សព្វថ្ងៃនេះ ដោយសារតែមិនទុកចិត្តមនុស្សផ្តេសផ្តាស ឬអាចនិយាយថារើសច្រើនពេក និងម្យ៉ាងអាចដោយសារតែជួបនឹងវិបត្តិខកស្នេហ៍រាប់ភ្លេច ធ្វើឱ្យសេសសល់មនុស្សអត់គូគរជើងគរដី ឬហៅឱ្យស្រួលគឺអ្នកអត់លិឍតែម្តង។
ជាធម្មតាមនុស្សអត់លិឍ តែងតែប្រឹងប្រែងលួងលោមខ្លួនឯង កុំឱ្យគេមើលងាយផង និងដើម្បីបន្លប់អារម្មណ៍ឯកាខ្លួនឯងផងដែរ ហើយកុំនិយាយថាអ្នក Single ហ្នឹងអត់ចង់មានគូ ឬស្រលាញ់ជីវិតនៅលីវឱ្យសោះ អ្នកអត់លិឍហ្នឹងញ័រចង់មានស្នេហាជាងអីទៅទៀត គ្រាន់តែរកវាមិនបាន។
ដូច្នេះ តោះ! មកតាមដានចរិតអឿកាយ៉យ ព្យាយាមបោកចិត្តខ្លួនប៉ុន្មានចំណុចរបស់ពួក Single លំដាប់អាជីពទាំងអស់គ្នាដូចខាងក្រោម ៖
១. ម្នាក់ឯងមិនស្លាប់ទេ៖ កាប់ថ្មចំណាំទុកទៅ អ្នកដែលនិយាយពាក្យហ្នឹង កំពុងតែមានអារម្មណ៍សោកសៅ និង Lonely ដល់កម្រិតហើយ ហើយពាក្យហ្នឹងជាពាក្យលួងលោមខ្លួនឯងប្រចាំត្រកូលរបស់អ្នកអត់លិឍនោះទេ។
២. ទ្រឹស្ដីស្នេហាពេញខ្លួន៖ ទ្រឹស្ដីស្នេហាសាហាវជាងអ្នកនិពន្ធទៅទៀត ជាពិសេសថែមទាំងជួយណែនាំ និងផ្តល់យោបល់ល្អៗដល់អ្នកដែលកំពុងតែខូចចិត្តរឿងស្នេហាទៀតណោះ មើលតែខ្លួនឯងមានបទពិសោធន៍ច្រើនណាស់ចឹង តែកុំមើលអ្នកណែនាំគេហ្នឹងបែបមិនដែលស្គាល់ជាតិមានស្នេហាផងមិនដឹង។
៣. ខ្ញុំរើសច្រើនពេក៖ ពេលគេសួរថា «ម៉េចអត់ទាន់មានស្នេហា» អ្នក Single តែងមានលេសសម្រាប់ខ្លួនឯងជានិច្ច ដោយគេតែងតែនិយាយថា « មកពីខ្ញុំជាមនុស្សរើសច្រើន មនុស្សដែលខ្ញុំចង់បានមានចំណុចចេះចំណុចចុះ » តែកុំស្តាប់ ចំណុចដែលអ្នក Single ចង់បាន ភាគច្រើនមិនមាននៅលើលោកទេ ព្រោះ Perfect ខ្លាំងពេក។ ហើយបើមិនចឹងទេ អ្នកណាក៏មិនចេះត្រូវចិត្តដែរ ចង់មានស្នេហាទេ តែរើសម៉ែអារើសហើយ។
៤. ស្នេហាគ្មានអ្វីអស្ចារ្យនោះទេ ៖ ពាក្យនេះជាពាក្យដោះសារកម្រិតកំពូលមួយទៀតហើយ របស់អ្នកអត់លិឍ ដែលច្រើនតែនិយាយពេលគេសួរថា «ពេលណាមានស្នេហា ? » ឬជាពាក្យដែលនិយាយរាល់ពេលស្ថិតនៅចំណោមអ្នកមានគូស្នេហ៍។ ដោយពាក្យនេះជាពាក្យលួងលោមខ្លួនឯង កុំឱ្យខ្មាសគេច្រើនជាងពាក្យពិត។
៥. នៅម្នាក់ឯងល្អជាង ៖ បើនៅម្នាក់ឯងល្អ មិនមែនគ្រប់គ្នាចង់មានគូទេមែនអត់? ការមានគូក្រៅពីផ្តល់អារម្មណ៍សុភមង្គលហើយនោះ មនុស្សម្នាក់នោះអាចនឹងជាមនុស្សដែលរួមសុខរួមទុក្ខជាមួយអ្នក និងជាមនុស្សដែលធ្វើឱ្យអ្នកលែងមានអារម្មណ៍ឯការផងដែរ។ ដូច្នេះអ្នកដែលនិយាយថានៅម្នាក់ឯងល្អជាង នៅម្នាក់ឯងគ្មានអ្នកណាធ្វើឱ្យឈឺចាប់ ជាពាក្យដ៏មហាសែនអឿ សម្រាប់លួងលោមខ្លួនឯងរបស់អ្នក Single នោះទេ។
៦. ស្តេចដ្រាម៉ា ៖ និយាយពីថា បើលេងហ្វេសប៊ុកអីវិញ ផុសម៉ែអាផុស ស៊ែរម៉ែអាស៊ែ ដ្រាម៉ាពេញខ្លួន ពេលខ្លះផុសថាឯកា ពេលខ្លះផុសថាស្រលាញ់ជីវិតរស់នៅម្នាក់ឯង និយាយទៅផុសម៉ែអាផុស បើស៊ែរវិញអូសចុះអូសឡើងឃើញតែមុខម្នាក់ហ្នឹង។ នេះហើយជាចរិតពិតរបស់អ្នក Single មកពីអផ្សុក អត់មានស្នេហាហ្នឹងបានជាមានពេលលេងហ្វេសប៊ុកច្រើននោះ ហើយការស៊ែរ និងផុសហ្នឹង ក៏ជាចំណុចទាមទារចាប់អារម្មណ៍ពីមនុស្សជុំវិញផងដែរ ឱ្យគេដឹងថាខ្លួនកំពុងឯកា ឬអាចជាការបង្ហាញគ្រប់គ្នាថាខ្លួនរឹងប៉ឹង ខ្លួននៅម្នាក់ឯងបាន កុំឱ្យគេខ្មាសគេថាខ្លួនគ្មានស្នេហាហ្នឹងគេ។ តែជឿចុះអ្នកផុសច្រើន ស៊ែច្រើនហ្នឹងគឺជាមនុស្សកំពូលម៉ែឪអាឯកាហើយ។
៧. ជ្រេញអ្នកមានស្នេហា៖ ចរិតអឿមហាអឿរបស់អ្នកអត់លិឍមួយទៀតនោះ គឺពេលឃើញគូស្នេហ៍គេផ្អែមល្ហែម ចូលចិត្តនិយាយ ឬធ្វើចរិតជ្រេញគេណាស់ ថែមទាំងលួចនិយាយក្រោយខ្នងថា « ផ្អែមចឹងបានប៉ុន្មាន? ផ្អែមពេកហើយមិនចេះខ្មាសគេ! ធ្វើមើលតែម៉ាពិភពលោកមានតែ២នាក់ឯងហ្នឹង... » ជឿទៅអ្នកនិយាយហ្នឹងកំពុងតែឯកាខ្លាំង ហើយច្រណែនគេដល់កំពូលហើយ ពោលគឺរមូលពោះចង់មានស្នេហាហ្នឹងតែម្តង៕
រក្សាសិទ្ធ៖ ក្នុងស្រុក