មនុស្សភាគច្រើនប្រហែលជាគិតថាបុគ្គលិកស្រីៗដែលបម្រើការនៅធនាគារ ដែលមួយថ្ងៃៗឃើញតែតែងខ្លួនស្អាត ស្លៀកពាក់ឯកសណ្ឋានសមរម្យ ងាយស្រួលក្នុងការស្វែងរកដៃគូស្នេហាឬស្វាមីបានរហ័សបំផុត ប៉ុន្តែការគិតបែបនោះគឺមិនត្រឹមត្រូវ ១០០ ភាគរយទេ។
តាមការស្រាវជ្រាវលើស្ថានភាពជាក់ស្តែងភាគច្រើន បុគ្គលិកស្រីៗកំពុងបម្រើនៅធនាគាររមែងតែ Single អាជីពឬមិនងាយបានជួបគូស្នេហ៍ដូចអ្នកបម្រើការលើផ្នែកដទៃទៀតឡើយ។
យោងតាមប្រភពគេហទំព័របរទេសមួយបានចុះផ្សាយថាយ៉ាងហោចណាស់បុគ្គលិកស្រីនៅធនាគារភាគច្រើនរមែងនៅ Single ដល់អាយុខ្ទង់ជិត ៣០ ឆ្នាំក៏មាន ពោលគឺបញ្ហាដែលពួកគេមិនយកគូស្នេហ៍នេះ ក៏ដោយសារភាពនឿយហត់និងស្រ្តេសនៅកន្លែងធ្វើការខ្លាំងពេក ណាមួយមិនមានពេលវេលាពេញលេញសម្រាប់គូស្នេហ៍របស់ខ្លួន ញាំងឲ្យការចង់បានរបស់ភាគីខាងប្រុសក៏មិនសូវត្រូវប៉ាន់ជាមួយអ្នកបម្រើការផ្នែកធនាគារដែរ។
មួយភាគធំនៃបុគ្គលិកបម្រើការនៅធនាគារគឺរមែងចូលផ្ទះយឺតយ៉ាវ ព្រោះទាមទារចំណាយពេលបម្រើការយូរ ៧ ទៅ ៨ ម៉ោងនៅកន្លែងធ្វើការ ហើយឲ្យតែពេលមកដល់ផ្ទះគឺអស់កម្លាំងរលីង រកតែពេលសម្រាកឲ្យបានធូរខ្លួនមួយប៉ុណ្ណោះ ជារួមគឺកម្រនឹងមានពេលក្នុងការណាត់ជួបឬទៅកាហ្វេជូបគូស្នេហ៍អ្វីខ្លាំងណាស់។
តាមការបញ្ជាក់របស់ស្រ្តីវ័យ ២៦ ឆ្នាំបម្រើការនៅធនាគារមួយកន្លែង [មិនបង្ហើបអត្តសញ្ញាណ] និយាយថា៖ "បន្ទាប់ពីធ្វើការហត់ពេញមួយថ្ងៃ មកដល់ផ្ទះខ្ញុំមានតែសម្រាកងូតទឹកនិងបរិភោគអាហារតែប៉ុណ្ណឹង អាលនឹងបានចូលគេងត្រៀមកម្លាំងធ្វើការថ្ងៃស្អែកទៀត ហើយក៏គ្មានពេលទៅណាត់ជួបមិត្តភក្តិឬគូស្នេហ៍អ្វីនោះដែរ និយាយទៅខ្ញុំមិនដឹងថាខ្ញុំអាចមានគូស្នេហ៍ដូចគេឬអត់ទេ បើខ្ញុំនៅតែបន្តអាជីពមួយនេះ"។
នាងបន្តទៀតថា៖ "ម្តាយឪពុកក្មេកភាគច្រើនឲ្យតែលឺកូនប្រសារស្រីធ្វើការធនាគារ គឺមិនសូវពេញចិត្តទេ ព្រោះមួយថ្ងៃៗគិតតែធ្វើការដល់យប់ជ្រៅ ហើយប្រើខួរក្បាលច្រើន ដោយប្រឈមហានិភ័យខ្ពស់ក្នុងរាប់លុយទាំងដុំៗ គ្មានពេលមើលថែផ្ទះសម្បែងឬធ្វើការងារមួយចំនួនក្នុងផ្ទះឡើយ ហើយសូម្បីតែបងប្រុសខ្ញុំផ្ទាល់ក៏និយាយដែរបើយកប្រពន្ធធ្វើការធនាគារសុខចិត្តអត់ល្អជាង"៕
រក្សាសិទ្ធ៖ Knongsrok