កាលពីម្សិលមិញថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នេះ មានព័ត៌មានជាច្រើនបានបង្ហោះព្រោងព្រាត តាមរយៈការប្រកាសចេញពីមាត់លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបញ្ជាក់នៅក្នុងការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនបានរកឃើញថ្នាំសម្រាប់ការពារ Covid-19 ហើយ នឹងនាំមកកម្ពុជានៅចុងខែមីនានេះ បានធ្វើឱ្យមហាជនអបអរសាទរ និងរីករាយជាខ្លាំង។
តែគួរឱ្យភ្ញាក់ផ្អើល ថ្ងៃនេះមន្ត្រីរូបនេះបានច្រានចោលព័ត៌មាននៃការដឹកជញ្ជុនវ៉ាក់សាំង Covid-19 ពីចិនមកកម្ពុជា ដោយលោកបានបញ្ជាក់ថាជាកំហុសសារព៏ត៌មានដែលដកស្រង់សម្តីរបស់លោកខុសពីការពីត។
តាមប្រភពពីគណនីហ្វេសប៊ុកជាផ្លូវការរបស់អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះឈ្មោះ Siphan Phay បានឱ្យដឹងផងថា៖ «ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ»។ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា «ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩» តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ»។
ដូច្នេះសូមមហាជនជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំទៀតអី ៕