណជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈពិភពលោកតែម្តង។
តែដែនដីដ៏ពិសិដ្ឋនេះ ក៏មានកន្លែងធម្មជាតិ និងទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលកម្សាន្តជាមួយអារម្មណ៍រីករាយឥតជិនណាយផងដែរ។ ដោយថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំទីកន្លែងថ្មីមួយកន្លែងទៀតដែលមិនសូវមានអ្នកទេសចរណ៍ជាតិស្គាល់ តែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍បរទេសនោះគឺ «KULEN ELEPHANT FOREST» ។
«KULEN ELEPHANT FOREST» ឬព្រៃដំរីភ្នំគូលេន គឺជាដែនជម្រកមួយសម្រាប់ដំរីចូលនិវត្តន៍ ដែលធ្លាប់បម្រើវិស័យទេសចរណ៍ក្នុងតំបន់អង្គរ និងជាកន្លែងអភិរក្សសត្វដំរីមួយស្ថិតនៅក្នុងខេត្តសៀមរាប។
នៅទីនោះមានដំរី១៣ក្បាល ដែលយកមកពីគ្រប់ទិសទីក្នុងកម្ពុជា ក្នុងគោលបំណងជួយសង្គ្រោះ និងថែរក្សាសត្វដំរីដែលជិតផុតពូជ ដែលមានប្រមាណជាង៥០០ក្បាលប៉ុណ្ណោះនៅកម្ពុជា។
លោកអ្នកអាចចូលកម្សាន្តនៅទីនេះ ចំណាយពេលប្រហែលកន្លះថ្ងៃដើម្បីដឹងពីការរស់នៅ និងចរិតពិតប្រាកដរបស់សត្វដំរី ។ ដោយលោកអ្នកដឹងទេថា សត្វដំរី គឺជាសត្វដែលពូកែស៊ីចំណីខ្លាំងណាស់ គឺវាស៊ីចំណី ១០% នៃទំងន់របស់វាក្នុងមួយថ្ងៃ ហើយវាផឹកទឹកប្រហែល ២០០លីត្រ/ថ្ងៃ ពិសេសពួកវាពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់។
សម្រាប់ការចូលរួមទៅកំសាន្តរបស់អ្នក មានន័យថាអ្នកគឺបានយកចិត្តទុកដាក់ និងចូលរួមថែរក្សា និងអភិរក្សសត្វដំរីនៅកម្ពុជាផងដែរ។
ដោយ «KULEN ELEPHANT FOREST» មានទីតាំង ស្ថិតក្នុងតំបន់ព្រៃសហគមន៍មួយ ក្នុងភូមិបុស្សធំ ស្រុកសូទ្រនិគម ខេត្តសៀមរាប (មិនមែនស្ថិតលើភ្នំគូលេនឡើយ) ចាប់បើកដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ហើយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមពីទីតាំង ការកក់ទុកមុន និងការសាកសួរតម្លៃសំបុត្រចូលរួមបានតាមរយៈលេខទូរស័ព្ទ 086 444 602 ។
សម្រាប់តម្លៃសំបុត្រកាលពីមុន មានតម្លៃដល់ទៅ 80$ តែសម្រាប់ពេលនេះតម្លៃសម្រាប់ការចូលរួមចែកចេញជា២ប្រភេទ៖
-សម្រាប់មនុស្សពេញវ័យតម្លៃ 40$
-សម្រាប់ក្មេងអាយុក្រោម១២ ឆ្នាំ តម្លៃ 30$ ហើយសម្រាប់កូនក្មេងអាយុក្រោម៣ឆ្នាំ អាចចូលរួមដោយឥតគិតថ្លៃផងដែរ។
ដោយតម្លៃនៃការចូលរួមខាងលើនេះ មានសេវាកម្មជាកញ្ចប់ រួមមានការដឹកជញ្ជូនទៅកាន់ទីជម្រកមគ្គុទេសទេសចរណ៍និយាយភាសាអង់គ្លេស និងអាហារពេលថ្ងៃត្រង់ (ដំណើរពេលព្រឹកតែប៉ុណ្ណោះ) ឬញ៉ាំអាហារជាមួយដំរី (ពេលរសៀលតែប៉ុណ្ណោះ) ដោយលោកអ្នកអាចជ្រើសរើសការចូលរួមកម្សាន្ត ២ពេល ដោយពេលព្រឹក ចាប់ពីម៉ោង ៨ព្រឹក ដល់ ២រសៀល ឬ ពេលថ្ងៃត្រង់ចាប់ពីម៉ោង ២ ដល់ម៉ោង ៦ល្ងាច។
We have two tours available, morning and afternoon. Each tour involves feeding and walking with the elephants in the forest, plus some other activities
Price is $40 per adult, $30 per child under 12, and children under 3 years of age are free of charge.
The morning is 8am- 2pm and the afternoon 12-6pm.
Tours include transportation to the sanctuary, an English speaking tour guide, and lunch (morning tour only) or a picnic with the elephants' (afternoon only).
យ៉ាងណាមិញ សម្រាប់ភ្ញៀវទេសចរខ្មែរដែលមិនសូវមានថវិកា ហើយចង់ចូលរួមទស្សនាលោកអ្នកក៏មានជម្រើសផ្សេងមួយទៀត នោះគឺ ភ្ញៀវខ្មែរអាចទៅដោយខ្លួនឯងបាន ដោយតម្លៃចូលរួមត្រឹមតែ 10$ រយៈពេលមួយម៉ោង តែសម្រាប់តែការថតរូបលេងសិ្នទ្ធស្នាលជាមួយដំរីប៉ុណ្ណោះ ដោយមិនមានសកម្មភាពផ្សេងៗរាប់បញ្ចូលនោះទេ៕
កែសម្រួលអត្ថបទ៖ ក្នុងស្រុក
ប្រភពអត្ថបទ និងរូបភាពផ្តល់សិទ្ធដោយ៖ Just Travelous
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក