បាត់ដំបង៖ ជារៀងរាល់ឆ្នាំបុណ្យទន្លេ តែងតែត្រូវបានប្រារព្ធឡើងទៅតាមខេត្តដែលនៅជាប់តាមដងទន្លេ និងបឹងទន្លេសាប ឆ្លាស់គ្នាជារៀងរាល់ឆ្នាំ ដែលបុណ្យទន្លេនេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍តាមបណ្តាខេត្តដែលទទួលបន្ទុករៀបចំកម្មវិធីទាំងនេះ ថែមទាំងទទួលបានភាពជោគជ័យ និងគាំទ្រយ៉ាងសម្បើមតាមរយៈការរៀបចំកម្មវិធីនេះ ចំនួន ៤ដងរួចមកហើយ។
ជាក់ស្តែងសម្រាប់ឆ្នាំ ២០២០ ខាងមុខនេះ បុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងខែមីនា ដែលបាត់ដំបងនេះត្រូវបានគេដឹងថាជាខេត្តប្រវត្តិសាស្រ្ត និងសម្បូរទៅដោយសម្បត្តិទេសចរណ៍យ៉ាងច្រើនសម្បើមផងដែរ។
តាមរយៈការរៀបចំបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ត្រូវបានមហាជនជាច្រើនអបអរសាទរ និងរង់ចាំថ្ងៃបុណ្យដ៏ពិសេសនេះនាពេលខាងមុខ ព្រោះមិនត្រឹមតែអាចចូលរួមបុណ្យទន្លេដ៏រីករាយ ថែមទាំងអាចកម្សាន្តសប្បាយនៅក្នុងខេត្តទេសចរណ៍មួយនេះទៀតផង។
គួរឱ្យដឹងផងដែរថា ការរៀបចំពិធីបុណ្យទន្លេនេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិផល និងវប្បធម៌របស់ខ្មែរ ជាពិសេសគឺសក្តានុពលទេសចរណ៍នៅតាមបណ្តាខេត្តជាប់ទន្លេ និងបឹងប្រទេសកម្ពុជាតែម្តង៕