មានជួបតែងមានបែកជារឿងធម្មតា តែបែករាប់ឆ្នាំហើយ តែអាចត្រឡប់មកជួបគ្នាវិញ ទើបជារឿងដ៏អស្ចារ្យ មានគូស្នេហ៍តិចណាស់ ដែលបែកហើយអាចមកជួបគ្នាវិញ អាចសាងជីវិតគូជាមួយគ្នាវិញ ក៏មានអ្នកខ្លះ បែកមានគ្រួសារផ្សេងគ្នាហើយ បែរជាអាចត្រឡប់មកជួបគ្នា ពិតជារឿងដែលមិនអាចស្មានដល់ឡើយ។
មានអ្នកខ្លះនិយាយថា តែបែក គឺបែកហើយ គ្មានឡើយត្រឡប់មកជួបគ្នាវិញ គឺវាមិនអាច កុំថាឡើយឱ្យជួបគ្នាជាគូនឹងគ្នា សូម្បីតែជាមិត្តក៏ធ្វើមិនបានផង។ តែវាជាការពិត ក៏មានច្រើននាក់ ច្រើនគូហើយដែរ ដែលអាចវិលមកជួបគ្នាវិញ មានអ្នកខ្លះ ដ្បិតថា មិនអាចជួបជាគូ តែអាចជួបជាមិត្តដ៏ល្អបំផុតក្នុងជីវិតគេ។
ជឿទៅ មិនថាស្នេហា ឬមិត្តភាពនោះទេ គឺសុទ្ធតែអាចត្រឡប់មកជួបគ្នាវិញបានជានិច្ច ដរាបណានៅតែមាននិស្ស័យ ដរាបណាចិត្តអ្នកនៅតែស្រឡាញ់ នៅែតព្រមរង់ចាំមនុស្សដែលសំខាន់បំផុតក្នុងជីវិតអ្នក។
ពេលខ្លះ វាជារឿងដែលមិនអាចប្រកែកបានឡើយនូវពាក្យថា " ទោះជាយ៉ាងណា ក៏អ្នកចាស់នៅតែសំខាន់ " ពិតណាស់ ពេលខ្លះ អ្នកចាស់ល្អ គឺពិតជាល្អពិតមែន ល្អរហូតដល់យើងមិនអាចរកអ្នកណាមកជំនួសអ្នកចាស់របស់យើងបាន រហូតដល់យើងព្រមរង់ចាំគេ ចាំរហូតដល់អាចជួបគ្នាវិញ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ