មនុស្សរាល់គ្នានៅពេលបច្ចុប្បន្នមានស្មាតហ្វូននៅនឹងដៃៗសឹងតែគ្រប់គ្នា ហើយមិនថាតែបុរសឬនារី ក៏រមែងមានគណនីបណ្តាញសង្គមរៀងៗខ្លួន។
ជាមួយការប្រើប្រាស់បណ្តាញសង្គម វាក៏បានផ្តល់នូវអត្ថប្រយោជន៍មួយផ្នែកធំសម្រាប់មនុស្សទូទៅ មិនថាតែការកម្សាន្ត ការរកប្រាក់ចំណូលតាមរយៈការធ្វើអាជីវកម្ម ឬការទទួលបាននូវព័ត៌មានសំខាន់ៗមួយចំនួន។
ប៉ុន្តែក្នុងនោះវាក៏បានបង្កប់នូវផលប៉ះពាល់ខ្លះផងដែរ ដែលមនុស្សមួយផ្នែកតូចគិតមិនសូវដល់ ហើយវាជាទម្លាប់ដែលអ្នកគួរជៀសវាង។
ក្នុងអត្ថបទនេះ យើងនិយាយទៅដល់នារី ដែលគួរជៀសវាងការបង្ហោះនូវរឿងរ៉ាវ ៣ លើបណ្តាញសង្គម៖
១) ស្នេហាផ្អែមល្ហែម
មិនមែនថាមិនគួរបង្ហោះនោះទេ បើយើងច្បាស់លាស់ជាមួយនរណាម្នាក់ហើយ ឬបានគ្នាជាប្តីប្រពន្ធហើយនោះ ការចែករំលែកនូវក្តីសុខរបស់គ្រួសារទៅកាន់ពិភពខាងក្រៅ គឺពុំមែនជារឿងខុសឆ្គងឡើយ។
ប៉ុន្តែបើត្រឹមជាសង្សារឬមនុស្សជិតដិត យល់ល្អកុំបង្ហោះអ្វីឲ្យស៊ីជម្រៅខ្លាំងពេកអី ជាពិសេសគឺសកម្មភាពផ្អែមល្ហែម ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសខ្លួនឯងផ្ទាល់ និងគ្រួសារទៅថ្ងៃមុខ ប្រសិនមិនបានម្នាក់នោះជាគូជីវិតច្បាស់លាស់។
២) ប្រពន្ធដែលហែកហួរកេរប្តី ឬគ្រួសារនៅលើបណ្តាញសង្គម
អ្នកខ្លះបង្ហោះ Status ឬរូបភាព ដែលបង្ហាញពីសកម្មភាពឬទង្វើមិនល្អរបស់ប្តី ទៅលើបណ្តាញសង្គម។ ក្រៅពីសារអាណិតអាសូរ និងចំអកឡកឡឺយ គឺគ្មាននរណាសរសើរនោះទេ ហើយមនុស្សគឺចាំតែមើល បើរឿងល្អអ្នកខ្លះគេច្រណែន មិនអបអរ តែបើរឿងអាក្រក់គេនឹងចាំត្រងស្តាប់ ហើយពេលខ្លះសាយភាយរឿងនោះកាន់តែលឿនថែមទៀត។
និយាយឲ្យសាមញ្ញទៅ រឿងគ្រួសារយើង យើងជាអ្នកដោះស្រាយទៅ មិនចាំបាច់ឲ្យតុលាការលើបណ្តាញសង្គមជាអ្នកអារកាត់នោះឡើយ។
៣) និយាយពីបញ្ហានៅកន្លែងធ្វើការ
អ្នកខ្លះនឿយខ្លាំង ជួបបញ្ហានេះ ជួបបញ្ហានោះ បង្ហោះ Status ឬ Story បែបដៀមដាមទៅក្រុមការងារ ឬពេលខ្លះនិយាយដល់ថ្នាក់លើក៏មាន។ ជួនខ្លះទៅអ្នកមានឱកាសដំឡើងប្រាក់ខែឬមុខតំណែងហើយ លុះចៅហ្វាយអ្នកឃើញអាកប្បកិរិយាលើបណ្តាញសង្គមបែបហ្នឹង ក្រៅពីអត់ដំឡើងឲ្យហើយ អាចនឹងប្រឈមដកតំណែងចេញពីស្ថាប័ននោះទៀតផងក៏មាន៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក