ការតុបតែងខ្លួន ការស្លៀកពាក់ ឬការប្រើប្រាស់សម្ភារៈនិយមថ្លៃៗ សុទ្ធសឹងតែជារបស់ក្រៅខ្លួនដែលអាចទាក់ភ្នែកអ្នកដទៃត្រឹមរយៈពេលខ្លី ប៉ុន្តែការពិតទៅ អត្តចរិត គឺជាចំណុចខ្លាំងដែលនារីគ្រប់រូបគួរតែមាន ហើយអាចទាក់ទាញការឲ្យតម្លៃនិងចាប់អារម្មណ៍ពីសំណាក់មនុស្សទូទៅរយៈពេលយូរ។
ខាងក្រោមយើងបង្ហាញអំពីចំណុចខ្លាំង ៥ របស់នារីៗ ដែលអាចធ្វើឲ្យបុរសទូទៅឲ្យតម្លៃខ្ពស់បំផុត៖
សុទិដ្ឋិនិយម
សុទិដ្ឋិនិយម ឬយើងស្គាល់ថាជាការចូលចិត្ត ឬការយល់ឃើញរបស់អ្វីក្នុងលោកសុទ្ធតែល្អ ដោយក្នុងជីវិតរបស់នារីៗទាំងឡាយក៏ដូចគ្នា ប្រសិនពួកគេមានការគិតវិជ្ជមានជាប់ខ្លួន នោះគឺជាចំណុចខ្លាំងហើយ។ និយាយឲ្យស្រួលស្តាប់ទៅ ជួបបញ្ហាអ្វីក៏មិនត្អូញត្អែរ ហើយតែងគិតរកដំណោះស្រាយនិងញញឹមជានិច្ច។
ទំនុកចិត្ត
ស្រ្តីដែលមានមន្តស្នេហ៍និងស្រស់ស្អាតពិតប្រាកដមិនពឹងផ្អែកលើការតុបតែងខ្លួនទេ ផ្ទុយទៅវិញគឺសំខាន់លើទំនុកចិត្តរបស់ពួកគេជាធំ។ ប្រសិនគ្មានការជឿជាក់លើខ្លួនឯង ទោះស្លៀកពាក់ស្អាតប៉ុណ្ណា ក៏នៅតែមិនជឿថាខ្លួនឯងស្អាតដដែល។ សរុបមកតម្លៃនៃជីវិត របស់អ្នកក៏មានការកើនឡើងឬចុះថយទៅតាមការទំនុកចិត្តនោះដែរ។
ការយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន
មនុស្សស្រីឆ្លាតវៃ ជាមនុស្សស្រីដែលចេះយកចិត្តគេដាក់ចិត្តខ្លួនឯង។ ជារឿយៗនាងតែងតែខ្វល់ខ្វាយមិនថាតែទង្វើ ឬការសន្ទនា គឺនាងតែងតែធ្វើឲ្យដៃគូម្ខាងទៀត ឬមនុស្សជុំវិញខ្លួនមានអារម្មណ៍ថាកក់ក្ដៅជាទីបំផុត។
ថែរក្សាខ្លួនឯង
នៅពេលដែលមនុស្សស្រីដឹងអំពីការថែរក្សានិងស្រលាញ់ខ្លួនឯង មានន័យថាពួកគេដឹងពីតម្លៃរបស់ខ្លួនឯង។ ជាការពិតមុននឹងឲ្យគេមកឲ្យតម្លៃអ្នក ដំបូងឡើយយើងត្រូវឲ្យតម្លៃខ្លួនឯងសិន។
ការលេងសើចក្នុងន័យសមរម្យ
កុំស្ងៀមស្ងាត់ពេក បើនិយាយចេះមាត់កខ្លះ ចេះលេងសើចខ្លះ ហ្នឹងហើយជាចំណុចគួរឲ្យទាក់ទាញបំផុតរបស់មនុស្សស្រី ហើយក៏ធ្វើឲ្យអ្នកជុំវិញខ្លួនគេស្រលាញ់ចូលចិត្តខ្លាំងដែរ។ ប៉ុន្តែត្រូវចេះគ្រប់គ្រងអារម្មណ៍ និងពាក្យសម្តីខ្លួនឯងឲ្យបានល្អ ជៀសវាងពេលខ្លះលេងជ្រុល។
ភាពរីករាយ
អារម្មណ៍រីករាយដែលមានជាប់ខ្លួនស្រ្តី គឺរមែងធ្វើឲ្យពួកគេអាចបង្កើតទំនាក់ទំនងល្អជាមួយភាគីម្ខាងទៀត។ នេះមានន័យថា ចេះបើកចិត្តទទួលយក និងរីករាយជាមួយទង្វើរបស់អ្នកដទៃ ដែលអាចធ្វើឲ្យពួកគេមានការឲ្យតម្លៃនិងគោរពត្រលប់មកអ្នកវិញ៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក