បុរសដែលស្រលាញ់អ្នកពិត គេប្រាកដជាសាទរនិងលើកទឹកចិត្តអ្នកឲ្យសម្រេចនូវអ្វីមួយដែលជាក្តីសុខនិងក្តីប្រាថ្នាពិតប្រាកដរបស់អ្នក។ ប៉ុន្តែបុរសខ្លះវិញ តែងតែទទូចចង់បាននេះចង់បាននោះពីអ្នកឥតឈប់ នោះពុំមែនជាចំណុចល្អឡើយ។
ខាងក្រោមនេះយើងបង្ហាញ ៦ ចំណុចដែលអ្នកដាច់ខាតមិនត្រូវលះបង់សម្រាប់គេ ទោះស្រលាញ់គេប៉ុណ្ណាក៏ដោយ ព្រោះចុងក្រោយមានតែយើងជានារីទេដែលជាអ្នកឈឺចាប់៖
១) បញ្ចប់ទំនាក់ទំនងមិត្តភាព
ពេលខ្លះដោយសារចង់ប្រើពេលវេលាសម្រាប់ដៃគូ ដល់ថ្នាក់អ្នកលែងមានពេលវេលាសម្រាប់មិត្តភក្តិ។ យូរៗទៅអ្នកក៏បញ្ចប់ទំនាក់ទំនងជាមួយមិត្តភក្តិឬពេលខ្លះសូម្បីតែជាមួយញាតិសន្ដាន អ្នកត្រូវចាំថា ចុងក្រោយបុរសនោះអាចនឹងចាកចេញ តែមិត្តជិតស្និទ្ធរបស់អ្នកគេនឹងមិនទៅណាទេ។
២) ផ្លាស់ប្តូរតម្លៃខ្លួនឯង
ដោយសារចង់បំពេញតម្រូវការ ឬការចង់បានរបស់គេហួសហេតុ ដល់ថ្នាក់លែងផ្តល់តម្លៃសម្រាប់ខ្លួនឯង ហើយបានផ្លាស់ប្ដូរអត្តចរិតមួយចំនួនដោយសារ។ សូមចាំកុំធ្វើការផ្លាស់ប្តូរធម្មជាតិដែលល្អរបស់អ្នកឲ្យសោះ តែបើចំណុចខ្លះអាក្រក់ការផ្លាស់ប្តូរវាពុំមែនជាបញ្ហាចោទឡើយ។
៣) ភ្លេចថាខ្លួនឯងជានរណា
កុំព្យាយាមធ្វើនៅអ្វីដែលអ្នកមិនចង់ធ្វើ កុំរហូតដល់ពេលខ្លះរឿងខ្លះដឹង រឿងខ្លះលឺ តែធ្វើមិនដឹង ព្រោះខ្លាចគេអន់ចិត្ត ខ្លាចគេខូចចិត្ត រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង។ ប្រើជីវិតជាខ្លួនឯង បើគេទទួលយកយើងបាន គឺគេទទួលយកហើយ ហើយត្រូវចាំថារស់នៅមិនមែនជាខ្លួនឯង វាមានក្តីសុខឡើយ។
៤) បោះបង់ក្តីស្រមៃ
អ្នកខ្លះស្រលាញ់គេខ្លាំងពេក ដល់ថ្នាក់ភ្លេចគិតពីក្តីស្រមៃរបស់ខ្លួនឯង ព្រោះដោយសារតែធនធាននិងពេលវេលាបានប្រគល់ឲ្យដៃគូច្រើនជ្រុល។ បើបុរសនោះស្រលាញ់អ្នកពិតមែន គេឯណោះទេ ជាអ្នកត្រូវព្យាយាមធ្វើដើម្បីបំពេញក្តីស្រមៃរបស់អ្នក។
៥) ទទួលបន្ទុកធ្ងន់លើការងារផ្ទះ
សម្រាប់ជីវិតគូ ប្រសិនគេបង្ខំឬប្រាប់ឲ្យអ្នកធ្វើកិច្ចការងារផ្ទះ ដូចជាបោសផ្ទះ បោកសម្អាតខោអាវ នោះក៏ត្រូវតែប្រាកដថាគេមានចំណែកធ្វើដែរ ព្រោះសព្វថ្ងៃប្រុសស្រីគឺមានសិទ្ធស្មើគ្នា ហើយមនុស្សពីរនាក់ស្រលាញ់គ្នា គួរតែចេះចែករំលែកគ្នា ពុំមែនទម្លាក់បន្ទុកមកតែម្ខាងអ៊ីចឹងឡើយ។
៦) ប្រគល់ខ្លួនប្រាណ
ជារឿងចាំបាច់បំផុតសម្រាប់ស្រីៗគ្នាយើង។ មុនដាក់ចិត្តដាក់កាយប្រគល់ចំណុចសំខាន់ហ្នឹងឲ្យគេ ត្រូវប្រាកដថាគេច្បាស់លាស់ជាមួយយើងសិន។ គំរូល្អបំផុត បើមិនទាន់មានឈ្មោះជាគូស្វាមីភរិយា ទោះបីទំនាក់ទំនងស្នេហាផ្អែមល្ហែមប៉ុណ្ណា ត្រឹមជាសង្សារ សូមកុំទាន់ឈានដល់ចំណុចនោះអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក