ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា លោក សុខ ចាន់ផល គឺជាកវីនិពន្ធម្នាក់ដ៏ល្បីល្បាញ ដែលមានស្នាដៃជាច្រើននៅក្នុងការនិពន្ធសៀវភៅប្រលោមលោកល្បីៗដូចជា ស្នេហាសុភាពបុរស ចង្កៀងនិទានរឿងខ្មោច ខែរងា សង្សារ១៤ថ្ងៃ មនោសញ្ចេតនា រួមទាំងសៀវភៅជាច្រើនទៀត ជាពិសេសលោកក៏ជានិពន្ធទំនុកច្រៀងដ៏ល្បីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ពោលគឺបទចម្រៀងនីមួយៗរបស់លោកសុទ្ធសឹងតែទទួលបានភាពល្បីល្បាញខ្លាំងតាមរយៈទំនុកច្រៀងដ៏មានអត្ថន័យ។
ជាក់ស្តែង ថ្មីៗនេះ លោក សុខ ចាន់ផល ស្រាប់តែបានបើកហាងកាហ្វេសៀវភៅតូចមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសម្តែងការអបអរជាខ្លាំងចំពោះលោក តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ ហាងកាហ្វេដែលទើបតែបើកមានឈ្មោះថា Anussavry ត្រូវបានលោក សុខ ចាន់ផល អះអាងថា មិនចាត់ទុកថាជាការរកស៊ីទេ ដោយលោកចង់ឱ្យទីនេះគឺជាទីកន្លែងជួបជុំមិត្តភក្តិចាស់ថ្មី ដោយអាចមកអង្គុយលេង ផឹកតែ ឬកាហ្វេដោយឥតគិតថ្លៃ ហើយអ្វីដែលពិសេសអ្នកនិពន្ធក៏អាចយកសៀវភៅរបស់ខ្លួនមកតាំងបង្ហាញដាក់លក់ក៏បានដែរ។
ដោយក្នុងនោះ លោក សុខ ចាន់ផល បានបង្ហោះរូបភាព និងសារមួយឃ្លាពីបំណងនៃការបើកកាហ្វេមួយនេះយ៉ាងលម្អិតផងដែរថា៖
« ក្រោយពីប្រឹងប្រែងស្វះស្វែងដើរលេងអស់ជាច្រើនឆ្នាំ ឥឡូវនេះសល់ប្រាក់តិចតួច ព្រមទាំងគំនិតខ្លះៗ រួមទាំងតែ និងកាហ្វេ ប៉ុន្មានកញ្ចប់ ត្រឡប់មកបើកហាងកាហ្វេសៀវភៅតូចមួយ ទុកជាអនុស្សាវរីយ៍ ព្រមទាំងដាក់ឈ្មោះថា Anussavry🌿 គ្រាន់ជាទីជួបជុំមិត្តភក្តិចាស់ថ្មីទាំងឡាយ។ ខ្ញុំមិនចាត់ទុកជាការរកស៊ីនោះទេ ពោល អ្នកទាំងអស់គ្នាអាចមកអង្គុយលេង អានសៀវភៅហ្វ្រី និងញ៉ាំតែហ្វ្រី ឬក៏ជជែកពីឆាកជីវិត ពីធម៌អាថ៌ ហើយមិត្តភក្តិណាដែលជាអ្នកនិពន្ធ គឺអាចយកសៀវភៅរបស់ខ្លួនមកលក់នៅទីនេះ ឬក៏មកអង្គុយសរសេររឿងនៅទីនេះបាន បើមិនសាញថា #ក្ដៅ!!! ព្រោះគ្មានម៉ាស៊ីនត្រជាក់ 🥴🥴🥴 ចំពោះម៉ោងបើកហាង គឺថា ៥ថ្ងៃកន្លងមកនេះ ខ្ញុំបើកចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨~៩ យប់ ឬក៏ប្រហែលជាបើកតែពេលណាដែលខ្ញុំទំនេរ ប៉ុន្តែប្រហែលជាផ្លាស់ប្ដូរឱ្យទៀងទាត់នាថ្ងៃក្រោយ។ អរគុណហើយណា ដែលប៉ុន្មានថ្ងៃមកនេះមានមិត្តភក្តិមកលេងជាបន្តបន្ទាប់ ស្របតាមគោលបំណងដែលខ្ញុំបានគ្រោងទុក។ សូមឱ្យអ្នកទាំងអស់គ្នាទទួលបាននូវសុខសន្តិភាពក្នុងជីវិត! »។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេ អនុស្សាវរីយ៍ - Anussavry🌿 មានទីតាំងស្ថិតនៅផ្ទះលេខ 82 Eo ផ្លូវ 244 សង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជាប់វត្តបុទុម) ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 093 482 578 ឬស្វែងរកតាមរយៈផែនទី https://goo.gl/maps/jkXmchU8KEB14pcA9 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Anussavry🌿 / Sok Chanphal/ Funta Tommy