ការរាប់អានមនុស្សថ្វីត្បិតតែមិនអាចមើលចិត្តគេធ្លុះមែន តែយើងអាចសម្គាល់មើលមនុស្សតាមរយៈទង្វើគេបាន ជាពិសេសគឺនៅពេលដែលយើងជួបការលំបាក ព្រោះមិត្តពិតនឹងមិនចោលគ្នាពេលមានទុក្ខឡើយ គេនឹងព្យាយាមជួយយើងដោយស្មោះអស់ពីចិត្ត និងមិនត្រួវការការតបស្នងឡើយ។ ក្នុងជីវិតនេះ បើអ្នកអាចជួបមនុស្សម្នាក់ក្នុងចំណោម ៤ នាក់នេះ នោះមានន័យថាអ្នកជាមនុស្សមានសំណាងបំផុត៖
១.មនុស្សដែលជួយអ្នក៖ ក្នុងជីវិតនេះ តែងតែមានមនុស្សដែលឈរមើលអ្នកជួបការលំបាក និងនិយាយពាក្យដែលធ្វើឲ្យអ្នកឈឺចាប់។ អ្នកដែលជួយអ្នកមិនមែនដោយសារគេមានលុយច្រើនចាយមិនអស់នោះទេ ប៉ុន្តែដោយសារគេសុខចិត្តចំណាយប្រាក់ និងពេលវេលាសម្រាប់អ្នកព្រោះតែគេមានចិត្តមេត្តា។ អ្នកដែលជួយអ្នកមិនមានចេតនាមកលើអ្នកក្រៅតែពីជូនពរឱ្យអ្នកឱ្យជួបតែរឿងល្អនោះទេ។ បុគ្គលដែលស្មគ្រ័ចិត្តជួយពេលអ្នកត្រូវការ ពួកគាត់គឺជាមនុស្សល្អខ្លាំងណាស់ ហើយសក្តិសមក្នុងការរាប់អានជាមនុស្សស្និទ្ធស្នាល។
២.គូប្រជែង៖ វាអាចស្តាប់ទៅមិនសមហេតុផល ប៉ុន្តែវាជាការពិតដែលថាការស្វែងរកគូប្រជែងដែលសក្តិសមក្នុងជីវិតគឺជារឿងដ៏រីករាយមួយ។ អ្នកប្រឆាំងនឹងយើងមិនមានន័យថាសត្រូវទេ ហើយមិនមានន័យថាពួកគេត្រូវតែប្រកួតប្រជែងជាមួយយើងរហូតនោះទេ ព្រោះមនុស្សដែលយល់ពីយើងជាងគេ គឺជាគូបដិបក្ខរបស់យើងនេះហើយ។
៣.មនុស្សដែលនិយាយត្រង់ និងនិយាយការពិត៖ មនុស្សជាច្រើនមិនចូលចិត្តស្តាប់ពាក្យត្រង់ៗ ជាពិសេសនៅពេលដែលពាក្យទាំងនោះប៉ះនឹងអារម្មណ៍ពិតរបស់ពួកគេ។ អ្វីដែលគេនិយាយប្រហែលជាមិនគួរតែអោយចង់ស្តាប់ទេ ប៉ុន្តែវាជាការព្រមាន។ ប៉ុន្តែមានពាក្យមួយឃ្លាពោលថា «ថ្នាំល្វីងព្យាបាលជំងឺ ត្បិតតែពិបាកលេបតែអាចសង្គ្រោះជីវិតណាស់» ។ បើគ្មានពាក្យល្វីងជូរចត់អ្នកនឹងមិនភ្ញាក់រលឹកទេ សព្វថ្ងៃនេះ វាមិនងាយស្រួលទេក្នុងការស្វែងរកមនុស្សដែលមិនខ្លាចការប្រមាថ ប៉ុន្តែហ៊ាននិយាយដោយស្មោះត្រង់ និងផ្តល់យោបល់។ មនុស្សសម័យទំនើបត្រូវតែរស់នៅដោយឈ្លាសវៃ និងស្គាល់ពីខ្លួនឯងច្បាស់។
៤.មិត្តយល់ចិត្ត៖ ពេលជួបមិត្តល្អ ស្រាមួយពាន់កែវមានតិច តែបើពាក្យមិនពេញចិត្ត សូម្បីតែកន្លះប្រយោគក៏យល់ថាច្រើនដែរ។ នៅក្នុងជីវិត ការមានមិត្តរួមព្រលឹងដែលអាចមើលឃើញតាមរយៈបេះដូងរបស់អ្នក គឺជាសេចក្តីរីករាយដ៏អស្ចារ្យបំផុត។ ក្នុងពិភពលោកដ៏អ៊ូអរនេះ ការមានមិត្តភ័ក្ដិដើម្បីចែករំលែកគឺជារឿងដ៏កម្រ និងវិសេសវិសាលណាស់៕