ដើម្បីមានជីវិតសេរី និងសុខស្រួល ស្ត្រីត្រូវរៀនឯករាជ្យ កុំរំពឹងលើបុរសក្នុងរឿងទាំង ៥ យ៉ាងនេះ។ ក្នុងសង្គមសម័យទំនើប មនុស្សស្រីកាន់តែមានភាពឯករាជ្យ និងរឹងមាំ
លែងពឹងលើបុរសក្បែរខ្លួន ទើបមានជីវិតរីករាយ និងមានន័យ។ ទោះយ៉ាងណាក៏ដោយ មានទិដ្ឋភាពមួយចំនួនដែលស្ត្រីជាច្រើននៅតែងាយនឹងពឹងផ្អែកលើបុរស។
១) ផ្នែកហិរញ្ញវត្ថុ៖ ចំណុចសំខាន់បំផុតមួយដែលស្ត្រីមិនគួរពឹងផ្អែកលើបុរស គឺផ្នែកហិរញ្ញវត្ថុ។ ការរកលុយ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន នឹងជួយស្ត្រីមានសេរីភាព និងឯករាជ្យក្នុងជីវិត។ នៅពេលដែលអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ អ្នកនឹងមិនចាំបាច់ខ្វល់ខ្វាយពីការពឹងផ្អែកលើអ្នកដទៃ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនោះឡើយ។ ជាងនេះទៅទៀត ប្រសិនបើអ្នកមិនអាចថែរក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកបានទេ អ្នកប្រហែលជាមានអារម្មណ៍អសន្តិសុខ និងងាយនឹងត្រូវគេត្រួតត្រាគ្រប់គ្រងណាស់។ ដូច្នេះហើយ ត្រូវព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ច ស្វែងរកឱកាសការងារ និងកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ខ្លួនអ្នក។
២) ផ្នែកអារម្មណ៍៖ ស្ត្រីតែងតែងាយទទួលឥទ្ធិពលពីអារម្មណ៍ ហើយពេលខ្លះយើងងាយពឹងលើបុរសខាងផ្លូវចិត្តជាខ្លាំង។ ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចនាំសុភមង្គលដល់អ្នកជារៀងរហូតក្រៅពីខ្លួនអ្នកនោះឡើយ។ រៀនស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះខ្លួនឯង មុននឹងរំពឹងពីអ្នកដទៃ។ កុំបណ្តោយឱ្យអារម្មណ៍ ឬក្ដីស្រឡាញ់របស់អ្នកត្រូវបានគ្របដណ្ដប់ដោយអាកប្បកិរិយា ឬអារម្មណ៍របស់អ្នកដទៃ។ នៅពេលអ្នកដឹងពីរបៀបរក្សាតុល្យភាពអារម្មណ៍របស់អ្នក អ្នកនឹងមិនឈឺចាប់ខ្លាំងពេលជួបស្ថានភាពដែលមិនចង់បានក្នុងទំនាក់ទំនង។
៣) សេរីភាពផ្ទាល់ខ្លួន៖ ស្ត្រីត្រូវរក្សាសេរីភាពផ្ទាល់ខ្លួន រួមទាំងសិទ្ធិធ្វើអ្វីដែលអ្នកចង់បាន ឃើញមិត្តភ័ក្តិ និងបន្តចំណង់ចំណូលចិត្ត។ កុំអនុញ្ញាតឱ្យបុរសក្នុងជីវិតរបស់អ្នកគ្រប់គ្រងអ្នក ឬដាក់កម្រិតលើសេរីភាពផ្ទាល់ខ្លួនរបស់អ្នកឱ្យសោះ។ ទំនាក់ទំនងដែលមានសុខភាពល្អ មិនគួរធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងបាត់បង់ខ្លួនឯងនោះទេ។ អ្នកសមនឹងទទួលបានការឱ្យតម្លៃចំពោះចំណង់ចំណូលចិត្ត និងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ផ្គាប់ចិត្តនរណាម្នាក់គ្រប់ពេលនោះឡើយ។
៤) តម្លៃខ្លួនឯង៖ តម្លៃមនុស្សស្រីមិនគួរអាស្រ័យលើការយល់ព្រមពីបុរសឡើយ។ ចងចាំជានិច្ចថាតម្លៃរបស់អ្នកមិនអាស្រ័យលើថាតើអ្នកពេញចិត្តអ្នកដទៃឬអត់នោះទេ។ កុំបណ្តោយឱ្យការសរសើរ ការរិះគន់ ឬគំនិតរបស់បុរសប៉ះពាល់ដល់តម្លៃខ្លួនឯង។ ដឹងថាអ្នកសមនឹងទទួលបានអ្វីដែលល្អបំផុត ហើយមិនត្រូវការការយល់ព្រមពីអ្នកដ៏ទៃ ដើម្បីមានអារម្មណ៍ថាបានបំពេញ។
៥) ការសម្រេចចិត្តក្នុងជីវិត៖ ជីវិតរបស់អ្នកជារបស់អ្នក ហើយរាល់ការសម្រេចចិត្តក្នុងជីវិតគួរតែធ្វើឡើងដោយខ្លួនអ្នក។ នេះរាប់បញ្ចូលទាំងការសម្រេចចិត្តធំៗ ដូចជាការងារ កន្លែងរស់នៅ រៀបការ បង្កើតកូន... កុំឱ្យបុរសធ្វើការសម្រេចចិត្តសំខាន់ៗទាំងនេះជំនួសអ្នក។ នៅពេលអ្នកធ្វើការសម្រេចចិត្តដោយខ្លួនឯង អ្នកនឹងមានអារម្មណ៍រឹងមាំ មានទំនុកចិត្ត និងគ្រប់គ្រងជីវិតរបស់អ្នក។ មនុស្សស្រីត្រូវចាំថា រាល់ទំនាក់ទំនង គឺគ្រាន់តែជាផ្នែកមួយនៃជីវិត មិនមែនជាផ្នែកមួយនៃអនាគតរបស់អ្នកទាំងស្រុងនោះទេ។
ស្ត្រីសម័យទំនើបត្រូវយល់ថា សុភមង្គល និងឯករាជ្យ មិនគួរពឹងផ្អែកលើបុរសក្បែរខ្លួននោះទេ។ នៅពេលដែលអ្នកមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ឯករាជ្យខាងអារម្មណ៍ មានសេរីភាពផ្ទាល់ខ្លួន មានតម្លៃលើខ្លួនឯង និងការសម្រេចចិត្តក្នុងជីវិត អ្នកនឹងបង្កើតជីវិតកាន់តែមានន័យ និងនិរន្តរភាព។ អ្វីដែលសំខាន់បំផុតគឺត្រូវស្រឡាញ់ខ្លួនឯង ស្គាល់តម្លៃខ្លួនឯង ហើយកុំឱ្យអ្នកណាធ្វើឱ្យជំនឿចិត្តរបស់អ្នកធ្លាក់ចុះឱ្យសោះ៕