ថ្មីៗនេះ «ភ្នំខ្នងផ្សារ» បានក្លាយទៅជាទីកន្លែងកម្សាន្តបែបធម្មជាតិមួយដ៏ស្រស់បំព្រង និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងតែម្តង។
តែយ៉ាងណាទម្រាំធ្វើដំណើរឡើងទៅដល់ទីកន្លែងដែលមានទេសភាពស្រស់ស្អាតនោះ ត្រូវគេដឹងថាចំណាយពេលវេលាយូរណាស់ ទាំងការជិះរថយន្តទៅដល់ខេត្ត បន្តដំណើរដោយជិះម៉ូតូ ជិះត្រាក់ទ័រ និងថ្មើរជើងបន្តទៀត បើសរុបទៅមិនតិចជាង ៦ ទៅ ៨ម៉ោងឡើយ ព្រោះតែស្ថានភាពផ្លូវមានការលំបាក មិនអំណោយល ពោលគឺជាកន្លែងធម្មជាតិសុទ្ធសាធ។
យ៉ាងណាមិញ ជារឿងមួយដ៏គួរឱ្យរីករាយ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក វ៉ី សំណាង ដែលជាអភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា ខេត្តកំពង់ស្ពឺ កំពុងសិក្សាដើម្បីធ្វើផ្លូវមួយសមរម្យ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរឡើងទៅកម្សាន្តហើយ។
ក្រៅពីមានគម្រោងដោះស្រាយបញ្ហាផ្លូវ ក៏មានគម្រោងធ្វើបន្ទប់ទឹក ឬបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចប្រើប្រាស់ផងដែរ នេះពិតជាដំណឹងដ៏រីករាយខ្លាំងបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តទៅខ្នងផ្សារតែម្តង៕