គ្រីស្តុប កូឡុំ៖ កំពូលអ្នករុករកដ៏អស្ចារ្យដែលជួយបើកផ្លូវឲ្យអឺរ៉ុបស្គាល់ទ្វីបអាមេរិក

ចាប់តាំងពីមុនសតវត្សទិ៍១៥ អឺរ៉ុប និងអាស៊ី តែងតែធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកតាមរយៈមធ្យោបាយដំណើរតាមផ្លូវគោក ឬមួយការធ្វើដំណើរដោយផ្លូវទឹក ពោលគឺត្រូវជិះកាត់មហាសមុទ្រឥណ្ឌា និងត្រូវវាងទ្វីបអាហ្វ្រិកមួយជុំទើបដល់គោលដៅ។ មកដល់សតវត្សទិ៍ទី១៥ បុគ្គលមួយរូបដែលបានសាងឈ្មោះខ្លួនទុកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះគឺ គ្រីស្តុប កូឡុំ (Christonpher Columbus )  ដែលបានធ្វើដំណើរតាមផ្លូវទឹកដោយចៃដន្យរកឃើញនូវបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាមេរិក។

ដើមហេតុបានកើតឡើងដោយសារនាវិក ជនជាតិអ៊ីតាលីខាងលើបានស្វែងយល់ថាពិភពលោកគឺមានរាងមូល ដូច្នេះប្រសិនបើធ្វើដំណើរតាមនាវាត្រង់ចេញពីតំបន់អឺរ៉ុប ឆ្ពោះទៅកាន់ទិសខាងលិច ប្រាកដជាដល់ទ្វីបអាស៊ី ពោលគឺមិនចាំបាច់ធ្វើដំណើរវាងទ្វីបអាហ្រ្វិកដោយប្រើរយៈពេលយូរឡើយ។ ជាការពិតទៅ ការស្វែងរកឃើញទ្វីបអាមេរិកនេះ អាចចាត់ទុកជាភាពចៃដន្យក៏ថាបាន ប៉ុន្តែទាំងនេះគឺជាសមិទ្ធផលដ៏អស្ចារ្យរបស់លោក គ្រីស្តុប កូឡុំ ដែលជាកូនអ្នកត្បាញក្រណាត់រូបនេះ។

កុមារភាពរបស់គាត់ គឺចេះបើកនាវាតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ ដោយសារតែធ្វើដំណើរជាមួយឪពុករបស់គាត់ក្នុងដំណើរលក់ក្រណាត់ត្បាញ។ មុនដល់ការធ្វើដំណើរដ៏អស្ចារ្យខាងលើ រូបគាត់ធ្លាប់បានឆ្លងកាត់ការបើកនាវាយ៉ាងស្ទាត់ជំនាញចាក់ចូលសមុទ្រនានា ក្នុងតំបន់អឺរ៉ុប ហើយក៏ធ្លាប់ធ្វើដំណើរ៣លើកទៅកាន់ទ្វីបអាហ្រ្វិករួចមកហើយ។

ដោយមានគោលគំនិតខុសពីនាវិកដទៃទៀតរឿងដំណើរទៅកាន់ទ្វីបអាស៊ីនោះ ទីបំផុតស្តេចនៃរាជាណាចក្រអេស្ប៉ាញ King Ferdinand II បានផ្តល់សេចក្តីទុកចិត្ត និងប្រគល់នាវាចំនួន៣គ្រឿង ផ្ទុកដោយសហសេវិកចំនួន៩០នាក់ ឲ្យទៅ គ្រីស្តុប កូឡុំ ដើម្បីធ្វើដំណើរក្នុងគោលដៅពាណិជ្ជកម្ម ព្រមទាំងការផ្សព្វផ្សាយសាសនាគ្រឹស្ត ដោលគោលបំណងឆ្ពោះទៅទិសខាងលិចត្រង់តម្រង់ទៅប្រទេសជប៉ុន និងប្រទេស ចិន។

តែចៃដន្យទៅវិញ ក្រោយធ្វើដំណើរលើមហាសមុទ្រអាកទិចប្រមាណ២ខែមក នាវាទាំង៣ ក៏បានធ្វើដំណើរទៅដល់តំបន់ការីបៀន (អាមេរិកកណ្តាល) ទៅវិញ។ ធ្វើដំណើរ លើកដំបូងតាមទិសខាងលិចនេះ ពួកគេបានប្រទះកោះមួយចំនួនដែលសព្វថ្ងៃជាកម្មសិទ្ធិរបស់ប្រទេសហៃទី គុយបា និងសាធារណរដ្ឋដូមីនិក មុនពួកគេត្រឡប់មកវិញ។ ការធ្វើដំណើរលើកទី១ ខាងលើគឺរៀបចំឡើងនៅឆ្នាំ១៤៩២ ដល់ឆ្នាំ១៤៩៣។

មិនយូរប៉ុន្មាន បេសកម្មលើកទី២ ដែលជាដំណើរដ៏ធំមួយបានកើតឡើងបន្ទាប់ពីស្តេចអេស្ប៉ាញ កាន់តែពេញចិត្តចំពោះ គ្រីស្តុប កូឡុំ ដែលបានរកឃើញដែនដីថ្មីរបស់ខ្លួននោះ ពោលលើកនេះ បុរសជនជាតិអ៊ីតាលីខាងលើត្រូវបានដឹកនាំនាវាចំនួន​១៧​គ្រឿង​ ព្រមទាំងមានសហសេវិកដល់ទៅចំនួន១២០០នាក់ ទៅតាមទិសដដែលដូចការលើកទី១។

ពួកគេក៏បានចេញដំណើរក្នុងឆ្នាំ១៤៩៣ និងត្រឡប់មកវិញនៅឆ្នាំ១៤៩៦។ ចូលដល់បេសកម្មលើកទី៣ ពីឆ្នាំ១៤៩៨ ដល់ឆ្នាំ១៥០០ ដោយរួមដំណើរដោយនាវាចំនួន៦ ប៉ុណ្ណោះលើកនេះ ប៉ុន្តែពួកគេបានស្វែងរកឃើញដែនដីថ្មីនៅទ្វីបអាមេរិកខាងត្បូង ដោយរួមមានប្រទេសវេណេហ្ស៊ុយអេឡា... ជាដើម។

ជាចុងក្រោយបង្អស់ គ្រីស្តុប កូឡុំ ដែលមានអាយុ៥០ឆ្នាំទៅហើយ ក៏កាន់ចង្កូតនាវាលែងបានទៀត ក៏បានបន្តបេសកម្មលើកទី៤ ដែលជាបេសកម្មចុងក្រោយក្នុងជីវិតរបស់គាត់ ពីឆ្នាំ១៥០២ ដល់ឆ្នាំ១៥០៤ ហើយទៅលើកនេះពួកគេបានរកឃើញ ប្រទេសបាណាម៉ា ប្រទេសអ៊ីលសាវ៉ាឌ័រ ប្រទេសហុងឌុយរ៉ាស សហរដ្ឋអាមេរិក និងប្រទេសកាណាដាផងដែរ។ គ្រីស្តុប កូឡុំ បានបាត់បង់ជីវិតក្រោយត្រឡប់មកវិញនៅក្នុងឆ្នាំ១៥០៦ ដោយសារតែទម្លាប់នៃការធ្វើដំណើរតាមសមុទ្ររយៈពេលរាប់ឆ្នាំលើផ្ទៃទឹក ធ្វើឲ្យរូបគាត់មានជំងឺសន្លាក់ឆ្អឹង និងបញ្ហាក្រពះពោះវៀន ដែលបរិភោគតែអាហារក្រៀម (អាហារតាមផ្លូវសមុទ្រ ទុករយៈពេលយូរៗ) ។

ការរុករកឃើញដ៏អស្ចារ្យទាំងនេះ គឺជាការបើកផ្លូវឲ្យពិភពលោកបានស្គាល់ទ្វីបអាមេរិកសារជាថ្មី ក្រោយពីត្រូវមនុស្សជាតិភ្លេច និងស្ទើរតែជឿថាពិភពលោកយើងនេះមានតែផ្ទាំងទ្វីបធំៗ ដែលនៅជាប់គ្នារួមមាន អាស៊ី អាហ្រិ្វក និងអឺរ៉ុប តែប៉ុណ្ណោះ។ ការរកឃើញនេះ ក៏ជាសមិទ្ធផលនាំដោយទ្វីបអាមេរិកមានការអភិវឌ្ឍ និងបង្កើតមុខមាត់ទល់បច្ចុប្បន្នភាព ប៉ុន្តែក៏ជាការបើកផ្លូវឲ្យពួកអឺរ៉ុប ចាប់ផ្តើមបោះជំហានអាណានិគមឆ្លងទ្វីបទៅដល់ទឹកដីនោះផងដែរ៕

អ្នក​ប្រែសម្រួលអត្ថបទ៖ Sadlife

ប្រភព៖ eyewitnesstohistory

ក្នុងស្រុករក្សាសិទ្ធ