មនុស្សម្នាក់ៗប្រាកដជាមិនសូវជាខ្វល់ខ្វាយនោះទេថានឹងមានរឿងអ្វីដែលប្រុងនឹងកើតឡើងនៅពេលអនាគត ប៉ុន្តែក្នុងជីវិតយើងនេះគឺមានឧបសគ្គ និងបញ្ហាជាច្រើនដែលយើងត្រូវប្រឈមមុខដោះស្រាយ ហើយក្នុងនោះក៏មានបង្កប់នូវសត្រូវធំទាំង៣ដែលយើងត្រូវតែកំចាត់ចោលកុំបីខាន ដើម្បីអាចថែរក្សាសេចក្តីសុខនៅក្នុងជីវិត និងអាចនាំមកនូវសុភមង្គលមកកាន់ខ្លួនឯង៖
១.ពេលបរាជ័យត្រូវតែស្ងប់ចិត្ត៖ ជីវិតមិនតែងតែមានពណ៌ស្រស់ស្អាត មេឃក៏មិនតែងតែមានពណ៌ខៀវរហូតដែរ ហើយជីវិតរបស់យើងក៏មិនតែងតែពោរពេញដោយភាពសប្បាយរីករាយដូចគ្នា។ ក្រៅពីជោគជ័យ វាតែងតែមានហានិភ័យជាច្រើនដែលអាចនាំទៅដល់ការបរាជ័យ។ ដូច្នេះតើអ្នកយល់ច្បាស់ថាអ្វីជាការបរាជ័យដែររឺទេ? មនុស្សដែលបរាជ័យនៅពេលចាប់ផ្តើមការងារ ពេលពួកគេគិតអំពីបញ្ហា ពួកគេខ្លាចថាពួកគេមិនអាចធ្វើបាន។ នេះជាការគិតសំខាន់របស់មនុស្សដែលចូលចិត្តសុវត្ថិភាព ពួកគេចង់បានជីវិតសុខសាន្ត គ្មានការបែកបាក់ តែងតែមានស្មារតីភ័យខ្លាច ហើយមិនហ៊ានធ្វើ ព្រោះមនុស្សស្ទើរតែគ្រប់គ្នាប្រាថ្នាចង់បានតែលទ្ធផលល្អមួយមុខគត់។ ប៉ុន្តែគេមិនយល់ថា ការនៅទំនេរយូរពេកនឹងធ្វើឲ្យមនុស្សបាត់បងសមត្ថភាព។ សូមអ្នកចងចាំថាភាពលំបាកនាំឱ្យយើងចេះតស៊ូ និងជម្នះការលំបាកដោយពឹងលើខ្លួនឯង។ ដូច្នេះហើយ មនុស្សគប្បីបង្ហាត់ខ្លួនឯងឱ្យមានភាពក្លាហានហ៊ានប្រឈមមុខនឹងទុក្ខសោក និងការបរាជ័យ ជាជាងដេកចាំតែភ័យខ្លាច។
២.ភាពខ្ជះខ្ជាយ៖ ការចំណាយខ្ជះខ្ជាយនឹងបំផ្លាញជីវិតមនុស្សទាំងស្រុង ព្រោះទង្វើបែបនេះនឹងកកើតក្លាយទៅជាទម្លាប់អាក្រក់ប្រចាំខ្លួន ដែលមិនអាចស្រោចស្រង់ឡើងវិញបាន។ មានតែមនុស្សដែលចេះបែងចែក និងចាត់ចែងហិរញ្ញវត្ថុតែប៉ុណ្ណោះដែលអាចរស់នៅប្រកបដោយជីវិតមានស្ថេរភាព និងសុវត្ថិភាព។
៣.ចរិតក្រអឺតក្រទម៖ មនុស្សម្នាក់ទទួលរងការខាតបង់នៅពេលដែលខ្លួនមានចិត្តក្រអឺតក្រទម និងរអ៊ូរទាំច្រើន ព្រោះវានឹងធ្វើអោយអ្នកដទៃមានចិត្តស្អប់មកកាន់ខ្លួន។ មនុស្សក្រអឺតក្រទមនឹងបាត់បង់ការរីកចំរើនរបស់ខ្លួន ព្រោះតែងតែមានផ្នត់គំនិតថាខ្លួនធ្វើអ្វីក៏ល្អជាងគេ ហើយគ្មានអ្នកណាល្អជាងខ្លួន។ ប្រភេទមនុស្សបែបនេះនឹងគ្មានអ្នកណាម្នាក់ទ្រាំនៅជិតបានទេ៕