ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងមានមហាជនសម្តែងក្តីអបអរជាខ្លាំងក្រោយផ្សារទំនើបជប៉ុន អេអនម៉ល បានប្រកាសថានឹងផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ក្នុងការអាប់ត្រលប់ទៅវិញចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២០តទៅ ប៉ុន្តែនៅបន្តទទួល ក្រដាសប្រាក់ដុល្លារ ពីអតិថិជន សម្រាប់ការជាវទំនិញជាធម្មតា។
ការប្រកាសនេះត្រូវបានគេឃើញថាមានបិទរាល់បញ្ជរគិតលុយរបស់ផ្សារទំនើបអេអនម៉លទាំងគ្រប់សាខា ដែលទង្វើនេះអាចនិយាយបានថាជាការចាប់ផ្តើមលើកស្ទួយប្រាក់រៀលខ្មែរឱ្យមានតម្លៃ និងទទួលបានការគាំទ្រឡើងវិញ រួមទាំងរួមចំណែកឱ្យប្រាក់រៀលខ្មែរមានចរាចរណ៍ល្អជាងប្រាក់ដុល្លារបរទេស ហើយផ្សារទំនើបនេះក៏ត្រូវបានគេដឹងថាជាផ្សារទំនើបដំបូងគេ ដែលចាប់ផ្តើមលើកកម្ពស់ប្រាក់រៀលខ្មែរបែបនេះ។
គួរឱ្យដឹងផងដែរថា សម្រាប់ជប៉ុន តែងតែផ្តល់ជំនួយដល់កម្ពុជាគ្រប់រូបភាពដោយគ្មានសំណង ថែមទាំងតែងតែធ្វើការអភិវឌ្ឍន៍ និងវិនិយោគនៅកម្ពុជាគ្រប់វិស័យទៀតផង ហើយអ្វីដែលសំខាន់ជប៉ុនតែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ ប្រាក់រៀលនៅកម្ពុជា តាមរយៈ JICA ការទទួលយកតែប្រាក់រៀល សម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេ ឧបករណ៍ទូទាត់ តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃ ជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេ ក្នុងចំណោមផ្សារទំនើប ទាំងអស់នៅកម្ពុជា ៕