នៅក្នុងទំនាក់ទំនងបុរសក៏គួរបង្ហាញពីសេចក្តីស្រឡាញ់របស់ខ្លួនចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ឱ្យបានច្រើន តាមរយៈពាក្យផ្អែមល្ហែមទៅកាន់នាង។ ព្រោះមនុស្សស្រីមិនត្រឹមតែត្រូវការការស្រលាញ់ពីអ្នកប៉ុណ្ណោះទេ តែពាក្យលួងលោមដ៏ជ្រាលជ្រៅរបស់អ្នកក៏អាចធ្វើអោយនាងសប្បាយចិត្ត និងមានសុភមង្គលកាន់តែខ្លាំងផងដែរ ជាពិសេសគឺប្រយោគទាំង ៥ ខាងក្រោមនេះ ដែលមនុស្សស្រីចូលចិត្តស្តាប់បំផុត៖
១.អ្នកគឺជាសុភមង្គលរបស់ខ្ញុំ៖ ពាក្យនេះមិនត្រឹមតែបង្ហាញពីក្តីស្រលាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរពចំពោះស្ត្រីផងដែរ ជាពិសេសអ្នកដែលបានឆ្លងកាត់ជីវិតជូរចត់ជាច្រើនដង។ សម្រាប់ស្ត្រីវ័យកណ្តាល ពាក្យដ៏ស្មោះស្ម័គ្របែបនេះអាចផ្តល់ភាពកក់ក្តៅដល់បេះដូងរបស់ពួកគេ និងធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកផ្តល់តម្លៃខ្លួននិងកិត្តិយសដល់ពួកគេ។
២.អ្នកតែងតែនាំឱ្យខ្ញុំមានអារម្មណ៍សន្តិភាព៖ ក្នុងដំណាក់កាលនៃជីវិតនេះ ស្ត្រីវ័យកណ្តាលតែងតែប្រឈមមុខនឹងសម្ពាធជាច្រើនពីការងារ គ្រួសារ និងសង្គម។ ការបញ្ជាក់ថាពួកគេនាំមកនូវសន្តិភាពដល់មនុស្សជាទីស្រឡាញ់របស់ពួកគេអាចបន្ធូរបន្ថយការព្រួយបារម្ភ និងភាពតានតឹង អំពីសុវត្ថិភាព និងស្ថិរភាពក្នុងទំនាក់ទំនង។
៣.ថ្ងៃនេះអ្នកស្អាតណាស់៖ ស្ត្រីវ័យកណ្តាលអាចមិនសូវមានទំនុកចិត្តលើរូបរាងរបស់ពួកគេនោះទេ ប៉ុន្តែការសរសើររបស់អ្នកនឹងជួយឱ្យពួកគេមានអារម្មណ៍ជឿជាក់ និងរំភើបបំផុត។ ការសរសើរដោយសុភាពរាបសារបែបនេះនឹងធ្វើឱ្យនាងមានភាពរីករាយ និងមោទនភាព ហើយបញ្ជាក់ថាភាពស្រស់ស្អាតរបស់ពួកគេនៅតែដដែល ដែលវាអាចជួយដល់ទំនុកចិត្ត និងភាពក្លាហានរបស់ពួកគេថែមទៀតផង។
៤.ខ្ញុំតែងតែខ្វល់ពីអារម្មណ៍របស់អ្នក៖ ស្ត្រីតែងតែមានការផ្លាស់ប្តូរអារម្មណ៍ដែលមិននឹកស្មានដល់ ដែលអាចផ្លាស់ប្តូរពីរីករាយទៅជាសោកសៅ ពេលខ្លះដោយមិនដឹងមូលហេតុ។ ដែលនេះធ្វើឱ្យបុរសជាច្រើនពិបាកយល់ ហើយងាយនឹងព្រងើយកន្តើយនឹងការផ្លាស់ប្តូរអារម្មណ៍របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីនាំមកនូវអារម្មណ៍សុវត្ថិភាព និងសុភមង្គលដល់មនុស្សស្រីជាទីស្រលាញ់របស់អ្នក ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ពួកគេគឺជារឿងសំខាន់។ អ្នកគួរតែព្យាយាមស្តាប់ហើយយល់ចិត្តនាងបន្ថែមទៀត ព្រោះវានឹងធ្វើឱ្យនាងមានអារម្មណ៍ថាទទួលបានការស្រលាញ់ និងចែករំលែករឿងលំបាករួមគ្នា។
៥.អ្នកគឺជាមនុស្សតែម្នាក់គត់ក្នុងបេះដូងខ្ញុំ៖ ពាក្យនេះនៅពេលនិយាយនឹងធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាខ្លួនជាមនុស្សពិសេស និងមានតួនាទីសំខាន់ក្នុងចិត្តបុរស។ សម្រាប់ស្ត្រីវ័យកណ្តាល ពាក្យទាំងនេះមានអត្ថន័យជ្រាលជ្រៅបំផុត ដោយជួយឱ្យពួកគេមានអារម្មណ៍រីករាយ និងមានសុភមង្គលពេលដែលស្តាប់លឺពាក្យទាំងនេះចេញពីមាត់មនុស្សដែលនាងស្រលាញ់៕