ការជ្រើសរើសដៃគូក្នុងទំនាក់ទំនងស្នេហា រមែងមានខុស មានត្រូវ មិនប្រាកដថាប៉ះមនុស្សល្អទាំងអស់នោះទេ។ ជាពិសេសស្រីៗ ចង់បានបុរសដែលល្អម្នាក់ អាចដើរលើគោលដៅតែមួយរយៈពេលយូរ គឺពិបាកនឹងរកខ្លាំងបំផុត។
ក្នុងអត្ថបទនេះ យើងធ្វើការណែនាំសម្រាប់នារីជាពិសេស ប្រសិនណាបានជួបមនុស្សប្រុសដែលមានចំណុចទាំង ៧ នេះហើយ ចូរអ្នកថែរក្សាគេឲ្យបានល្អ ព្រោះវាជាគុណតម្លៃដែលមនុស្សប្រុសទូទៅមិនប្រាកដថាអាចធ្វើបាន៖
១) ស៊ូនិយាយត្រង់តែមិនបញ្ចូលខុសរបៀប
មនុស្សប្រុសដែលស្រលាញ់អ្នកពិត និងគិតវែងឆ្ងាយទៅមុខ ពួកគេម៉ត់ចត់ខ្លាំងណាស់អំពីពាក្យសម្តីដែលបាននិយាយទៅកាន់អ្នក។ មិនថាតែរូបរាងកាយ សុខភាព គឺបុរសនោះមិនចេះតែសរសើរឬផ្គាប់ចិត្តអ្នក ដើម្បីឲ្យអ្នកសប្បាយចិត្តនោះទេ តែគេស៊ូនិយាយត្រង់។ ឧទាហរណ៍៖ អាហារប្រភេទហ្នឹងបរិភោគមិនបានទេ ព្រោះខ្លាចមានបញ្ហាសុខភាពត្រង់នេះត្រង់នោះ ពោលមិនមែនចេះតែផ្គាប់ចិត្តហើយប្រាប់ឲ្យអ្នកបរិភោគអាហារនោះទាំងដឹងថាឈឺនោះឡើយ។
២) ចេះបត់បែនតាមកាលៈទេសៈ
មនុស្សប្រុសចិត្តរឹងខ្លះ ចូលចិត្តឲ្យមនុស្សស្រីមកផ្គាប់ចិត្តខ្លួនវិញ តែត្រូវចាំធម្មជាតិក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីគឺមានអាទិភាពជាងហើយ។ បើមនុស្សប្រុសនោះគេល្អពិតមែន ទោះរបស់ខ្លះគេមិនចូលចិត្ត ក៏គេចេះបត់បែនតាមស្ថានភាពជាក់ស្តែងដើម្បីឲ្យអ្នកសប្បាយរីករាយ ពោលមិនមែនចេះតែសម្រេចអ្វីជាឯកច្ឆន្ទនោះទេ។
៣) ចេះប្រើពាក្យផ្អែម
ជាការពិតមនុស្សប្រុសខ្លះក៏មិនសូវចេះមាត់ក មិនសូវចេះនិយាយ ប៉ុន្តែបើគេស្រលាញ់អ្នកពិតមែន គេអាចនឹងរៀនផ្លាស់ប្តូរដើម្បីអ្នក ហើយវាក៏មិនមែនជារឿងអ្វីដែលពិបាកដែរ។ មនុស្សស្រីឲ្យតែបានលឺសម្តីផ្អែមចេញពីមនុស្សដែលខ្លួនស្រលាញ់ ទោះមានរឿងរ៉ាវបញ្ហាអ្វី ក៏នាងមានអារម្មណ៍ថាស្កប់ស្កល់និងកក់ក្តៅដែរ។ ជាងនេះការប្រើប្រាស់ពាក្យផ្អែមល្ហែម ក៏ជួយឲ្យទំនាក់ទំនងស្នេហាកាន់តែជិតស្និទ្ធនិងសប្បាយរីករាយបន្ថែមទៀតផង។
៤) មានអារម្មណ៍ស្រណុកពេលអ្នកនៅក្បែរគេ
មនុស្សប្រុសឆ្លាត ដឹងគ្រប់ទុក្ខធុរៈនៃមនុស្សស្រីដែលខ្លួនស្រលាញ់។ នាងមិនចូលចិត្តអ្វី នាងខ្លាចអ្វី អ្វីដែលធ្វើឲ្យប៉ះពាល់អារម្មណ៍នាង គឺមនុស្សប្រុសនោះដឹងគ្រប់យ៉ាង ហើយធ្វើឲ្យមានអារម្មណ៍ថាពេលអ្នកនៅក្បែរគេ គឺមានអារម្មណ៍សុវត្ថិភាព កក់ក្តៅ មិនខ្លាចនឹងកើតមានបញ្ហាអ្វីទាំងអស់ ព្រោះហាក់ដូចជាមានអ្នកចាំមើលថែគ្រប់វិនាទី។
៥) ជាដៃគូដ៏ល្អ
មិនត្រឹមតែដើរតួជាបុរសដែលអ្នកស្រលាញ់ឬជាគូស្នេហ៍ តែបុរសប្រភេទដែលអ្នកមិនគួរបោះបង់ គឺអាចដើរតួជាបងប្រុស ជាឪពុក ពោលអាចចេះលួងលោម ចេះផ្តល់ក្តីសង្ឃឹមដល់អ្នកពេលជួបទុក្ខលំបាក។ អ្វីដែលពិសេសប្រសិនគេអាចដើរតួជាមិត្តល្អម្នាក់ទៀតនោះ វាកាន់តែប្រសើរ ព្រោះទំនាក់ទំនងដែលប្រើប្រាស់អារម្មណ៍ជាសង្សារឬគូស្នេហ៍សុទ្ធសាធ ក៏វាមិនសប្បាយយូរនោះដែរ។
៦) ចេះរំលែកបន្ទុករបស់អ្នក
កុំថាឡើយចាំបាច់តែដល់ជាស្វាមី ការមើលចិត្តមើលឥរិយាបថគ្នា គឺចាប់ផ្តើមពីទំនាក់ទំនងជាសង្សារហ្នឹងហើយ។ បើបុរសនោះចេះជួយការងារធំតូចអ្នក មិនមានអារម្មណ៍ថាធុញទ្រាន់ក្នុងការជួយសម្រាលបន្ទុកអ្នកតាមលទ្ធភាពដែលគេអាចធ្វើទៅបាន នោះក៏មានន័យថា គេកំពុងរៀនធ្វើជាស្វាមីដ៏ល្អមួយនៅពេលខាងមុខសម្រាប់អ្នកដូចគ្នា។
៧) ចាស់ទុំនិងមានគោលដៅច្បាស់លាស់
ប្រសិនបើគេជាបុរសដែលចាស់ទុំ ចាស់ចិត្តចាស់គំនិត បានមើលឃើញពីគោលដៅនិងចេះរៀបចំផែនការណ៍ជីវិតច្បាស់លាស់ នោះគឺកាន់តែប្រសើរ។
ប្រសិនបើអ្នកបានជួបបុរសដូចរៀបរាប់ខាងលើហើយ រាប់ថាអ្នកជាមនុស្សស្រីសំណាងម្នាក់ហើយ ចូលថែរក្សាគេឲ្យបានល្អ ចេះមានការអត់ឱនដល់គេប្រសិនខុសឆ្គង ហើយកុំងាយបោះបង់គេឲ្យសោះ!