ទាំងការដើរ ដេក ឈរ អង្គុយ មិនថាតែនៅផ្ទះ ឬនៅខាងក្រៅ មនុស្សម្នាក់ៗគួរមានទម្លាប់ណាមួយដែលត្រឹមត្រូវ និងជៀសវាងធ្វើឲ្យប៉ះពាល់ដល់សុខភាពឬអាយុជីវិតខ្លួនឯង។ រឿងខ្លះវាមិនបានបង្កើតបញ្ហាឲ្យយើងឃើញនៅនឹងមុខភ្លាមៗទេ តែលុះដល់ថ្ងៃខាងមុខ ១០-២០ ឆ្នាំបន្ទាប់ទើបអ្នកកើតការចាប់អារម្មណ៍។
១) ការអង្គុយចុច Laptop
អ្នកឧស្សាហ៍អង្គុយមុខកុំព្យូទ័រ និងបម្រើការយូរ គួរតែជៀសវាងឲ្យបាននៅទម្លាប់អាក្រក់នេះ។ អ្នកមិនត្រូវឱនឲ្យខ្នងខ្លួនឯងរាងត្រេតខ្លាំងពេកនោះទេ ហើយបើអ្នកទម្លាប់អង្គុយរាប់ម៉ោងទៀត ចាស់មិនទាន់ទេនិងកោងខ្នង ឬឈឺសន្លាក់អស់ហើយ។ ទម្លាប់ល្អបំផុតគឺអង្គុយឲ្យបាននៅមុំ ៩០ ទៅ ១០០ ដឺក្រេ ពោលគឺអង្គុយឲ្យត្រង់ខ្នង។
២) ឱនទៅលើករបស់ធ្ងន់ណាមួយ
ពេលដែលអ្នកឱនទៅលើករបស់ធ្ងន់ណាមួយនៅលើដី អ្នកមិនត្រូវឱនខ្នងនិងក្បាលទៅក្រោមមុនបែបហ្នឹងទេ ព្រោះអាចឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកឆ្អឹងខ្នងនិងកញ្ចឹងក។ ផ្ទុយទៅវិញអ្នកត្រូវវែកជើងទាំងពីរ ហើយពត់ជង្គង់ចុះ និងបន្តឹងផ្នែកដៃទាំងសងខាង មុនចាប់លើករបស់នោះឡើង។
៣) ការដេកផ្កាប់មុខទៅលើខ្នើយ
ការចូលដំណេកគឺជារឿងសំខាន់បំផុត ដែលមនុស្សជាច្រើនរមែងធ្វើទាំងនៅពេលយប់និងថ្ងៃ។ បែបនេះការដេកដោយមានរបៀបរបបត្រឹមត្រូវ ទើបធ្វើឲ្យអ្នកមិនប៉ះពាល់សុខភាព ឬឈឺសន្លាក់ត្រង់ផ្នែកសាច់ដុំ និងកជាដើម។ ការដេកដ៏ត្រឹមត្រូវ គឺអ្នកអាចដេកផ្ងារធម្មតា ឬគេងបែរទៅចំហៀង។
៤) ស្ពាយកាតាបដោយប្រើស្មាតែម្ខាង
នៅពេលដែលអ្នកទម្លាប់ស្ពាយកាតាបដោយប្រើស្មាតែម្ខាង នោះនឹងធ្វើឲ្យខ្លួនប្រាណអ្នកលែងមានតុល្យភាពនៅផ្នែកទម្ងន់ ហើយក៏ឧស្សាហ៍ធ្វើឲ្យអ្នកឆាប់រយក ឬត្រង់ផ្នែកស្មានោះផ្ទាល់ផងដែរ។ មិនពិបាកនោះទេ ក្នុងការផ្លាស់ប្តូរ ដោយត្រឹមតែទម្លាប់ស្ពាយនៅស្មាទាំងសងខាងគឺបានហើយ ហើយសម្រាប់ការស្ពាយនៅស្មាម្ខាងអាចធ្វើទៅបាន ក្នុងករណីកាតាបនោះស្រាល ពុំមានរបស់ធ្ងន់។
៥) ដើរឱនមុខសម្លឹងមើលទូរសព្ទ
ស្មាតហ្វូននៅក្នុងដៃមនុស្សសឹងតែគ្រប់គ្នា ហើយទៅណាមកណាក៏ពួកគេរមែងចុចប្រើប្រាស់វា មិនថាសូម្បីតែពេលដើរថ្មើរជើង។ ប៉ុន្តែទម្លាប់មួយនេះ អ្នកគួរតែជៀសវាង ជាពិសេសការទម្លាប់ដើរឱនមុខចុះ ដោយក្រៅពីបង្កផលប៉ះពាល់ដល់ផ្នែករាងកាយ ក៏ពេលខ្លះអាចមានគ្រោះថ្នាក់នៅតាមដងផ្លូវផងដែរ។
៦) បើកបររថយន្តដោយដាក់កែងដៃទៅខាងក្រៅបង្អួច
ការធ្វើបែបនេះ អ្នកខ្លះនិយាយថាចង់កាត់បន្ថយភាពស្ត្រេសឬតានតឹងកំឡុងពេលបើកបរ ប៉ុន្តែអ្នកត្រូវដឹងថា វាក៏បានធ្វើឲ្យកែងដៃនិងស្មារបស់អ្នកមានសភាពមិនស្រួលផងដែរ។
៧) ទម្លាប់ដាក់កាបូបឬរបស់ណាមួយនៅហោប៉ៅក្រោយ
កាបូបលុយគួរទម្លាប់ដាក់នៅហោប៉ៅមុខ ឬដាក់នៅហោប៉ៅក្រោយក៏បាន ប៉ុន្តែមុនអង្គុយចុះត្រូវយកវាចេញ សុំកុំទម្លាប់អង្គុយសង្កត់លើបែបហ្នឹងអី។ ប្រសិនអ្នកមានទម្លាប់មិនល្អបែបហ្នឹងរៀងរាល់ថ្ងៃ យូរៗទៅផ្នែកខួរឆ្អឹងខ្នង និងភ្លៅរបស់អ្នកនឹងមានបញ្ហាជាមិនខាន។
៨) ការអង្គុយគងអន្ទាក់ខ្លារយៈពេលយូរ
ការអង្គុយគងអន្ទាក់ខ្លា រយៈពេលយូរ អាចធ្វើឲ្យអ្នកមានសម្ពាធឈាមកើនឡើងខ្ពស់ កើតជំងឺយឺតសរសៃឈាម និងខូចសរសៃប្រសាទវិញ្ញាណ៕