លក្ខណៈមនុស្សដែលមានភាពចាស់ទុំ គឺអាចសង្កេតបានតាមរយៈបុគ្គលិកលក្ខណៈ កាយវិការ និងការនិយាយស្ដី តែយ៉ាងណាមិញ តាមរយៈការលាក់បាំង៥ចំណុចខាងក្រោមនេះ ក៏អាចបង្ហាញឱ្យដឹងថា អ្នកឈានដល់កម្រិតនៃភាពចាស់ទុំ មានការយល់ដឹងចិត្តគំនិតនឹងនហើយ។
១. លាក់កំហឹង
នៅពេលដែលមនុស្សម្នាក់ ចេះគ្រប់គ្រងលើអារម្មណ៍ គ្រប់គ្រងលើកំហឹង និងចេះលាក់ពេលដែលខឹងមិនចេះបង្ហាញចេញ ឬជះកំហឹងទៅកាន់អ្នកណាផ្ដេសផ្ដាស នោះជាសញ្ញាច្បាស់ណាស់ថា អ្នកជាមនុស្សចាស់ទុំគ្រប់គ្រាន់ហើយ។ អ្វីដែលសំខាន់គឺ មនុស្សដែលមានចរិតចាស់ទុំ គឺមិនចេះខឹង ឬគុំកួនច្រើនទេ ព្រោះគេចេះបែងចែក និងលាក់បាំងនូវកំហឹងបានល្អ។
២. លាក់ពាក្យសម្ដី
សម្ដី មិនមែនឱ្យតែនឹកឃើញចង់និយាយ ក៏និយាយតាមតែចិត្តដោយមិនគិតអ្វីសោះនោះឡើយ។ យ៉ាងណាមិញ មនុស្សដែលចេះដឹងមុននឹងនិយាយស្ដី គឺគេចេះមើលទឹកមុខអ្នកស្ដាប់ និងមើលកាលៈទេសៈ មិនមែនចេះតែនិយាយស្ដីផ្ដេសផ្ដាសតែអារម្មណ៍ទេ។
លើសពីនេះ មនុស្សដែលមានភាពចាស់ទុំពិតប្រាកដ តែងតែចេះលាក់រាល់ពាក្យសម្ដីដែលមិនសមគួរ ឬពាក្យដែលឮពីអ្នកណាផ្សេង យកទៅនិយាយប្រាប់អ្នកណាផ្សេងនោះឡើយ ចំណុចនេះហើយដែលបង្ហាញថា អ្នកចាស់ទុំពិតប្រាកដមែន។
៣. លាក់អារម្មណ៍
អារម្មណ៍វាពិតជាសំខាន់ ប្រសិនបើអ្នកមិនចេះគ្រប់គ្រង ឬលាក់អារម្មណ៍របស់ខ្លួនឯងទេ នោះអ្នកអាចនឹងបញ្ចេញអារម្មណ៍ដែលមិនល្អទៅកាន់មនុស្សក្បែរខ្លួន ហើយវានឹងអាចធ្វើឱ្យអ្នកកើតមានការស្ដាយក្រោយព្រោះតែអារម្មណ៍នេះ។
ដូច្នេះតាមរយៈវ័យដែលវិវត្ត អាយុដែលកើត អ្នកគួរតែផ្តោតសំខាន់លើអារម្មណ៍ ធ្វើខ្លួនឱ្យក្លាយជាមនុស្សដែលមានភាពចាស់ទុំ ត្រូវចេះលាក់ និងគ្រប់គ្រងខ្លួនឯងឱ្យបានល្អ កុំចេះតែបង្ហាញវាចេញទៅខាងក្រៅ ខ្លាចនាំឱ្យមានបញ្ហាព្រោះតែអារម្មណ៍របស់យើង។ លើសពីនេះ ប្រសិនបើអារម្មណ៍យើងមិនល្អ នៅពេលដែលយើងបង្ហាញវាចេញទៅក្រៅ វាក៏ធ្វើឱ្យពិបាក និងប៉ះពាល់ដល់អារម្មណ៍អ្នកក្បែរខ្លួនផងដែរ។
៤. លាក់បញ្ហា
បញ្ហាអ្នកណាក៏មានដែរ មនុស្សគ្រប់រូបអាយុកាន់ច្រើន កាន់តែធំ ជួបបញ្ហាកាន់តែស្មុគស្មាញ។ តែយ៉ាងណាមិញ មនុស្សចាស់ទុំគ្រប់គ្រាន់ គឺមិនចេះបញ្ចេញបញ្ហានៅក្នុងជីវិតឱ្យអ្នកណាបានឃើញងាយៗឡើយ។ ព្រោះថានៅពេលដែលយើងជួបបញ្ហា មានការលំបាក មិនមែនគ្រប់គ្នាសុទ្ធតែបារម្ភ យកចិត្តទុកដាក់ និងខ្វល់ខ្វាយពីយើងនោះទេ។ មនុស្សខ្លះចាំតែសើចចំអក ចាំតែជាន់យើងបន្ថែមតែប៉ុណ្ណោះ។
តែសម្រាប់មនុស្សដែលមានចរិតចាស់ទុំមានបញ្ហាប៉ុនណា ក៏អាចប្រឈមមុខ ដោះស្រាយបានដោយខ្លួនឯង ដោយមិនទៅរំខាន ឬពឹងផ្អែកនាំការលំបាកដល់អ្នកដទៃនោះឡើយ។
៥. លាក់គម្រោងការក្នុងជីវិត
ច្បាស់ណាស់ថា ការងារ ឬគម្រោងនៅក្នុងជីវិតយើងមិនអាចនិយាយ ឬបង្ហាញឱ្យអ្នកណាដឹងច្រើន ឬជាសាធារណៈបានឡើយ។ ដូច្នេះប្រសិនបើអ្នកមានចរិតចាស់ទុំ នោះគម្រោងការងារ ឬគម្រោងនៅក្នុងជីវិតគឺស្ថិតនៅក្នុងការលាក់បាំង មិនអាចបង្ហាញបានឡើយ ហើយមនុស្សតិចបំផុត គឺអាចដឹងពីគម្រោងរបស់អ្នក៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុកសូមរក្សាសិទ្ធិ