បើលើកឡើងអំពីរដ្ឋអាឡាស្កា (Alaska ) អ្នកអានគ្រប់រូបប្រាកដជាស្គាល់ច្បាស់ភ្លាមថាជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។ ភាពងាយស្រួល ដល់ការចងចាំរបស់មហាជនទូទៅព្រោះរដ្ឋមួយនេះ មានទីតាំងដាច់តែឯងនៅចុងភាគពាយព្យ ដោយផ្តាច់ចេញពីរដ្ឋផ្សេងៗ ដែលប្រមូលផ្តុំគ្នានៅភាគខាងត្បូងប្រទេសកាណាដា ខណៈរដ្ឋអាឡាស្កា ព័ទ្ធដោយមហាសមុទ្រអាកទិក និងស្ថិតនៅភាគលិចនៃប្រទេសកាណាដា តែឯងនោះ។
រដ្ឋអាឡាស្កា គឺជារដ្ឋធំបង្អស់របស់សរដ្ឋអាមេរិក ដែលមានផ្ទៃក្រឡាសរុប ១ ៧១៧ ៨៥៦គីឡូម៉ែត្រការ៉េ និងត្រូវបានរាប់បញ្ចូលក្នុងរដ្ឋសហព័ន្ធទី៤៩ របស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៥៩។
បើរម្លឹកឡើងទៅអតីតកាល អាឡាស្កា គឺជាដែនដីសូម្បីដោយផ្ទាំងទឹកកក និងភ្នំទឹកកក ខណៈពីបុរាណកាលគឺជាត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថាមានផ្ទៃដៃជាប់នឹងព្រំប្រទល់ប្រទេសរុស្សីសព្វថ្ងៃ មានន័យថាជាផ្លូវសម្រាប់មនុស្សសម័យបុរាណ និងសត្វគ្រប់សព្វយ៉ាងធ្វើដំណើរឆ្លងទៅវិញទៅមករវាងទ្វីបអាមេរិកខាងជើង និងទ្វីបអាស៊ី។ តែរាប់ពានឆ្នាំមក ដោយសារកំណើតនៃនីវូទឹកសមុទ្របានធ្វើឲ្យតំបន់នេះបែកចេញពីគ្នាដូចសព្វថ្ងៃ។
ដែនដីដ៏ធំមួយនេះ ដើមឡើយគឺជាកម្មសិទ្ធិរបស់ចក្រភពហ្សារី (អធិរាជគ្រប់គ្រងទឹកដីរុស្សីសព្វថ្ងៃ) ពោលគឺមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកដូចសព្វថ្ងៃនោះទេ។ អំឡុងពាក់កណ្តាលសតវត្សរិ៍ទី១៩ ចក្រភពរុស្សី ដែលមានជម្លោះជាមួយពួកមហាអំណាចអណានិគមអង់គ្លេស បានធ្វើឲ្យចក្រភពមួយនេះធ្លាក់អន់ថយ ជាពិសេសខ្វះខាតសមត្ថភាពក្នុងការគ្រប់គ្រង ព្រមទាំងតម្រូវការចាយវាយថវិកាក្នុងការធ្វើសង្គ្រាមកើនឡើងផងនោះ បង្កើតបានជាមូលហេតុចម្បង ដែលស្តេចនៃចក្រភពហ្សារី (រុស្សី) ពោលគឺ អធិរាជ Alexander II បានស្នើឲ្យសហរដ្ឋអាមេរិកធ្វើការចរចារទិញយកផ្ទៃដីរបស់ខ្លួនមួយនេះ។
ជារួមទៅ ដំណើរការនៃការចរចារវាស់វែង និងការស្នើសុំទាំងនោះត្រូវបានលេចសញ្ញាណដំបូងតាំងពីឆ្នាំ១៨៥៨ មកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាសង្គ្រាមស៊ីវិលកើតឡើងនៅសហរដ្ឋអាមេរិក បានអូសបន្លាយរហូតដល់ឆ្នាំ១៩៦៧ ទីបំផុត នៅថ្ងៃទី៣០ ខែមីនា ទើបតំណាងទាំងសងខាងបានចុះហត្ថលេខាព្រមព្រៀងគ្នា ដោយសហរដ្ឋអាមេរិកមានលោកប្រធានាធិបតី Andrew Johnson ជាអ្នកស៊ីញ៉េរលើកិច្ចសន្យានៃការទិញនេះផ្ទាល់។ បើលើកឡើងអំពីតម្លៃវិញ គ្រានោះរុស្សីទទួលបានពីសហរដ្ឋអាមេរិក ៧.២លានដុល្លារ (តាមការប៉ានស្មាន ប្រមាណ ១២០លានជាងដុល្លារបច្ចុប្បន្នភាពប៉ុណ្ណោះ)។
ដរាបតមកបច្ចុប្បន្នប្រទេសរុស្សី តែងតែប្រារព្ធពិធីនៃការសោកស្តាយនូវកំហុសរបស់ពួកគេមួយនេះជារៀងរាល់ឆ្នាំ ពោលគឺតែងតែធ្វើនៅថ្ងៃទី៣០ ខែមីនា។ ១៥២ឆ្នាំកន្លងផុតមកហើយក្តី ប្រជាជនរុស្សីនូវតែបន្តជេរស្តីនូវកំហុសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ និងជាពិសេសផ្តោតទៅលើខ្សែស្រឡាយនៃចក្រភពហ្សារី តែម្តង។
បច្ចុប្បន្នភាពរដ្ឋអាឡាស្កា គឺជាកន្លែងប្រមូលផ្តុំដោយធនធានធម្មជាតិ ជាពិសេសលើសម្បត្តិធនធានធម្មជាតិរ៉ែក្រោមដី និងក្រោមសមុទ្រតែម្តង ដែលក្នុងមួយឆ្នាំៗ បានហុចផលឲ្យសហរដ្ឋអាមេរិករាប់លានដុល្លារ ហើយបើគិតចាប់តាំងពីមានការអភិវឌ្ឍបន្ថែមមក ប្រៀបធៀបទៅនឹងលុយដែលបានចំណាយទិញពីរុស្សីនាឆ្នាំ១៨៦៧ មកទល់បច្ចុប្បន្ន សហរដ្ឋអាមេរិក បានចំណេញពីសម្បត្តិធម្មជាតិលើសការចំណាយនោះរាប់ពាន់ដងទៅហើយ៕
ប្រភព៖ Atlas
ក្នុងស្រុករក្សាសិទ្ធ