#ពាក្យសម្ដីយើងមួយមាត់_អាចសម្លាប់គេមួយជីវិត
ការនិយាយស្ដី ជារឿងដ៏សំខាន់មួយ ដែលមនុស្សគ្រប់រូបគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតព្រោះពាក្យសម្ដីមួយម៉ាត់អាចកំណត់ជោគវាសនាមនុស្សម្នាក់បាន។ មានន័យថា ពាក្យសម្តីយើងមួយម៉ាត់ អាចធ្វើឱ្យគេក្លាយជាបុគ្គលល្អប្រសើរបាន ហើយក៏អាចធ្វើឱ្យគេក្លាយជាបុគ្គលបាត់បង់អនាគតបានដែរ។
ដូច្នេះ ប្រសិនបើយើងមិនចង់ឃើញនរណាម្នាក់បាត់បង់អនាគត ដោយសារតែពាក្យសម្ដីមួយម៉ាត់របស់យើងទេ សូមកុំព្យាយាមនិយាយអាក្រក់ពីគេ កុំនិយាយវាយប្រហារគេ ហើយកុំទិតៀនគេក្នុងន័យជាន់ពន្លិចរួចលើកខ្លួនឯង។ សូមចាំថា គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃនិយាយអាក្រក់អំពីខ្លួននោះទេ សូម្បីតែយើងខ្លួនឯងក៏ដូចគ្នាដែរ។ បើយើងចង់មានកេរ្តិ៍ឈ្មោះល្អ នោះអ្នកដទៃក៏គេចង់មានកេរ្តិ៍ឈ្មោះល្អដូចយើងដែរ។
មែនទែនទៅ បើយើងហាមាត់និយាយអាក្រក់ពីនរណាម្នាក់ នោះយើងខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ព្រោះមនុស្សល្អមិននិយាយអាក្រក់ឬទិតៀនអ្នកដទៃទេ។ ម្យ៉ាងបើយើងនិយាយអាក្រក់ពីគេ មិនត្រឹមតែគេទេដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ សូម្បីយើងក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ។ មានន័យថា នៅពេលយើងនិយាយអាក្រក់ពីគេ នោះគេច្បាស់ជាខឹងសម្បានឹងយើង គេច្បាស់ជាមានគំនុំគុំកួនយើង ហើយគេច្បាស់ជានិយាយអាក្រក់ពីយើងវិញដូចគ្នា។ ការនិយាយពាក្យឆ្កឹះឆ្កៀល ចាក់ដោត ឈ្នានីស ស៊កសៀតគ្នាទៅវិញទៅមកបែបនេះ គឺគ្មានផលចំណេញទាំងសងខាង។
តើធ្វើដូចម្ដេចដើម្បីចៀសវាងការនិយាយអាក្រក់ពីអ្នកដទៃ?
ជារឿងងាយស្រួលនោះទេ មុននឹងនិយាយដើមគេ ឬនិយាយអាក្រក់ពីនរណាម្នាក់ អ្នកត្រូវសួរខ្លួនឯង៥សំណួរជាមុនសិន៖
១- តើវាចាំបាច់ឬទេ?
២- តើវាចំណេញឬទេ?
៣- តើវាជាការពិតឬទេ?
៤- តើវាប៉ះពាល់ដល់អ្នកដទៃឬទេ?
៥- តើអ្នកបានផលប្រយោជន៍អ្វី?
ប្រសិនបើចម្លើយថា “ទេ” សូមអ្នកកុំនិយាយដើមគេ ពីព្រោះសម្ដីរបស់អ្នកមួយម៉ាត់អាចសម្លាប់ឬអាចបិទផ្លូវគេអស់មួយជីវិត។ ឧទាហរណ៍ថា មីង “ក” មានគំនុំគុំកួនជាមួយនឹងមីង “ខ” ។ មីង “ក” តែងដើរនិយាយប្រាប់អ្នកជិតខាងថាមីង “ខ” ជាមនុស្សឆ្កួតខណៈមីង “ខ” ពុំមែនជាមនុស្សឆ្កួត។ នៅពេលមីង “ក” និយាយប្រាប់អ្នកជិតខាងដូចនេះអ្នកជិតខាងគាត់ចាប់ផ្ដើមនៅឆ្ងាយពីមីង “ខ” ឈប់និយាយស្ដីជាមួយមីង “ខ” ហើយថែមទាំងពេលឃើញមីង “ខ” ដើរកាត់មុខផ្ទះនាំគ្នាទាញរបងឬទ្វារបិទមិនឱ្យចូលផ្ទះ។ ពីមួយថ្ងៃទៅមួយថ្ងៃ មីង “ខ” កាន់តែឯកោទៅៗ។ មិនយូរប៉ុន្មានគាត់ក៏មានវិបត្តិផ្លូវចិត្ត លុះប្រហែល២ទៅ៣ឆ្នាំក្រោយ គាត់ក៏ក្លាយខ្លួនជាមនុស្សឆ្កួតមែនក៏ថាបាន។
ដូច្នេះ ក្នុងនាមជាបុគ្គលសប្បុរស បុគ្គលថ្លៃថ្នូរ គប្បីរៀននិយាយល្អពីគ្នាទៅវិញទៅមក រៀនប្រើមធុរសវាចា ព្រោះបើយើងនិយាយល្អពីនរណាម្នាក់ នោះរាប់ថាយើងខ្លួនឯងល្អជាងគេទៅទៀត។ ផ្ទុយទៅវិញប្រសិនបើអ្នកនិយាយអាក្រក់ពីអ្នកណាម្នាក់ នោះអ្នកខ្លួនឯងនឹងក្លាយជាមនុស្សអាក្រក់ជាងគេទៅទៀត ពីព្រោះសេចក្ដីអាក្រក់របស់អ្នក គឺស្ដែងឡើងតាមរយៈការនិយាយដើមគេនេះឯង៕
#សម្រង់ប្រសាសន៍ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP