ថ្មីៗនេះរឿងរ៉ាវទំនាស់គ្រួសារដ៏ក្តៅគគុកមួយ រហូតធ្វើឱ្យភាគីជាប្តីបានសរសេរលិខិតស្នើសុំអន្តាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជួយដល់ខ្លួន និងកូនប្រុសខ្លួន ដោយលោក អ៊ុក វិចិត្រ បានឱ្យដឹងថាលោក និងកូនប្រុសកំពុងរងនូវវិបត្តិគ្រួសារ ដោយការលែងលះគ្នាជាមួយប្រពន្ធ តែប្រពន្ធរបស់លោកបានប្រគល់ផ្ទះដែលកំពុងរស់នៅឱ្យទៅបងប្អូនទៅវិញធ្វើឱ្យខ្លួនបាត់បង់ទ្រព្យ និងទីជម្រកស្នាក់នៅសព្វថ្ងៃ។
គួរឱ្យដឹងផងដែរថា លោក អ៊ុក វិចិត្រ គឺជាឪពុករបស់កុមារា សាន់វ៉េ ដែលជាកុមារា ធ្លាប់បញ្ចេញសមត្ថភាពតាមទូរទស្សន៍ នូវការចងចាំដ៏អស្ចារ្យ ឈ្មោះប្រធានាធិបតីអារិកទាំង៤៥រូប និងប្រវត្តិរឿងរ៉ាវរបស់ប្រធានាធិបតីអាមេរិកនោះ ។
ដើម្បីជ្រាបច្បាស់សូមអានអត្ថបទទាំងស្រុងដែល ជាលិខិតរបស់ លោក អ៊ុក វិចិត្រ ដែលជាឪពុករបស់កុមារា សាន់វ៉េ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម៖
សម្តេចពុកជាទីគោរពដ៏ខ្ពង់ខ្ពស់
ខ្ញុំបាទឈ្មោះ អ៊ុក វិចិត្រ សព្វថ្ងៃជាគ្រូបង្រៀន និងជានាយកប្រតិបត្តិ កម្មវិធីអភិវឌ្ឍន៍ភាពឆ្លាតវៃរបស់កុមារ ដែលជាកម្មវិធីសិក្សាមួយ បានដាក់អោយកុមារជាង២៥០០នាក់ សិក្សាជុំវិញប្រទេសមុនពេលកូវីតមកដល់។ ខ្ញុំបាទជាឪពុករបស់កូនប្រុស វិចិត្រ គន្ធបញ្ញសិទ្ធិ ឈ្មោះក្រៅហៅថា សាន់វ៉េ ដែលគាត់ត្រូវបានគេស្គាល់ថា ជាកុមារអច្ឆរិយ ដែលមានការចងចាំខ្ពស់ ដូចជាការចងចាំឈ្មោះប្រធានាធិបតីអាមេរិកទាំងអស់ កាលពីជិតមួយឆ្នាំមុន ដែលបានចាក់ផ្សាយតាមកញ្ជក់ទូរទស្សន៍ភីអិនអិន (PNN)។
ជាបឋម ខ្ញុំបាទសូមលើកម្រាមដៃដប់ គោរពជូនពរសព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនដល់សម្តេចពុក នាឪកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ។
ខ្ញុំបាទក៏សូមសម្តែងគារវៈកិច្ច ចំពោះសម្តេចពុក ក៏ដូចជាសុំការយោគយល់អភ័យទោស ពីសម្តេចពុក ដែលខ្ញុំបាទបានរំខានពេលវេលាដ៏មានតំលៃ របស់សម្តេចពុក ត្រឹមតែជារឿងគ្រួសារមួយប៉ុណ្ណោះ។ តែវាពិតជាពិបាកក្នុងការទទួលយកខ្លាំងពេកណាស់ ដោយសារ ខ្ញុំបាទ និងកូនសាន់វ៉េ បានទទួលរងនូវអំពើអយុត្តិធម៌ និងការគៃបំបាត់យកផ្ទះរួម ដោយខ្ញុំស្ទើរតែមិនជឿពីសំណាក់ភរិយា (បច្ចុប្បន្នកំពុងដាក់បណ្តឹងលែងលះ នៅសាលាដំបូងរាជធានីភ្នំពេញ) ជាម្តាយរបស់កូនសាន់វ៉េ និងសាច់ញាតិរបស់គាត់ផ្ទាល់ តាមរយៈប្រព័ន្ធតុលាការ ដែលធ្វើអោយកូនសាន់វ៉េ ត្រូវឃ្លាតឆ្ងាយពីផ្ទះដែលខ្លួនកំពុងរស់នៅ ហើយបានក្លាយជាក្មេងឆេវឆាវ ឆាប់ខឹងខុសពីប្រក្រតី ក្រោយពីមិនអាចត្រលប់ទៅផ្ទះវិញបាន។
ខាងក្រោមជាដំណើររឿងដោយសង្ខេបទាំងមូល៖
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ខ្ញុំបានទទួលពាក្យបណ្ដឹងលែងលះមួយពីសាលាដំបូងរាជធានីភ្នំពេញ។ ភរិយាខ្ញុំ បាននាំកូនទាំងពីរចេញពីផ្ទះ គឺកូនប្រុសឈ្មោះ វិចិត្រ គន្ធបញ្ញសិទ្ធិ ឈ្មោះក្រៅហៅថា សាន់វ៉េ ជាកូនបង អាយុ៧ឆ្នាំ និងកូនប្រុសឈ្មោះ វិចិត្រ គន្ធសិទ្ធិលាភ អាយុ២ឆ្នាំជាង ជាកូនទី២។ មួយសប្តាហ៍ក្រោយមក ដោយសារកូនសាន់វ៉េ យំទារចង់ត្រលប់មកនៅជាមួយខ្ញុំបាទវិញ គាត់ក៏អនុញ្ញតអោយខ្ញុំទៅយកកូនមកវិញ។
ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ខ្ញុំបាទបានដាក់ពាក្យសុំដីកាសម្រេចរក្សារកាពារផ្ទះ ដែលពួកខ្ញុំកំពុងរស់នៅ ហើយដែលផ្ទះនោះ មានឈ្មោះភរិយាខ្ញុំបាទតែម្នាក់ប៉ុណ្ណោះ តែវាជាផ្ទះដែលបានទិញកាលពីឆ្នាំ២០១៦ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរនាក់។
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ពិតជាគួរអោយភ្ញាក់ផ្អើល ដោយខ្ញុំបាទបានទទួលលិខិតគំរាម ពីសំណាក់បងថ្លៃប្រុសស្រីរបស់ខ្ញុំ ឲ្យខ្ញុំរើសម្ភារៈទាំងអស់ចេញពីផ្ទះ ដោយសំអាងថា ភរិយាខ្ញុំបានធ្វើប្រទានកម្ម (អំណោយ) អោយពួកគាត់រួចហើយ។ ដល់ថ្ងៃឱសានុវាទនៃលិខិតគំរាម គាត់អោយមេធាវីម្នាក់សួរខ្ញុំដល់ផ្ទះថាព្រមរើចេញ ឬអត់។ ខ្ញុំបាទមិនព្រមរើចេញ។ មួយថ្ងៃបន្ទាប់ នៅពេលខ្ញុំបាទទៅយកកូនសាន់វ៉េចេញពីរៀន ភរិយារបស់ខ្ញុំបាទ បានមករើខោអាវខ្ញុំ និងកូនចេញពីផ្ទះដោយខ្លួនឯង ហើយចាក់សោរដោយមានរុំត្រាមេធាវីរបស់គាត់ផងដែរ។ ដោយមានការឲ្យយោបល់ ពីសំណាក់បងប្អូន និងមិត្តភក្តិ បានហាមមិនអោយខ្ញុំបាទកាត់សោរចូលផ្ទះវិញ ខ្លាចគេប្តឹងពីបទព្រហ្មទណ្ឌ។ ខ្ញុំបាទ និងកូនក៏សំរេចចិត្តមកសុំស្នាក់នៅផ្ទះប្អូនស្រី ដើម្បីរង់ចាំដំណើរការរឿងក្តីលែងលះ ដែលភរិយាខ្ញុំបាទបានដាក់ពាក្យបណ្តឹង។
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខ្ញុំបាទបានដាក់ពាក្យសុំដីកាសម្រេចរក្សាការពារមួយទៀត ទៅសាលាដំបូង ដើម្បីសុំសិទ្ធិត្រលប់ចូលនៅផ្ទះវិញ។
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ចៅក្រមបានបើកសវនការ ហើយសំរេចបដិសេធពាក្យសុំដីកាសម្រេចរក្សារការពារផ្ទះ និងពាក្យសុំដីការក្សាការពារ ដើម្បីទទួលបានសិទ្ធិចូលនៅផ្ទះវិញ ជាបណ្តោះអាសន្នទាំងពីររបស់ខ្ញុំបាទចោល។ បើតាមព័ត៌មានដែលខ្ញុំទទួលបាន មូលហេតុដែលចៅក្រមសំរេចបដិសេធ ពាក្យសុំដីកាសម្រេចរក្សារការពារផ្ទះ និងពាក្យសុំដីការក្សាការពារ ដើម្បីទទួលបានសិទ្ធិចូលនៅផ្ទះវិញជា បណ្តោះអាសន្ន ទាំងពីររបស់ខ្ញុំបាទចោល គឺដោយសារមានចៅក្រមម្នាក់ ដែលជាសាច់ញាតិខាងគាត់ នៅធ្វើការអន្តរាគមន៍ ពីក្រោយរឿងក្តីរបស់ខ្ញុំ។
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ខ្ញុំបាទបានប្តឹងបន្តនៅសាលាឧទ្ទរណ៍ភ្នំពេញ។ សាលាឧទ្ទរណ៍ភ្នំពេញបានបើកសវនការ រួចកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ហើយសាលដីកា នឹងប្រកាសជាសាធារណៈនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ។ ហើយបើតាមដំណឹង នឹងមានរឿងមានអន្តរាគមន៍ នៅពីក្រោយខ្នងដដែលដូចគ្នា កំពុងកើតឡើងនៅសាលាឧទ្ទរណ៍ភ្នំពេញ ដូចកាលនៅសាលាដំបូង។
ខ្ញុំបាទ និងកូនបានមកសុំស្នាក់នៅជាមួយប្អូនជាងប្រាំមួយខែមកហើយ ថ្ងៃណាក៏កូនសាន់វ៉េ សុំទៅមើលផ្ទះគាត់វិញដែរ ប៉ុន្តែដោយសារខ្ញុំបានប្រាប់គាត់ថា ផ្ទះរបស់គាត់ជាងកំពុងជួសជុល។ ខ្ញុំបាទមិនហ៊ានប្រាប់ការពិតឱ្យកូនដឹង ព្រោះខ្លាចក្រែងថា បើមិនអាចត្រលប់ទៅផ្ទះវិញបានទេ ក្មេងកំពុងតែឆ្លាត កំពុងតែមានការចងចាំដ៏ល្អឥតខ្ចោះ អាចនឹងមានផលប៉ះពាល់ ដល់ការលូតលាស់រទាំងបញ្ញា និងស្មារតីរបស់គាត់ ។
ដូចបានរៀបរាប់ខាងលើ ខ្ញុំបាទសុំសម្តេចពុក មេត្តាពិនិត្យលើសាច់រឿងទាំងមូល និងជួយអន្តរាគមន៍ឱ្យអ្នកកាង នៅពីក្រោយខ្នងរឿងនេះ បញ្ឃប់សកម្មភាពរបស់ខ្លួន ដើម្បីអោយចៅក្រមសម្រេចប្រកប ដោយឆន្ទានុសិទ្ធិបរិសុទ្ធ ដើម្បីអោយខ្ញុំបាទ និងកូនអាចទទួលបានយុត្តិធម៌ពិតប្រាកដផងចុះ។
ដោយសេចក្តីគួរពុំគួរ សូមសម្តេចពុកមេត្តាអនុគ្រោះ
សូមសម្តេចពុក មេត្តាទទួលនូវសេចក្តីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ខ្ញុំបាទ
ពីឪពុករបស់កុមារសាន់វ៉េ
អ៊ុក វិចិត្រ