ខេត្តព្រះសីហនុ៖ ថ្មីៗនេះវីដេអូសុំរៀបការមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ព្រោះការសុំរៀបការនេះមានលក្ខណៈប្លែកខ្លាំងមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកាសុំរៀបការ នៅក្រោមបាតសមុទ្រខ្មែរនៅកោះតាងមុនគេបង្អស់នៅកម្ពុជា។
យោងទៅតាមការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកផេក Jakkho Film - ចក្ខុហ្វៀម ការសុំរៀបការនៅបាតសមុទ្រមានការលំបាកខ្លាំងមែនទែន មានទាំងឈ្លក់ទឹកផង ពុលរលកផង និងមានក្រុមការងារជាច្រើនត្រូវរ៉ាប់រងកម្មវិធីដ៏ថ្មីស្រឡាងមួយនេះ ជាពិសេសគឺក្រុមការងារជ្រមុជទឹកកម្ពុជា Khmer Dive តែម្តង។
តាមរយៈវីដេអូដែលបានរៀបរាប់ដោយភាគីខាងប្រុសដែលជាគូស្នេហ៍មានគំនិតរៀបចំកម្មវិធីនេះឡើង បានឱ្យដឹងថា ការមានគំនិតបែបនេះដោយសារតែគុស្នេហ៍របស់លោកជាមនុស្សស្រីពោរពេញទៅដោយមនោសញ្ចេតនាដូច្នេះការរៀបចំកម្មវិធីប្លែកថ្មីបែបនេះអាចឱ្យនារីជាគូស្នេហ៍រំភើបនិងចាំក្នុងចិត្តអស់មួយជិវិត ដោយការជ្រមុជទឹកនេះទៀតសោតគឺជាចំណង់ចំណូលចិត្តរបស់អ្នកទាំង២តែម្តង ថែមទាំងធ្លាប់បានសិក្សារៀនជ្រមុជទឹក២នាក់ផងដែរ។
នៅក្នុងវីដេអូឃើញថាមានការរៀបចំច្រើនមែនទែនទាំងការដេគ័រនៅបាតសមុទ្រ ការរៀបចំទីតាំងពិសេសមានផ្លាកអក្សរ Will You Marry Me? ដែលគ្រាន់តែខាងស្រីហែលទៅបាតសមុទ្រឃើញភ្លាមរំភើបភ្លែត និងយល់ព្រមតាមការសុំរៀបការតែម្តង ដោយមានតាំងការបំពាក់ចិញ្ចៀននៅបាតសមុទ្រ និងការថើបយ៉ាងផ្អែមល្ហែមទៀតផង។ រឹតតែពិសេសនៅពេលយប់អ្នកទាំងពីរថែមទាំងបង្កើតកម្មវិធីផ្អែមល្ហែមរ៉ូមែនទិច ដោយខាងប្រុសបានបង្កើតភាពភ្ញាក់ផ្អើលម្តងទៀតដោយច្រៀងចម្រៀងថ្មីដោយខ្លួនឯងទៅកាន់នារីជាទិស្រលាញ់រហូតខាងស្រីរំភើបញញឹមបិទមាត់មិនជិតព្រោះតែក្តីរំភើប។
គួរឱ្យដឹងផងដែរថាគូស្នេហ៍មួយនេះ មានឈ្មោះថា Raty និង Lin ដែលអ្នកទាំងពីរបានស្រលាញ់ និងមើលចិត្តគ្នារយៈពេល ៥ឆ្នាំហើយទម្រាំមានថ្ងៃនេះ ដោយអ្នកទាំង២នឹងមានគម្រោងចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខផងដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមដោយមានការចូលរួមសហការផលិតវីដេអូ និងកម្មវិធីនេះទាំងស្រុងដោយ ៖
Filming by : Jakkho film
Decoration : Por Event
Diving team : Khmer Dive
Song Composer : YooChhun & Channarith