ជាធម្មតាទេ មនុស្សយើងតែមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ជាពិសេសគឺមនុស្សល្អៗ មានគំនិតវិជ្ជមាន រមែងមានការរាប់អានច្រើនជាមួយមនុស្សជុំវិញ ហើយមនុស្សល្អៗនេះហើយ ក៏រមែងត្រូវបានគេពឹងពាក់ជាប់ជាហូរហែ ឬអាចនិយាយឱ្យអាក្រក់ស្ដាប់បន្តិចថា ជាមនុស្សដែលត្រូវបានគេប្រើរហូត។ តែដឹងទេថា ហេតុអ្វីបានជាគេចេះតែមកពឹងពាក់ ឬប្រើប្រាស់យើងស្ទើរតែគ្រប់គ្នា គ្រប់ពេលបែបហ្នឹង? ខាងក្រោមនេះ ជាចំណុចត្រួសៗ ដែលជាដើមហេតុនាំឱ្យគេ ចូលចិត្តមកពឹង ឬប្រើយើង ៖
១. ព្រោះតែយើងជាមនុស្សសំខាន់សម្រាប់គេ
ធម្មតាទេ តែយើងសំខាន់សម្រាប់គេ គេក៏តែងតែប្រាប់យើងគ្រប់រឿង នឹកដល់យល់យើងមុនគេ ជាពិសេសគឺ ពេលដែលគេមានទុក្ខ ជួបបញ្ហា គេប្រាកដជាចង់ឱ្យយើងជាមនុស្សម្នាក់ ដែលនៅក្បែរ និងជាកម្លាំងចិត្តឱ្យគេ ចង់ឱ្យយើងជាចំណែកមួយដែលរួមសុខទុក្ខជាមួយនឹងគេ។
២. ព្រោតែយើងមានលទ្ធភាពអាចជួយគេបាន
ព្រោះតែយើងរឹងប៉ឹង និងខ្លាំងគ្រប់គ្រាន់ដែលអាចឱ្យគេមកពឹងពរបាន ព្រោះតែគេគិតថា យើងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដែលអាចឱ្យគេពឹងផ្អែក ឬជួយដោះស្រាយគេហើយ ទើបគេមករកយើងនោះ។
៣. ព្រោះតែយើងមានប្រយោជន៍សម្រាប់គេ
ចំណុចនេះ ស្ដាប់ហើយអាចនឹងឈឺតិចៗ តែបែបឈឺយូរគួរសម ព្រោះតែគេឃើញយើងមានប្រយោជន៍សម្រាប់គេ ទើបគេនឹកនាដល់យើង បានន័យថា គេមករកយើង តែពេលដែលគេត្រូវការយើងប៉ុណ្ណោះ រួចពីហ្នឹង គេលែងរវីរវល់នឹងយើងហើយ ស្រួលមិនស្រួល ធ្វើមិនស្រួលយើងថែមទៀតផង បែបនេះ គេហៅថាយើងថោក អត់តម្លៃសម្រាប់គេទេ។
៤. ព្រោះយើងមានគំនិតល្អៗច្រើន
មនុស្សមានគំនិតវិជ្ជមាន ច្រើនតែជាផ្នែកសំខាន់ ដែលអាចជួយអ្នកដទៃបានច្រើនណាស់ ជាពិសេសគឺ គំនិតល្អៗរបស់គេ ជាការត្រួសត្រាយ ស្រាយផ្លូវ សម្រាប់អ្នកក្បែរខ្លួន ជាពិសេសគឺ មនុស្សដែលកំពុងតែជួបទុក្ខ មានបញ្ហា ប្រាកដជាត្រូវការមនុស្សនេះខ្លាំងបំផុត ដើម្បីជួយតម្រែតម្រូវផ្លូវឱ្យគេ។
៥. ព្រោះយើងជាមនុស្សល្អ ចិត្តទូលាយ
មនុស្សល្អ រមែងមានចិត្តទូលាយ ចូលចិត្តជយយកអាសារអ្នកដទៃ តែងតែជួយគេដោយមិនគិត ឬចង់បានគុណស្រ័យអ្វីឡើយ មនុស្សបែបនេះហើយ ដែលអ្នកជុំវិញខ្លួន ចូលចិត្ត និងចង់បានជំនួយនោះ។
៦. ព្រោះយើងមិនដែលបដិសេធគេ
មានពិតមែន ប្រភេទមនុស្សដែល មិនដែលបដិសេធអ្នកដទៃ រាល់ពេលមានអ្នកមកពឹងគេឱ្យជួយ ជួយបាន ឬមិនបាន ចេះ ឬមិនចេះ ក៏មនុស្សនេះ កម្របដិសេធគេណាស់ យ៉ាងណាក៏ត្រូវតែជួយគេឱ្យអស់ពីចិត្តពីថ្លើម ហើយភាគច្រើនក៏រមែងជួយអ្នកដទៃបានជានិច្ច អាចនិយាយបានថា ជួយគេមិនគិតពីខ្លួនឯង ជួយគេច្រើនជាងជួយខ្លួនឯងទៅទៀត។
ពេលខ្លះ អ្នកដទៃមកពឹងយើង មិនមែនសុទ្ធតែទុកយើងជាកងសឺកួរ ឬគិតឃើញតែប្រយោជន៍នោះឡើយ ជួនកាលយើងជាក្ដីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់គេក៏ថាបានដែរ។ មិនថាគេមកពឹងយើងក្នុងរឿងតិចក្ដី ច្រើនក្ដី តូចក្ដី ធំក្ដី ជួយគេបានក៏ជួយទៅ ហើយមិនត្រូវមានគំនិតគិតថា គេឃើញប្រយោជន៍ ទើបមករកយើងនោះទេ តែត្រូវចាំថា យើងជួយគេតាមលទ្ធភាពដែលយើងមាន ជួយគេដោយភាពរីករាយ និងសប្បាយចិត្ត កុំមានគំនិត គិតអវិជ្ជមាន ទើបយើងមានក្ដីសុខ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ