អ្នក​ទើប​ទៅ​ជប៉ុន​ថ្មីថ្មោង ធានា​ថា​ដឹង​តែ​ភ្ញាក់ផ្អើល​ពេល​ជួប​រឿង​ ៧ យ៉ាង​នេះ

ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​មាន​របៀប​រៀបរយ និង​ពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ឬ​គំនិត​ច្នៃប្រឌិត​ខ្ពស់។ ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ថ្មីថ្មោង ប្រសិន​មិន​​បាន​ដឹង​មុន​ឲ្យ​ច្បាស់​នោះ​ទេ ពេល​ជួប​រឿង​ខ្លះ​អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល ឬ​ដល់​ថ្នាក់​ភាំង​មិន​ដឹង​ថា​ធ្វើ​អ្វី​ក៏​ថា​បាន។

ក្នុង​ចំណោម​រឿង​សំខាន់ៗ​ជា​ច្រើន យើង​ធ្វើ​ការ​បង្ហាញ​រឿង​ចម្លែក ៧ យ៉ាង​ដែល​អ្នក​មាន​បំណង​ចង់​ទៅ​ប្រទេស​ជប៉ុន​គួរ​យល់​ដឹង​ទុក​ជា​មុន៖

៧) ម៉ាស៊ីន​លក់​របស់របរ

7

ជា​ទូទៅ​នៅ​បណ្តា​ប្រទេស​ទំនើបៗ គេ​មាន​ម៉ាស៊ីន​អេឡិចត្រូនិក​លក់​របស់​តាម​ផ្លូវ ដូច​ជា​ភេសជ្ជៈ​ឬ​នំ​ចំណី​អ្វី​ជា​ដើម។ ប៉ុន្តែ​នៅ​ជប៉ុន​ប្រភេទ​ម៉ាស៊ីន​ទំនើប​ទាំង​នោះ មាន​ទាំង​លក់​ផលិតផល​ផ្សេងៗ សៀវភៅ ឆត្រ ឬ​សូម្បី​ទាំង​ឧបករណ៍​ប្រើប្រាស់​ក្តៅ សាច់​របស់​យុវវ័យ​ (Adult Toys) ថែម​ទៀត។ កំណើន​នៃ​ម៉ាស៊ីន​លក់​របស់របរ​ទាំង​នោះ​កើន​ឡើង​ខ្ទង់​លាន​គ្រឿង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៦) បង្គន់​ទំនើប

6

នៅ​ប្រទេស​ជប៉ុន ការ​ប្រើប្រាស់​បង្គន់​គឺ​កាន់​តែ​ទំនើប​ថែម​ទៀត ដោយ​ជា​ប្រភេទ​បង្គន់​មាន​ប៊ូតុង​មួយ​ចំនួន​ភ្ជាប់​បំពាក់​ក្បែរ​នោះ អាច​ឲ្យ​អ្នក​ធ្វើ​ការ​ចុច​បញ្ជា​សម្រាប់​ការ​បាញ់​ទឹក បិទ​បើក​ចាន​បង្គន់ ឬ​កំណត់​មុខងារ​ប្រើប្រាស់​ផ្សេងៗ​ជា​ច្រើន។

៥) ទម្លាប់​នៃ​ការ​ដាក់​បន្លែ​ចែក​អ្នក​ដទៃ

5

ឃើញ​តុ​ដាក់​បន្លែ​តាំង​មុខ​ផ្ទះ​នៅ​តំបន់​ខ្លះ មិនមែន​គេ​លក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​ទំនៀមទម្លាប់​របស់​ប្រជាជន​ជប៉ុន​នៅ​តាម​តំបន់​ខ្លះ ដែល​រមែង​ធ្វើ​បែប​នេះ ទុក​ដើម្បី​ឲ្យ​អ្នក​ជិតខាង​ឬ​អ្នក​ដើរ​កាត់​អាច​យក​ទៅ​ប្រើប្រាស់​បាន ប៉ុន្តែ​ពួក​គេ​ក៏​ទម្លាប់​យក​មក​សង​វិញ​នៅ​ពេល​ក្រោយ​ដែរ។

៤) ទម្លាប់​ប្រើប្រាស់​កាតាប​ដូចៗ​គ្នា

4

កាតាប​ស្ពាយ​ពី​ក្រោយ​របស់​សិស្សានុសិស្ស​មិន​ថា​ស្រី​ឬ​ប្រុស គឺ​ទម្លាប់​ប្រើប្រាស់​កាតាប​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Randoseru។ សម្រាប់​សិស្ស​ប្រុស​ប្រើប្រាស់​កាតាប​ពណ៌​ទឹក​ប៊ិច​ឬ​រាង​ក្រមៅ និង​សិស្ស​ស្រី​ប្រើប្រាស់​ពណ៌​ក្រហម​ឬ​ផ្កាឈូក ពោល​វា​ជា​ស្តង់ដារ​របស់​ប្រទេស​ជប៉ុន​តែ​ម្តង។ វា​ក៏​មាន​គុណភាព​ខ្ពស់ ដែល​ជាប់​ស្វិត​អាច​ប្រើប្រាស់​បាន​ដល់ ៦ ឆ្នាំ​ឯ​ណោះ។

៣) តាក់ស៊ី​មាន​ទ្វារ​បិទ​បើក​ស្វ័យប្រវត្តិ

3

អ្នក​ដំណើរ​ជា​ច្រើន​ដែល​មក​ដល់​ជប៉ុន​ដំបូងៗ ពេល​ឡើង​តាក់ស៊ី​ប្រាកដ​ជា​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​រថយន្ត​ទាំង​នោះ​មាន​ទ្វារ​ស្វ័យប្រវត្តិ។ ប្រភេទ​ទ្វារ​ស្វ័យប្រវត្តិ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ជប៉ុន​កំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ នៅ​ឆ្នាំ ១៩៦៤ ហើយ​បាន​បន្ត​មក​ទល់​ពេល​បច្ចុប្បន្ន។

២) សិល្បៈ​នៃ​ការ​ដាំ​ស្រូវ

2

សម្រាប់​ដំណាំ​ស្រូវ ប្រជាជន​ជប៉ុន​ក្រៅ​ពី​ធ្វើ​យក​ផល ពួក​គេ​ក៏​តុបតែង​ចេញ​ជា​សិល្បៈ​មួយ​ផង​ដែរ។ ដោយ​នេះ​ជា​វប្បធម៌​មួយ​របស់​ជនជាតិ​ជប៉ុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដោយ​ពួក​គេ​ប្រើប្រាស់​គ្រាប់​ពូជ​ស្រូវ​តាម​ពណ៌​ផ្សេង​ពី​គ្នា ហើយ​បង្កើត​ចេញ​ជា​សិល្បៈរូបភាព​ស្អាតៗ ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង។

១) ចំណត​រថយន្ត​ឆ្លាតវៃ

1

ជប៉ុន​ជា​ប្រទេស​ដែល​មាន​ទំហំ​ដី​តូច តែ​ដោយសារ​ភាព​ឆ្លាតវៃ​របស់​ពួក​គេ ក៏​បាន​បង្កើត​នូវ​សមិទ្ធផល​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ជីវិត​រស់នៅ។ ជាក់ស្តែង​ដូច​ទីតាំង​ចត​រថយន្ត ដែល​ស្ថិត​ក្នុង​ទីក្រុង​ធំៗ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ទំនើប សម្រាប់​បញ្ជូន​រថយន្ត​ណា​មួយ​ទៅ​ខាង​លើ ​ដែល​អាច​ជួយ​សន្សំសំចៃ​ដល់​ការ​ប្រើប្រាស់​ទំហំ​ទីតាំង៕

ប្រភព៖ Zing