ភ្នំពេញ៖ លោក សួន រ៉ានីរ៉ាស៊ីនី ហៅក្រៅ ស៊ីនី គឺជាតារាសម្តែងប្រុសកូនកាត់រុស្ស៊ី ដែលមានរូបសម្រស់ស្រស់សង្ហាខ្ពស់ស្រឡះ ថែមទាំងមានភាពល្បីល្បាញនៅក្នុងសិល្បៈមិនធម្មតា តាមរយៈការសម្តែងខ្សែភាពយន្តល្បីៗជាច្រើនរឿង។
ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ និងមានការងារក្នុងជួររាជការយ៉ាងមមាញឹកយ៉ាងណាក៏ដោយ ជារឿយៗបុរសសង្ហាមួយរូបនេះ នៅតែឆ្លៀតប្រឡូកនៅក្នុងការងារសិល្បៈរាល់ពេលទំនេរ និងចូលរួមនៅក្នុងការងារសង្គមសិល្បៈជាច្រើនផងដែរ។ ដោយស្នាដៃសម្តែងរបស់កូនកាត់រុស្ស៊ីមួយរូបនេះមានដូចជា៖ ខ្សែភាពយន្តខ្នាតធំ : ផ្ទះសសរកណ្តាល (Red Picture) ណូលីណូឡា (មហាហង្ស) អន្ទងវិញ្ញាណ (Wonderfilm) ម្ចាស់ព្រៃ (គុជមរកត) កៅអីចុងក្រោយ (មហាហង្ស) តណ្ហា (LD Picture) និងរឿងភាគ គ្មានថ្ងៃបញ្ចប់ (LD) ។
តែអ្វីកាន់តែភ្ញាក់ផ្អើល ស្រាប់តែប៉ុន្មានម៉ោងមុននេះ លោក ស៊ីនី បានបង្ហោះរូបភាព ភ្ជាប់នឹងសារមួយឃ្លាយ៉ាងចាក់ដោតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានឈ្មោះ Prince Syny ក្នុងន័យឈឺឆ្អាលរឿងសិល្បៈខ្មែរដោយបានរៀបរាប់ថា៖ « កន្លែងតាំងពិពណ៌ស្ងាត់ឲ្យឈឹង 😭😭 អត់ឃើញអ្នកពូកែ share ថាស្រឡាញ់វប្បធម៌ទៅអើតអីសោះ »។
ដែលន័យនេះ តាមការរៀបរាប់ដែលលោកស៊ីនី ប្រាប់មកខាង « ក្នុងស្រុក » ការផុសរបស់លោកមិនមែនដើម្បីជាការចង់បានមុខមាត់ ឬចង់ល្បីនោះឡើយ តែលោកគ្រាន់តែមានអារម្មណ៍ថាឆ្ងល់ និងហួសចិត្តចំពោះអ្នកលេងហ្វេសប៊ុកមួយចំនួនរាល់មានព័ត៌មានទាក់ទងនឹងសិល្បៈវប្បធម៌នាំគ្នាស៊ែរគាំទ្រព្រោងព្រាត តែពេលការពិតជាក់ស្តែងមិនសូវជាមានអ្នកមកគាំទ្រចូលរួមដោយផ្ទាល់ឡើយ ដោយសារតែលោកបានចូលរួមកម្មវិធីនេះចំនួន ២ថ្ងៃរួចមកហើយ តែបែរជាមិនសូវមានអ្នកចូលរួមទៅវិញ។ ហើយលោកក៏ចង់សុំ និងសំណូមពរឱ្យកូនខ្មែរ រាល់មានកម្មវិធីសិល្បៈវប្បធម៌ខ្មែរមេត្តាជួយចូលរួមឱ្យបានកុះករ ដើម្បីសម្តែងទឹកចិត្តជាកូនខ្មែរ ស្រលាញ់ធនធានសម្បត្តិវប្បធម៌ខ្មែរពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា ក្រោយការបង្ហោះសារមួយឃ្លាខ្លី តែមានន័យជ្រៅរបស់បុរសសង្ហាកូនកាត់រុស្ស៊ីមួយរូបនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្ររបស់លោកកោតសរសើរជាខ្លាំងចំពោះសកម្មភាពចូលរួមគាំទ្រវប្បធម៌ខ្មែរពិតៗ ជាពិសេសការផុសរបស់លោកបានអន្ទងឱ្យអ្នកគាំទ្រមានចិត្តចូលរួមនាពេលលើកក្រោយៗទៀតផងដែរ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក