ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យជាតិ និងអន្តរជាតិខាងមុខនេះ មនុស្សគ្រប់គ្នាប្រហែលជាកំពុងតែគិត និងមានគម្រោងចង់ដើរកម្សាន្តនៅថ្ងៃសម្រាកទាំងនោះហើយ ដើម្បីសម្រាលក្តីនឿយហត់ និងបំបាត់ភាពតានតឹង បង្កើតភាពរីករាយដើម្បីត្រលប់មកធ្វើកិច្ចការងារប្រចាំថ្ងៃផងដែរ។
ប្រសិនជាលោកអ្នកចូលចិត្តដើរកម្សាន្តតាមបែបធម្មជាតិ ជាមួយដើមឈើខៀវខ្ចី ទឹកធ្លាក់ត្រជាក់ស្រេបដូចទឹកអម្រិត ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំទីកន្លែងកម្សាន្តមួយកន្លែងនោះគឺ «រមណីយដ្ឋានល្បាក់កំរោញ » ខេត្តពោធិសាត់។
«រមណីយដ្ឋានល្បាក់កំរោញ » អាចមើលឃើញច្បាស់អំពីទិដ្ឋភាពទូទៅដូចជា ថ្មដាតូច ធំ ទឹកថ្លាឈ្វេងគួបផ្សំទៅនឹងរុក្ខជាតិ ស្រស់ខៀវស្រងាត់ អមតាមមាត់ស្ទឹងជាម្លប់ត្រជាក់ ខ្យល់បរិសុទ្ធល្អ បំបាត់ភាពស្មុគស្មាញ និងនាំមកនូវភាពភ្លឺស្វាងក្នុងសង្គមគ្រួសារ ហើយក៏កំពុងតែរៀបចំបន្ថែមទៀតដើម្បិស្វាគមន៍ភ្ញៀវទេសចរណ៍មកម្សាន្តនៅថ្ងៃឈាប់សម្រាកខាងមុខផងដែរ។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានល្បាក់កំរោញ មានទីតាំងស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចម្ងាយ៤៨គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩១ ធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៤៨ និង៤៩ ៕
ប្រភព៖ ទូរទស្សន៍ ពោធិ៍សាត់