ជីវិតរស់នៅសព្វថ្ងៃ ត្រូវតែមានញាតិមិត្ត បងប្អូន រាប់រកគ្នាទើបមិនឯកា តែទោះជាយ៉ាងណាក៏ដោយ ក៏មិនប្រាកដថា ការដែលមានបងប្អូនសុទ្ធតែជារឿងដែលល្អនោះទេ ព្រោះបងប្អូនខ្លះ ល្អនឹងយើងមិនស្មើអ្នកដទៃផង បងប្អូនខ្លះ ចាំតែជាន់ពន្លិច ច្រណែនឈ្នានីស កេងចំណេញ ឆក់ឱកាស ធ្វើបាបយើង សើចចំអកយើង ចង់ឃើញតែយើងវិនាសប៉ុណ្ណោះ គេមិនដែលចង់ឱ្យយើងមានបាន រីកចម្រើនឡើយ។
មានបងប្អុនច្រើនជារឿងល្អ តែបើមានតែបងប្អូនមិនល្អច្រើន វាជារឿងដែលនាំឱ្យយើងមានគ្រោះថ្នាក់ទៅវិញ។ បងប្អូនខ្លះច្រើន គេចេះជួយគ្នា ចេះសន្ដោងគ្នា ជ្រោមជ្រែងគ្នាណាស់ តែបងប្អូនខ្លះទៀត ច្រើនមែនតែអត់ប្រយោជន៍ ដូចគេថា មនុស្សច្រើនបាយខ្លោចមិនខុសទេ មិនដែលចេះជួយគ្នាឡើយ គឺមានតែច្រណែននឹងគ្នា ចាំតែដណ្ដើមទ្រព្យគ្នាតែប៉ុណ្ណោះ គិតតែឈ្លោះ ជេរប្រទេច សើចចំអកឡកលើយឱ្យគ្នា បងប្អូនបែបហ្នឹង មិនបាច់រាប់ មិនបាច់ធ្វើជាបងប្អូនក៏មិនស្លាប់ដែរ។
គ្មានអ្នកណាចង់រស់នៅឯកា គ្មានញាតិសន្ដានបងប្អូននោះឡើយ តែដូចដែលបានប្រាប់អ៊ីចឹងហើយថា បងប្អូនខ្លះ មើលងាយយើងជាងអ្នកដទៃទៅទៀត មិនដែលមានចិត្តស្រឡាញ់ ស្មោះត្រង់ចំពោះគ្នាទេ មិនស្មើនឹងអ្នកខ្លះ គេជាអ្នកដទៃ តែគេល្អនឹងយើង ស្មោះនឹងយើង ចេះជួយយើងណាស់។ ធ្លាប់គិតថា មានបងប្អូនច្រើន ពេលមានកម្មវិធី ឬបុណ្យទានម្ដងៗ ប្រាកដជាសម្បូរសប្បាយ ជួបជុំគ្នា មិនឯកា តែពេលនេះដឹងហើយថា បងប្អូនខ្លះ ល្អតែនៅនឹងមុខយើងទេ គេមិនស្មោះត្រង់នឹងយើងឡើយ សាហាវជាសត្រូវទៅទៀត។
ជាពិសេសគឺ បងប្អូនជីដូនមួយ ជីដូនពីរហ្នឹង ពូកែអាខាងឈ្លោះគ្នា ច្រណែនគ្នា ក៏មានឪពុកម្ដាយខ្លះ ឈ្លោះទាស់ទែងបងប្អូនគាត់ក៏បញ្ជាឱ្យកូនៗធ្វើតាមគាត់ ស្អប់មាស្អប់មីង កុំរាប់រកគ្នា ហើយក៏មានកូនៗខ្លះទៀត កានជើងម៉ែឪទាំងមិនដឹងក្បាលកន្ទុយ ក៏ព្រហើនដាក់មាមីងអ៊ំទៀត ឈ្លោះតែបងប្អូនឯង ច្រណែនតែអាសាច់ឯងហ្នឹង។ អ្នកខ្លះឈ្លោះព្រោះតែដណ្ដើមទ្រព្យ កេរ្តិ៍អាករ របស់ម៉ែឪជីដូនជីតា មានអ្នកខ្លះទៀត ឈ្លោះគ្នាព្រោះតែមុខរបររកស៊ី តែក៏មានអាបងប្អូនខ្លលះទៀត ឈ្លោះគ្នាព្រោះតែអារឿងដណ្ដើមប្រុសទទៀត មិនចេះខ្មាសសត្រូវ មិនខ្មាសអ្នកជុំវិញខ្លួន អត់ចេះមើលបងប្អូនគេ គេស្រឡាញ់គ្នាប៉ុនណាសោះ មិនចេះជួយគ្នា មានតែខាំគ្នាមិនលែង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ