អ្នកទាំងអស់គ្នា ទូទាំងពិភពលោក សូម្បីតែកូនក្មេង ច្បាស់ជាស្គាល់ហេីយ អំពីម៉ាកផលិតផលភេសជ្ជៈ មួយដែលល្បីទូទាំងពិភពលោក គឺ ភេសជ្ជៈកូកាកូឡា តែតេីអ្នកដឹងទេថា កូកាមានប្រភពមកពីណា ហេីយនរណាជាអ្នកផលិត ! តោះមកដឹងទាំងអស់គ្នាដូចខាងក្រោមនេះ។
កូកាកូឡា ដំបូងឡើយ គឺបង្កេីតដោយលោក John S. Pemberton ( ចន ផេមបឺតុន) នៅក្នុងឆ្នាំ ១៨៨៦ ពោលគឺជាង ១០០ ឆ្នាំមកហេីយ តែពេលនោះលោកគ្រាន់តែមានចេតនាចង់បង្កេីតភេសជ្ជៈម្យ៉ាងសម្រាប់លក់នៅតៀមកាហ្វេសម័យនោះតែប៉ុណ្ណោះ ។ ដោយតូបរបស់លោក គឺស្ថិតនៅឯតំបន់អាត្លង់តា សហរដ្ឋអាមេរិកសព្វថ្ងៃនេះឯង ប៉ុន្តែថ្ងៃមួយ មិត្តរបស់លោក John ឈ្មោះថា Frank M. Robinson បានប្រសិទ្ធនាម ឈ្មោះ កូកាកូឡា នេះឯង ។
តែមានរឿងរ៉ាវម្យ៉ាងទៀតក៏បានឱ្យដឹងថា កំណើតកូកាកូឡា ការពិតគឺកើតឡើងដោយសារតែ នៅជំនាន់នោះ លោក John បានរងរបួសដោយសង្គ្រាមស៊ីវិលនៅអាមេរិច ដូច្នេះលោកតែងតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជានិច្ច (ផ្ទុកសារធាតុញៀន) ដើម្បីកាត់បន្ថយភាពឈឺចាប់នៃមុខរបួស។ ហើយដោយសារតែលោកចង់រកវិធីផ្សេងបំបាត់ការឈឺចាប់នោះ លោកបានព្យាយាមបង្កើតអ្វីផ្សេងថ្មីមកជំនួសវិញ ដោយដំបូងលោកបានយកស្លឹកកូកា ដែលមានដើមកំណើតប្រទេសប៉េរូមកទំពារ តែក្រោយមកទៀតបានផលិតស្រាកូកា (Coca Wine) ដែលមានជាតិកូកាអ៊ីនមកទទួលទាន។
ហើយបន្ទាប់មកទៀត លោកមានបំណងចង់បង្កើតអ្វីជាថ្មីម្តងទៀត ដោយមិនឱ្យមានជាតិស្រាវិញ ហេតុនេះហើយបានជាភេសជ្ជៈកូកាកូឡាត្រូវបានប្រសូតឡើងយ៉ាងពេញរូបពេញរាង ដោយសារធាតុផ្សំគោលសំខាន់២យ៉ាង គឺកូកាអ៊ីន (Cocaine) និងគ្រាប់ខូឡា (Kola Nut)។
រហូតក្រោយមក ដោយសារតែមានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញរបស់ភេសជ្ជៈនេះ បានទាក់ទាញអ្នកជំនួញមួយរូប គឺលោក Asa Candler ឱ្យទិញសិទ្ធយកទៅផលិតបន្តនៅក្នុងអំឡុងឆ្នាំ ១៨៨៧ ។ ហើយនៅក្នុងកំឡុងឆ្នាំ ១៨៩៥ ភេសជ្ជៈកូកាកូឡាដំបូងផលិតជាដប ត្រូវបានបង្កើតឡើង ដើម្បីបង្ករឱ្យមានភាពងាយស្រួលនៅក្នុងការកាន់ និងទទួលទាន។
ក្នុងឆ្នាំ ១៩៧៧ CoCa-Cola ត្រូវបានពិភពលោកចុះបញ្ជីជាផ្លូវការគឺ ជាភេសជ្ជៈដែលពិភពលោកទទួលស្គាល់តែម្ដង និងមានការគាំទ្រពីសំណាក់អតិថិជនរាប់ពាន់លាននាក់ជុំវិញពិភពលោក ដែលនេះគឺជាជោគជ័យធំនៅក្នុងឆាកជីវិត លោក John។
អ្វីដែលលោកអ្នកនឹកស្មានមិនដល់នោះ លោក Jonh ត្រូវបានគេដឹងថាបានទទួលមរណភាពនៅកំឡុងឆ្នាំ ១៨៨៨ ស្របពេលដែលលោកទើបតែបានលក់ ភាគហ៊ុនឱ្យក្រុមហ៊ុន Asa Griggs Candler ក្នុងតំលៃត្រឹមតែ 2.300 ដុល្លារ ទើបតែបានប៉ុន្មានប៉ុណ្ណោះ ដោយមូលហេតុនៃការលក់កម្មសិទ្ធនោះ ដោយសារតែលោកមានជំងឺធ្ងន់មិនអាចព្យាបាលជា ជាពិសេសកាលនោះលោកមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារញៀនគ្រឿងញៀនផងដែរ។
បេីតាមរបាយការណ៍ សព្វថ្ងៃ កូកាកូឡា មានអ្នកផឹក ជុំវិញ ពិភពលោកក្នុងមួយថ្ងៃ ប្រហែល 2 ពាន់លានដប ដែលនេះ គឺជាបរិមាណដ៏មហាសាលផងដែរ៕
ដកស្រង់ពី៖ បរទេស / Sad Life