ពោត គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលអាចយកមកទទួលទានច្នៃជាម្ហូបអាហារ ជាគ្រឿងបង្អែមចម្អាប ឬអាចស្ងោរទទួលទានស្រស់ៗក៏បាន ជាពិសេសគឺមានធាតុផ្សំជាច្រើនមុខ អាចជំនួយសុខភាពបានច្រើនយ៉ាង ថែមទាំងអាចជួយដល់សុខភាពស្បែកបានផងដែរ តាមរយៈការយកមកប្រើប្រាស់ជាគ្រឿងផ្សំលាបមុខតាមរបៀបងាយៗ។
តោះ! មករៀនធ្វើម៉ាសឱ្យមុខស្អាតដូចខាងក្រោម
# វិធីធ្វើម៉ាស់ពីពោត
-វិធីងាយៗ អ្នកគ្រាន់តែកិន ឬក្រឡុកពោតស្រស់ៗឱ្យហ្មត់ រួចលាយជាមួយនឹងទឹកដោះគោជូរក៏បាន ឬទឹកឃ្មុំក៏បានក្នុងបរិមាណសមល្មម រួចកូរចូលគ្នាឱ្យសព្វ។
-បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាត សឹមយកល្បាយម៉ាស់ពោតមកលាបឱ្យសព្វមុខទុកចោលរយៈពេល ១៥នាទី ចាំលាងមុខចេញនឹងទឹកត្រជាក់ជាការស្រេច។
ចំណាំ៖ នៅក្នុងនោះអ្នកអាចកិន ឬក្រឡុកពោតស្រស់ៗមកលាបលើផ្ទៃមុខ ដោយមិនបាច់លាយអ្វីទាំងអស់ក៏បាន បើពិបាករកគ្រឿងផ្សំ។
# គុណប្រយោជន៍នៃម៉ាស់ពោត
១. ជំនួយស្បែកមុខដែលមានពណ៌មិនស៊ីគ្នា
ការប្រើម៉ាស់ពោត រួមទាំងការទទួលទានពោត និងអាចរកប្រេងពោតមកម៉ាស្សាជាប្រចាំបន្ថែម អាចជួយធ្វើឱ្យផ្ទៃមុខប្រែជាភ្លឺ រលោង ស្រស់ស្អាត ថែមទាំងអាចព្យាបាលបញ្ហាស្បែកមុខមានពណ៌មិនស៊ីគ្នា ដែលកើតឡើងពីជំងឺស្បែកផ្សេងៗដូចជាជំងឺអុតជាដើម។
២. ការពារ និងកម្ចាត់ស្នាមមុន
មិនថាស្នាមមុន និងស្នាមអុតផ្សេងៗនោះទេ ការប្រើម៉ាស់ពោតជាប្រចាំពិតជាអាចជួយព្យាបាលបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែពោតមានផ្ទុកនូវជាតិវីតាមីន E ជាច្រើនដែលអាចកែខៃបញ្ហាស្បែកនេះបាន។
៣. ការពារស្បែក និងធ្វើឱ្យស្បែកមានសុខភាពល្អ
សារធាតុ Beta-Carotene វីតាមីន C និង លីកូប៉ែន (Lycopene) នៅក្នុងពោត បានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយរារាំងរ៉ាឌីកាល់សេរី និងមេរោគផ្សេងៗដែលបង្កបញ្ហាដល់ស្បែកបាន ថែមទាំងជួយបន្ថែមជាតិខូឡែជែនដល់ស្បែកផងដែរ។ ដូច្នេះការប្រើប្រាស់ម៉ាស់ពោតជួយឱ្យស្បែករបស់អ្នកមានសុខភាពល្អ ភ្លឺថ្លា ក្មេងជាងវ័យ និងបំបាត់ភាពយារធ្លាក់ ឬភាពជ្រីវជ្រួញបានយ៉ាងល្អ។
៤. ព្យាបាលបញ្ហាកន្ទួល និងរមាស់ស្បែក
ការប្រើប្រាស់ម៉ាស់ពោត អាចជួយកាត់បន្ថយ និងព្យាបាលបញ្ហាស្បែកឡើងកន្ទួល និងរមាស់បាន ដូច្នេះហើយបានជាមានគ្រឿងសម្អាងភាគច្រើនសុទ្ធតែមានផ្សំដោយម្សៅពោត ព្រោះវាអាចជួយការពារបញ្ហាស្បែកមុខកន្ទួល ឬប្រតិកម្មបានយ៉ាងមានប្រសិទ្ធភាព។
៥. ពន្យារភាពចាស់
ប្រើម៉ាស់ពោត និងការទទួលទានពោតបន្ថែមនោះ អាចជួយធ្វើឱ្យសម្រស់ស្បែករបស់អ្នកនៅស្រស់ស្អាតក្មេងជាងវ័យ នោះក៏ដោយសារតែសារធាតុប្រឆាំងអុកស៊ីតនៅក្នុងផ្លែពោត មានប្រយោជន៍ក្នុងការថែសម្រស់បានល្អ ថែមទាំងពន្យារភាពចាស់នៃស្បែក និងការពារភាពជ្រីវជ្រួញផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក