យោងតាមក្បួនច្បាប់ហុងស៊ុយ ការរៀបចំបង្អួចនៅក្នុងគេហដ្ឋានក៏ត្រូវធ្វើតាមក្បួនឲ្យបានត្រឹមត្រូវ ព្រោះការរៀបចំខុស ក៏អាចនាំសំណាងមិនល្អ និងរឿងរ៉ាវប៉ះទង្គិចចូលក្នុងគ្រួសារបានដែរ។ ខាងក្រោមនេះ យើងបង្ហាញពីការអនុវត្ត ៣ ចំណុចលើផ្នែកបង្អួច ដែលអ្នកមិនគួររំលង៖
១) បង្អួចបើកមិនកើត និងមិនបានសម្អាត
កុំដាក់ទូ ឬរបស់ធំអ្វីមួយទៅបាំងនៅផ្នែកបង្អួចនោះ ហើយត្រូវឧស្សាហ៍ជូតសម្អាតឲ្យភ្លឺស្អាត។ ការបើកបង្អួច ដូចបើកឲ្យលុយនិងសំណាងល្អហូរចូលផ្ទះ ផ្ទុយទៅវិញបើអ្នកបិទ ដូចបិទមិនឲ្យសំណាងហូរចូលមកអ៊ីចឹង។
២) កុំដាក់បង្អួចទ្វារពីរនៅក្នុងបន្ទប់គេង
សម្រាប់ជីវិតគូស្នេហ៍ដែលរៀបការរួច សូមកុំប្រើប្រាស់បង្អួចទ្វារពីរនៅក្នុងបន្ទប់គេង ព្រោះវាតំណាងឲ្យភាពបែកបាក់ ដែលអាចធ្វើឲ្យចិត្តស្វាមី និងភរិយា មានការរារេសម្លឹងឃើញអ្នកថ្មីផ្សេងទៀត។ ចំណុចនេះមានន័យថា អ្នកគួរប្រើប្រាស់បង្អួចលាតដែលមានទ្វារមួយបានហើយ ដែលតំណាងឲ្យភាពនឹងន និងស្ថិរភាពនៃស្នេហារបស់ជីវិតគូ។
៣) បង្អួចដែលមានក្បាច់ និងជ្រុងកាច់កុងច្រើន
ការជ្រើសរើសបង្អួចក៏ជាក្បួនច្បាប់ហុងស៊ុយមួយដែរ ប្រសិនអ្នកជ្រើសរើសប្រភេទបង្អួចដែលមានក្បាច់រចនាខ្លាំងពេក ហើយលាយឡំនឹងជ្រុងកាច់កុងចុះឡើងខ្លាំង នោះមានន័យថាធ្វើឲ្យ លាភសំណាងពិបាកនឹងហោះចូលមកក្នុងផ្ទះ។ បែបនេះគួរជ្រើសរើសប្រភេទលាតធម្មតាបានហើយ៕