នេះក៏រាប់ថាជាអាថ៌កំបាំងដែលភរិយាឆ្លាតវៃរមែងមាន និងអ្នកដែលមិនទាន់មានគួរតែយកទៅអនុវត្ត ដើម្បីឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែស្អិតរមួត។
យើងសូមណែនាំពាក្យ ៥ ឃ្លាដែលនាមជាភរិយាគួរតែឧស្សាហ៍និយាយទៅកាន់ប្តី រីឯពេលបុរសជាប្តីស្តាប់ហើយដូចបានថ្នាំទិព្វធ្លាក់ពីលើមេឃមកលេបអ៊ីចឹង៖
១) អូនជឿជាក់លើបង
មនុស្សប្រុសទទួលបន្ទុកការងារច្រើនណាស់ ប៉ុន្តែសម្រាប់ពួកគេប្រសិនមានភរិយាដែលជាមនុស្សនៅជិតបំផុត និយាយថា "ជឿជាក់" ឬ "ជឿថាអាចធ្វើបាន" នោះដូចបន្ថែមកម្លាំងចលករមួយកម្រិតទៀតអ៊ីចឹង។ មនុស្សតែងតែមានបរាជ័យជួនខ្លះ ប៉ុន្តែបើភរិយាតែងតែនៅចាំលើកទឹកចិត្ត នោះគឺជាក្តីសុខដែលបុរសចង់បានហើយ។
២) គ្រួសាររបស់យើងតែងតែត្រូវការនិងនៅក្បែរបង
ជីវិតគូ គឺជាការផ្លាស់ប្តូរជីវិតថ្មីមួយ ដែលជួនខ្លះក៏នាំទាំងបទពិសោធន៍ថ្មីដែលសប្បាយរីករាយ ខ្លះក៏កើតទុក្ខ ប៉ុន្តែជួបរឿងអ្វីគឺត្រូវហ៊ានទទួលយកព្រមគ្នា។ ប៉ុន្តែអ្វីដែលចាំបាច់បំផុត សម្រាប់មនុស្សស្រី គួរតែឧស្សាហ៍និយាយពាក្យនេះ ដើម្បីឲ្យធានាទៅកាន់បុរសជាស្វាមីថា ពេលជួបបញ្ហាអ្វី គាត់មិននៅតែឯងនោះទេ។
៣) អូនស្រលាញ់បង
ស្ដាប់ទៅវាសាមញ្ញ ប៉ុន្តែវាជាចំណុចតូចមួយដែលគូស្នេហ៍ជាច្រើនបានរំលង។ ពីដំបូងអ្នកធ្លាប់និយាយពាក្យផ្អែមល្ហែមបែបណា អ្នកគួរតែឧស្សាហ៍លើកពាក្យនេះមកប្រើប្រាស់ឲ្យបានញឹកញាប់ដដែល នៅពេលក្លាយជាប្តីប្រពន្ធ សូមកុំមានអារម្មណ៍ថាខ្មាស.អៀន ហើយចូរបង្ហាញវាទៅកាន់ស្វាមីជាទីស្រលាញ់របស់អ្នក។
៤) អូនចូលចិត្តរបៀបហ្នឹង
ជីវិតប្តីប្រពន្ធ រឿងលើគ្រែក៏ជារឿងសំខាន់មួយដែរ បើអ្នកមិនយល់ចិត្តគ្នារឿងហ្នឹង វាក៏អាចក្លាយជាបញ្ហាទើស.ទាស់គ្នាដោយប្រការណាមួយជាមិនខាន។ ប្រសិនអ្នកចូលចិត្តការប្រើប្រាស់ស្ទាយរបៀបហ្នឹង ឬចូលចិត្តការទទួលបានអារម្មណ៍បែបហ្នឹង ចូរប្រាប់ឬបង្ហាញទៅកាន់ស្វាមីរបស់អ្នកឲ្យគាត់មានការរំភើបចិត្តដូចគ្នា។
៥) ឧស្សាហ៍ហៅឈ្មោះប្តី
កាន់តែជិតដិត កាន់តែធ្វើរឿងសាមញ្ញបំផុត! មិនមានច្រើនគូទេ ដែលនៅហៅឈ្មោះប្តីរបស់ខ្លួន តែបើបន្ថែមពីលើពាក្យថា "បង" ហើយបូកផ្សំនឹងឈ្មោះទៀតនោះ កាន់តែធ្វើឲ្យស្វាមីអ្នកមានអារម្មណ៍ល្អ ហើយក៏មានអារម្មណ៍ជិតស្និទ្ធខ្លាំងផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក