សព្វថ្ងៃនេះ មានការអប់រំ និងសំណេរជាច្រើននៅលើបណ្តាញសង្គម ឱ្យកូនខ្មែរទាំងអស់ចូលរួមអភិរក្សអក្សរសាស្រ្តខ្មែរ ដោយសារតែសម័យបច្ចុប្បន្ន មានអ្នកលេងបណ្តាញសង្គមមួយចំនួនជាពិសេសយុវវ័យ និយមសរសេរអក្សរអង់គ្លេស និងអក្សរឡាតាំងសំនៀងខ្មែរទៅវិញ ដោយការធ្វើបែបនេះ អាចធ្វើឱ្យកូនខ្មែរមួយចំនួនភ្លើតភ្លើនអាចនឹងបំភ្លេចអក្សរជាតិខ្មែរបាន។
ហេតុនេះហើយ ពេលនេះកំពុងតែមានការផ្ទុះការកោតសរសើរជាខ្លាំង ដោយសារតែមានហាងកាហ្វេមួយកន្លែងបានសរសេរព្យញ្ជនៈ និងស្រៈខ្មែរនៅលើកំប៉ុងកាហ្វេ ដែលនេះអាចឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងចូលរួមថែរក្សាអក្សរជាតិយើង។
ព័ត៌មាន និងរូបភាពនេះត្រូវបានបង្ហោះចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា Van Da បានបង្ហោះរូបកែវកាហ្វេដែលមានព្យញ្ជនៈ និងស្រៈខ្មែរ ដោយបានសរសេរថា៖ « ផឹកច្រេីនកាហ្វេហេីយ ទេីបតែជួបមួយមានព្យញ្ជនៈខ្មែរ❤️️ »។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេដែលមានកែវដាក់ព្យញ្ជនៈ និងស្រៈខ្មែរមួយនេះ ត្រូវបានអ្នកបង្ហោះសារបានរៀបរាប់ថា មានទីតាំងនៅជិតផ្សារធំថ្មី ក្បែរផ្លូវភ្លោះពេទ្យអង្គឌួង។
បើទោះបីជាការធ្វើបែបនេះ មានការគាំទ្រ និងលើកទឹកចិត្តយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនតូចមានគំនិតអវិជ្ជមាននៅក្នុងការផ្តិតព្យញ្ជនៈ និងស្រៈខ្មែរ លើដបកំប៉ុងបែបនេះដែរ ដោយសារតែពួកគេយល់ថារាល់ពេលប្រើប្រាស់កំប៉ុងនេះរួច អាចនឹងយកទៅចោលក្នុងធុងសម្រាម ដែលជាអំពើមើលងាយ និងជាន់ឈ្លីអក្សរខ្មែរទៅវិញ។
តែយ៉ាងណានេះក៏ជាអំពើមួយដែលបានចូលរួមចំណែកលើកស្ទួយអក្សរសាស្រ្តជាតិខ្មែរដែរ ដូច្នេះក្នុងនាមជាកូនខ្មែរគ្រប់រូប កុំភ្លេចចូលរួមថែរក្សា និងការពារអក្សរសាស្រ្តជាតិខ្មែរយើងទាំងអស់គ្នា ដោយរួមគ្នាសរសេរអក្សរជាតិឱ្យបានច្រើនកុះករ៕
ចុះប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?