មួយរយៈចុងក្រោយនេះ សន្ទុះនៃការផ្ទះជំងឺ កូរ៉ូណា បានសាយភាយខ្លាំង ឆ្លងចូលជាច្រើនប្រទេស និងសម្លាប់មនុស្សអស់ប្រមាណជាង១០០នាក់ហើយ ហើយក្នុងនោះដែរ ក៏មានប្រទេសកម្ពុជាយើងមួយដែរ ដែលមានផ្ទុកមួយករណី លើបុរសវ័យចំណាស់ ជនជាតិចិន ដែលមកពីទីក្រុង វូហាន នៃប្រទេសចិន។
យ៉ាងណាមិញ ជំងឺបានរាតត្បាតពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលនឹងការរឹតបន្ដឹង និងទប់ស្កាត់យ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ កុំឱ្យកើតឡើងខ្លាំងផងនោះ ក្នុងនាមយើងជាប្រជាពលរដ្ឋ ក៏ត្រូវតែចេះទប់ស្កាត់ ការពារ និងអនាម័យដោយខ្លួនឯងឱ្យបានដិតដល់ផងដែរ។ ប៉ុន្តែ ទោះជាជំងឺនេះ រីករាលដាលក៏ពិតមែន ជាក់ស្ដែង យើងត្រូវការពារឱ្យអស់ពីលទ្ធភាព ប៉ុន្តែកុំឆាប់ភ័យស្លបន់ស្លោ បាក់ទឹកចិត្ត ឬក៏ដាក់អារម្មណ៍ខ្លាំង រហូតដល់លែងមានម្ចាស់ការលើខ្លួនឯងខ្លាំងពេក។
ជំងឺនេះវាបានកើតឡើងរួចហើយ តែចំណែកយើង ក៏ត្រូវតែចេះគ្រប់គ្រងលើចិត្ត និងអារម្មណ៍ខ្លួនឯងឱ្យបានល្អ ព្រោះការភ័យស្លន់ស្លោខ្លាំងពេក យើងនឹងមិនអាចធ្វើអ្វីបាន ឬគ្រប់គ្រងលើបញ្ហាដែលកើតមានបានទេ។ ផ្ទុយទៅវិញ វារឹតតែធ្វើឱ្យយើងក្លាយទៅជាជំងឺបាក់ទឹកចិត្ត ចុះចាញ់ ស្មុគស្មាញអារម្មណ៍ បាត់បង់សតិតែប៉ុណ្ណោះ។
ការដែលយើងមិនអាចគ្រប់គ្រង លើចិត្ត និងអារម្មណ៍ខ្លួនឯង វាអាចនឹងបំផ្លាញសតិការគិត និងម្ចាស់ការរបស់ខ្លួនយើង មុននឹងកើតជំងឺនេះទៅទៀត។ ដូចដែលបានឃើញស្រាប់ហើយថា មួយរយៈចុងក្រោយ ដែលកើតមានជំងឺមួយនេះ មានសន្ទុះការជ្រួលច្របល់ក៏ច្រើន អ្នកខ្លះក៏ឆក់ឱកាសរកស៊ី កងចំណេញកប់ក្ដោងពីបញ្ហានេះ ចំណែកអ្នកខ្លះទៀត បានបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិត ធ្វើឱ្យមនុស្សមួយចំនួន កាន់តែភ័យខ្លាចរអា និងស្លោន់ស្លោ ជ្រួលច្របល់កាន់តែខ្លាំងផងដែរ។ ទោះជាយ៉ាងនេះក្ដី ក៏សូមឱ្យបងប្អូនទាំងអស់ កុំទាន់អាលភ័យ ឬបាក់ទឹកចិត្ត ព្រោះវានាំឱ្យយើងបាត់បង់ជំនឿចិត្ត ម្ចាស់ការ និង្មានអារម្មណ៍ធ្វើការរកស៊ីអ្វីហើយ តែសូមកុំភ្លេចប្រុងប្រយ័ត្ន ការពារឱ្យអស់ពីលទ្ធភាពផងណា។
សូមជូនពរ បងប្អូនទាំងអស់ ជួបតែក្ដីសុខ សុខភាពល្អ ចៀសចាកផុតពីទុក្ខ និងរោគកាចសាហាវទាំងពួង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ