ហេតុអ្វី ត្រូវមកយកស្រីមេម៉ាយ ដែលលែងប្ដី? មនុស្សគគោក រកមិនបានឬ?

ជាសំណួរដែលមិត្តភក្តិ មនុស្សជុំវិញខ្លួនរបស់ខ្ញុំតែងតែសួរខ្ញុំ ជាពិសេសគឺ សូម្បីតែមនុស្សក្នុងគ្រួសារ សាច់ញាតិបងប្អូន ក៏មិនពេញចិត្តដែរ ... ។ គេថាមនុស្សស្រីមួយគំនរគរជើងគ្នា វាខ្វះស្រីណាស់ទៅអី បានជាមកយកស្រីមេម៉ាយចំណាយមាត់ញាតិ ស្រីដែលលែងប្ដីបែបហ្នឹង? តែគ្រប់យ៉ាងវាជាគំនិត ជាការគិត និងការនិយាយរបស់អ្នកទាំងអស់គ្នា ប៉ុន្តែអ្នកទាំងអស់មិនមែនជាខ្ញុំ ហើយខ្ញុំក៏មិនមែនជាអ្នកទាំងអស់គ្នា ដូច្នេះ ការគិត សម្រេចចិត្តរបស់យើងក៏មិនដូចគ្នាដែរ។ ម្យ៉ាងទៀត ជីវិតគូ វាជាការសម្រេចចិត្តរស់នៅរវាងខ្ញុំ ​និងដៃគូរបស់ខ្ញុំ មិនមែនដើម្បីផ្គាប់តម្រូវចិត្តនរណាម្នាក់ឡើយ ហើយក៏មិនមែនអ្នកទាំងអស់គ្នាមករស់នៅ រ៉ាប់រងលើជីវិតរបស់ពួកខ្ញុំដែរ។

123248059_694240884842911_6747281044083342684_o

- ខ្ញុំសុខចិត្តជ្រើសយកមេម៉ាយ ទោះបីគាត់ត្រូវចំណាយមាត់ញាតិដៀលថា សើចចំអកគាត់ តែវាក៏ល្អជាងដែលខ្ញុំព្រមទៅយកក្រមុំ ដែលខ្ញុំមិនស្រឡាញ់ ដើម្បីផ្គាប់ញាតិមាត់ចោលម្សៀតមួយចំនួន ដែលមួយថ្ងៃៗ ចាំតែពេបជ្រាយ និយាយដើមគេនោះឡើយ។

- ខ្ញុំសុខចិត្តជ្រើសយកស្ត្រីមេម៉ាយ ព្រោះគាត់ល្អ មិនមែនឱ្យតែមេម៉ាយសុទ្ធតែមិនល្អ ទើបលែងប្ដីនោះទេ គាត់លែងប្ដី មិនមែនប្ដីលែងគាត់ទេ។ ម្យ៉ាងទៀត ព្រោះតែប្ដីមុនរបស់គាត់គ្មានសំណាង មិនបានមនុស្សល្អដូចជាគាត់ជាគូមួយជីវិត ដូច្នេះ ខ្ញុំគួរតែក្ដោបឱកាសនេះ ព្រោះគូជីវិតខ្ញុំត្រូវការមនុស្សដែលល្អពិត តាំងចរិត អាកប្បកិរិយា មិនមែនសំដៅលើស្ថានភាពក្រមុំ ឬមេម៉ាយនោះឡើយ។

123330143_697218577878475_7263107104298082715_o

- ខ្ញុំយកមេម៉ាយព្រោះគាត់ល្អ ​ប្រសើរជាងយកក្រមុំខ្លះ ដើរតែលេង ស៊ីផឹក ពួកម៉ាកលិចកើតជើងត្បូង មិនចេះសូម្បីតែដាំបាយនោះទេ។ មិនថាក្រមុំ ឬមេម៉ាយ សុទ្ធតែមានល្អ និងអាក្រក់ដូចគ្នា ចុះបើយើងជួបមនុស្សល្អហើយ មាននិស្ស័យនឹងគាត់ហើយ ហើយយើង និងគាត់ក៏ស្រឡាញ់គ្នា ចុះចាំបាច់អីត្រូវទៅខ្វល់រឿងស្ថានភាព និងអតីតកាលរបស់គាត់? ទោះយ់ាងណា​គាត់ក៏មានឈ្មោះថាជាមេម៉ាយពេញសិទ្ធិ ដែលអាចជ្រើសគូជីវិតថ្មី មិនមែនជាមនុស្សស្រីដែលនៅមានប្ដី ឬមនុស្សស្រីដែលទាក់ទងប្ដីគេ ហើយឆ្លើយថាខ្លួននៅទំនេរនោះឡើយ។

- ខ្ញុំជ្រើសយកមេម៉ាយ ព្រោះខ្ញុំសប្បាយចិត្តនឹងជីវិតដែលមានគាត់ ខ្ញុំពេញចិត្តនឹងជីវិតដែលបានជួបគាត់ ចាប់ផ្ដើមជាមួយគាត់។ ម្យ៉ាងទៀត ក៏អាចនិយាយបានថា ប្រហែលជាទេវតាបានចារវាសនាខ្ញុំ ជាមួយនឹងមនុស្សស្រីដែលធ្លាប់មានប្ដី ហើយលែងលះបែបហ្នឹង ទើបធ្វើឱ្យខ្ញុំមានចិត្ត អាណិតស្រឡាញ់ និងចង់មើលថែគាត់ពេញមួយជីវិតទៅមុខទៀតបែបហ្នឹង។

123136827_694240881509578_3510062443028965545_o

ចុងក្រោយ ខ្ញុំគ្រាន់តែចង់ឱ្យគ្រប់គ្នាដឹងថា ការសម្រេចចិត្តជ្រើសយកគូជីវិតរបស់នរណាម្នាក់ វាជាការសម្រេចចិត្តរបស់បុគ្គល មិនមែនដើម្បីតែហេតុផលឱ្យសមភ្នែកញាតិ ឬផ្គាប់ចិត្តអ្នកដទៃដែលនៅជុំវិញខ្លួននោះឡើយ។ ខ្ញុំជ្រើសយកមនុស្សដែលខ្ញុំស្រឡាញ់ពេញចិត្ត ចង់សាងជីវិតមួយជាមួយគាត់រហូតទៅ មិនមែនដើម្បីរស់នៅតម្រូវចិត្តអ្នកណានោះឡើយ។ មិនថាក្រមុំ ឬមេម៉ាយ សំខាន់ឱ្យតែអាចចំណាយពេលមួយជីវិតរស់នៅជួបជុំគ្នា មានក្ដីសុខសុភមង្គល អាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមក រឹតតែសំខាន់គឺ ចាប់កាន់ដៃគ្នា តស៊ូពុះពារ ព្យាយាមថែរក្សាគ្នាឱ្យបានល្អ នោះហើយទើបជាគូជីវិតពិតប្រាកដ៕

123363171_697218574545142_8850617476545103361_o

123502578_697218551211811_8006485754493894879_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ