នៅឆ្នាំ ២០២០ នេះ មានមនុស្សប្រើប្រាស់ស្មាតហ្វូនដល់ទៅជិត ៣ ពាន់លាននាក់ ប៉ុន្តែក្រៅពីការទទួលបាននូវបច្ចេកវិទ្យាទំនើបៗនិងជួយសម្រាលដល់ការងារប្រចាំថ្ងៃ ទម្លាប់នៃការកាន់ប្រើទូរស័ព្ទទាំងនោះ ក៏អាចបង្ហាញពីបុគ្គលលក្ខណៈរបស់មនុស្សម្នាក់ៗផងដែរ។
តើអ្នកស្ថិតក្នុងប្រភេទលេខប៉ុន្មាន? តាមគេហទំព័រ Brightside អាចបង្ហាញពីចរិតលក្ខណៈរបស់អ្នកបានដូចខាងក្រោម៖
១) ការកាន់ប្រើ ដោយប្រើប្រាស់ដៃម្ខាង
ប្រសិនអ្នកស្ថិតនៅក្នុងប្រភេទទី ១ នេះ អ្នកគឺត្រូវបានរាប់បញ្ចូលថាជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយជាមនុស្សម្នាក់ដែលមិនខ្លាចហានិភ័យ ពោលគឺត្រៀមខ្លួនរួចរាល់សម្រាប់រឿងដែលអាចកើតឡើងនៅពេលខាងមុខ។
បង្វែរទៅក្នុងទំនាក់ទំនងស្នេហាវិញ គឺអ្នកជាមនុស្សម៉ត់ចត់ដែលស៊ូប្រើប្រាស់ពេលវេលាយូរ ដើម្បីសិក្សាពីដៃគូទំនាក់ទំនង មុនធ្វើការសម្រេចចិត្តជ្រើសរើសយកនរណាម្នាក់មកធ្វើជាគូជីវិត។
២) ការកាន់ប្រើ ដោយប្រើដៃម្ខាងមកទប់ និងមេដៃនៃដៃម្ខាងទៀតចុចប្រើប្រាស់
របៀបនៃការកាន់ក្នុងប្រភេទទី ២ នេះ គឺបង្ហាញឲ្យឃើញថា អ្នកជាមនុស្សដែលមានប្រាជ្ញាខ្ពស់ មានវិចារណាញាន ឆ្លាតវៃ និងជាមនុស្សដែលមានហេតុមានផលច្បាស់លាស់។ ក្នុងជំពូកមនុស្សបែបនេះ គឺមិនងាយឲ្យនរណាម្នាក់អាចបោកបញ្ឆោតបានងាយៗឡើយ។
ចំពោះទំនាក់ទំនងស្នេហាគឺផ្ទុយស្រឡះពីគ្នាបន្តិច ដោយអ្នកជាមនុស្សដែលសម្រេចចិត្តលឿន និងមិនសូវគិតញ៉ិមញ៉ុមច្រើនអំពីរឿងស្នេហា ដែលជួនកាលខ្លះទៅក៏អាចបង្កជាហានិភ័យដល់ម្នាក់ម្តងៗដែរ។
៣) ការប្រើដៃទាំងសងខាងចុចប្រើប្រាស់
បើស្ថិតក្នុងប្រភេទទី ៣ នេះវិញ គឺបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តភាពរហ័សរហួន លឿន និងមានប្រសិទ្ធភាពក្នុងការសម្រេចការងារអ្វីមួយ ហើយជាក់ស្តែងទាំងការសម្រេចចិត្តលើរឿងណាមួយក៏អ្នកចូលចិត្តធ្វើភ្លាមៗដែរ។ មួយផ្សេងទៀតគឺអ្នកជាមនុស្សដែលចេះបត់បែនទៅតាមបរិយាកាសនៅជុំវិញខ្លួន។
ប៉ុន្តែចូលដល់ទំនាក់ទំនងស្នេហាគឺមិនសូវមានប្រសិទ្ធភាពដូចរឿងដទៃនោះទេ រហូតដល់ពេលខ្លះអ្នកងាយនឹងបរាជ័យក្នុងការចូលជិតទៅកាន់មនុស្សដែលអ្នកស្រលាញ់ចូលចិត្តក៏មាន។
៤) ប្រើដៃមួយកាន់ទ្រ និងម្រាមដៃចង្អុលនៃដៃទីពីរទៅចុចប្រើប្រាស់
សម្រាប់ប្រភេទចុងក្រោយនេះ សបង្ហាញថាអ្នកជាមនុស្សពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ដោយអ្នកមានគំនិតល្អៗច្រើនក្នុងជីវិត ហើយអ្នកចូលចិត្តធ្វើការងារអ្វីមួយតែឯកឯង មុនបង្កើតចេញជាភាពជោគជ័យអ្វីមួយ។
ប៉ុន្តែក្នុងទំនាក់ទំនងស្នេហា អ្នកជាមនុស្សដែលមានភាពអៀនខ្មាសបន្តិចបន្តួច លុះត្រារហូតដល់ពេលនរណាស្គាល់ពីអ្នកច្បាស់ ទើបពួកគេដឹងថាអ្នកជាមនុស្សអស្ចារ្យកម្រិតណា៕