ភាគតិចណាស់ ដែលម៉ែក្មេក និងកូនប្រសារស្រី ត្រូវដងត្រូវផ្លែ ស៊ីសង្វាក់គ្នានោះ ភាគច្រើនដែលបានឃើញគឺ កូនប្រសារស្រី ច្រើនតែតានតឹង និងសោះកក្រោះជាមួយម្ដាយក្មេក ហើយម្ដាយក្មេកខ្លះ ច្រើនតែទើសចិត្ត ថ្នាក់ចិត្តជាមួយនឹងកូនប្រសារស្រី។
ជាការពិត កូនប្រសារខ្លះ ចរិតបាន ក្អេងក្អាង មិនសូវជាគោរព ម្ដាយក្មេកទេ ក៏មានម្ដាយក្មេកខ្លះ អាងខ្លួនជាម្ដាយ ធ្វើបាបរករឿងឈ្លោះ បញ្ជោះកូនប្រុស ឱ្យឈ្លោះនឹងប្រពន្ធក៏មានដែរ។ ជាក់ស្ដែងក៏មាន ម្ដាយក្មេក មិនពេញចិត្តកូនប្រសារស្រី ព្រោះមានអារម្មណ៍ថា កូនប្រុសលែងស្រឡាញ់ខ្លួនជាម្ដាយ ព្រោះតែគេមានប្រពន្ធឱបជាប់ទ្រូងនេះឯង។
ត្រូវហើយ មនុស្សប្រុសខ្លះ ពេលបានប្រពន្ធ មិនសូវជានឹកនា ដល់អារម្មណ៍របស់ម្ដាយចាស់ ដែលចិត្តច្រើន គិតច្រើននោះទេ តែក៏មានក៏មនុស្សប្រុសខ្លះ តាមតែម៉ែ ស្ដាប់តែសម្ដីម៉ែ មិនខ្វល់ពីប្រពន្ធដែរ។
ក្នុងនាមជាកូនប្រុស ត្រូវឈរឱ្យចំកណ្ដាល មិនថាម្ដាយ ឬប្រពន្ធ ទេ សូមឱ្យក្ដីស្រឡាញ់ ការគោរព ដល់ស្ត្រីទាំងពីរនាក់ឱ្យស្មើៗគ្នា កុំឱ្យម៉ែក្មេក កូនប្រសារស្រី ក្លាយជាសត្រូវនៅក្នុងផ្ទះតែមួយឱ្យសោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ