មនុស្សដែលមានចេតនាអាក្រក់មើលទៅមានចិត្តល្អចំពោះខាងក្រៅ ប៉ុន្តែជារឿយៗតែងតែនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងរបស់ពួកគេ។ កុំល្ងង់ក្នុងការសេពគប់មនុស្សដែលមានសញ្ញាដូចខាងក្រោមនេះ ព្រោះមិនយូរមិនឆាប់អ្នកនឹងជួបបញ្ហា។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំ មនុស្សបុរាណបានទុកឱ្យយើងនូវលក្ខណៈវិនិច្ឆ័យមួយចំនួនដើម្បីអាចមើលដឹងពីមនុស្ស ដែលមានចិត្តអាក្រក់។ ប្រសិនបើមានមនុស្សនៅជុំវិញអ្នកដែលមានសញ្ញាទាំង 3 ខាងក្រោម យកល្អគួរតែរក្សាចម្ងាយរបស់អ្នក ហើយកុំទៅជិត ឬ សេពគប់ជាមួយពួកគេ។ ប្រសិនបើអ្នកមិនអាចជៀសវាងវាបាន អ្នកក៏ត្រូវប្រុងប្រយ័ត្នក្នុងអាកប្បកិរិយារបស់អ្នកផងដែរ ដើម្បីជៀសវាងការជួបបញ្ហាសម្រាប់ខ្លួនអ្នក៖
១.មនុស្សដែលមានចិត្តសប្បុរស តែលួចលាក់៖ មនុស្សប្រភេទនេះច្រើនតែបង្ហាញភាពគួរសម ចិត្តល្អ និងស្វាហាប់នៅពេលជួបគ្នាដំបូងជាមួយនរណាម្នាក់។ ពេលជួបគ្នាលើកដំបូង គេនឹងផ្តល់ការសរសើរច្រើនដើម្បីបង្កើតភាពស្និទ្ធស្នាល។ ទោះជាយ៉ាងណាក៏ដោយយូរៗទៅធម្មជាតិពិតរបស់ពួកគេនឹងបង្ហាញចេញដោយខ្លួនឯងបន្តិចម្តងៗ។ ពួកគេអាចនឹងផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីអ្នកដោយចេតនា ដែលបណ្តាលឱ្យមានការប្រេះឆាក្នុងទំនាក់ទំនងជុំវិញខ្លួន។ មនុស្សទាំងនេះច្រើនតែបន្ថែមល្បើយ ដើម្បីបង្កើតភាពអវិជ្ជមាន ដោយមានបំណងរិះគន់ និងធ្វើបាបអ្នកដទៃ។ អ្វីដែលគួរឲ្យបារម្ភនោះ គឺពួកគេតែងតែនិយាយពាក្យគំរោះគំរើយ ប៉ុន្តែធ្វើពុតជាអចេតនា ឬ «គ្មានកំហុស» ។ មនុស្សដែលមានចេតនាអាក្រក់ច្រើនតែមិនអាចទ្រាំទ្រអ្នកដទៃថាពូកែជាងខ្លួនបានទេ ហើយតែងតែច្រណែន និងមានចេតនាអាក្រក់ចំពោះអ្នកដទៃ។
២.ចូលចិត្តបង្កបញ្ហា៖ មនុស្សប្រភេទនេះតែងតែក្លែងបន្លំថា "និយាយត្រង់" ធ្វើការរិះគន់ធ្ងន់ៗ បង្កភាពមិនស្រួលដល់អ្នកដទៃ។ ពួកគេតែងតែស្វែងរកវិធីដើម្បីតបត បង្កើតរឿងតូចឱ្យក្លាយជារឿងធំជាងមុន និងចេតនាធ្វើឱ្យអ្នកដទៃមានបញ្ហា។ ទោះបីជាអ្នកបានធ្វើអំពើរល្អច្រើនប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែអាចប្រែក្លាយរឿងល្អរបស់អ្នកទៅជាអាក្រក់ ដោយការញុះញង់ និងធ្វើឱ្យមានការបែកបាក់។ ពួកគេមិនត្រឹមតែបង្ខូចមុខមាត់របស់អ្នកនៅក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រៀមខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពីអ្នកនៅពេលដែលអ្នកមានការលំបាក ថែមទាំងរុញអ្នកចុះក្រោមដើម្បីសម្រេចគោលដៅរបស់ពួកគេទៀតផង។
៣.អាត្មានិយម៖ នេះជាប្រភេទមនុស្សដែលតែងតែយកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ ជាធម្មតាទំនាក់ទំនងរវាងអ្នកនិងពួកគេហាក់ដូចជាល្អខ្លាំងណាស់ ប៉ុន្តែនៅពេលដែលអ្នកត្រូវការជំនួយ ពួកគេនឹងធ្វើជាមិនដឹងមិនលឺ ព្រោះទាល់តែអាចរកផលប្រយោជន៍សម្រាប់ពួកគេបាន ទើបពួកគេលូកដៃជួយអ្នក ដោយរំពឹងចង់បានការតបស្នងត្រឡប់ទៅវិញ។ គេគណនាអ្វីៗគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ខ្លួនឯង ដោយមិនខ្វល់ពីប្រយោជន៍រួម ឬ អ្នកដទៃនោះទេ។ ពេលមានរឿងខុសឆ្គង មនុស្សបែបនេះចូលចិត្តបន្ទោសអ្នកដទៃយ៉ាងឆាប់រហ័ស រីឯខ្លួនឯងវិញគឺដើរតួជាជនរងគ្រោះ និងរកលេសចំពោះកំហុសរបស់ខ្លួន៕