រឿងខ្លះ បញ្ហាខ្លះ ទោះដឹងថាអាចនឹងឈឺចាប់ហើយ តែបេះដូងនៅតែហាមមិនទាន់ចង់ឲ្យដកខ្លួនចេញក្នុងពេលនេះ។ ពេលខ្លះដោយសារគិតថា មួយរយៈពេលក្រោយនឹងលែងអី ហើយបើជានារីមានគ្រួសារ និងកូនៗទៀតនោះ គឺរមែងគិតគូរដល់កិត្តិយសស្វាមី និងក្តីសុខរបស់កូន។
ខាងក្រោមនេះ យើងបង្ហាញពីអារម្មណ៍ឈឺចាប់ ៣ របស់មនុស្សស្រីភាគច្រើន ដែលដឹងថាឈឺចាប់ហើយ លំបាកហើយ តែនៅបន្តយកខ្លួនបៀត និងតែងតែលើកលែងទោសឲ្យ៖
១) ការផិតក្បត់របស់ស្វាមី
នារីៗគ្នាយើងពេលខ្លះស្តាប់ទៅប្លែកដែរ ដឹងថាគេក្បត់ហើយ គេមានស្រីផ្សេងហើយ តែនៅតែទទួលយកនិងអភ័យទោសឲ្យគេ។ មិនមែនថាប្តីមានស្រីក្រៅ ខ្លួនមិនឈឺចាប់នោះទេ តែស៊ូឈឺចាប់ ក៏ដើម្បីតែក្តីសុខកូន និងសុភមង្គលគ្រួសារ ហើយទោះមានបញ្ហាបែបណា នៅមុខកូន នារីនោះកម្រទម្លាក់ទឹកមុខណាស់ ពោលគឺស្នាមញញឹមក្លែងក្លាយ។
២) រងការតិះដៀលពីគ្រួសារខាងប្តី
មនុស្សស្រីមួយផ្នែកដែលសំណាងក៏ទទួលបានការឲ្យតម្លៃនិងស្រលាញ់ពីគ្រួសារខាងប្តី ប្រៀបដូចជាសាច់ញាតិបង្កើត តែមនុស្សស្រីខ្លះទៀតដែលរងទុក្ខទោះខំធ្វើខ្លួនឲ្យល្អបែបណាក៏ដោយ ក៏គ្រួសារខាងប្តីមើលមិនឃើញដែរ។
ស្រ្តីខ្លះទ្រាំបៀមទុក្ខ លាក់ការឈឺចាប់នោះតែឯង បើស្រ្តីខ្លះក៏ហ៊ានចែករំលែកទៅស្វាមី ហើយបើបានស្វាមីយល់ចិត្ត ក៏មានតែព្យាយាមលួងនិងនិយាយប៉ះប៉ូវផ្លូវអារម្មណ៍ តែបើអត់ស្វាមីដឹងលឺទៀត គឺគ្រាំទ្រូងតែម្នាក់ឯង។
៣) រស់នៅជាមួយមនុស្សដែលមានទម្លាប់មិនល្អ
បុរសខ្លះទៅទាន់មានចរិតចាស់ទុំ ឆាប់ខឹង ឆាប់ឆេវឆាវ ស្រែកដាក់ប្រពន្ធ រហូតដល់ខ្លះមានទាំងបង្កអំពើហិង្សាផ្សេងៗថែមទៀត។ ដូចបានបញ្ជាក់ខាងលើ គ្រប់យ៉ាងដែលមនុស្សស្រីអត់ធ្មត់បំផុត គឺនៅពេលដែលមានកូន ពោលនាងមិនចង់ឲ្យកូនទទួលរងអារម្មណ៍ឈឺចាប់ ឬអារម្មណ៍ដែលត្រូវឪពុកម្តាយបែកបាក់គ្នានោះទេ និយាយរួមទៅ គឺរស់ដើម្បីកូន តែមិនមែនរស់ដើម្បីខ្លួនឯង៕
ប្រភព៖ Phunutoday | ប្រែសម្រួល៖ ក្នុងស្រុក