មនុស្សដែលតែងតែចង់បង្ហាញថាខ្លួនជាមនុស្សល្អបំផុត ភាគច្រើនរស់នៅមិនចុះសម្រុងនឹងអ្នកដទៃទេ។ ហើយមនុស្សទាំងនេះក៏គ្មានភាពស្មោះត្រង់នៅក្នុងខ្លួននោះដែរ រឿងណាដែលគេធ្វើគឺទាល់តែអាចទទួលបានប្រយោជន៍ទើបគេចូលរួម បើថាអ្នកគ្មានប្រយោជន៍សម្រាប់គេទេកុំថាឡើយសុំអោយគេជួយ សូម្បីតែមុខអ្នកគេមិនចង់មើលផង។ ក្នុងជីវិតនេះបើអ្នកជួបមនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ចូរនៅអោយឆ្ងាយពីពួកគេទៅ ព្រោះនេះជាសញ្ញាបង្ហាញថាពួកគេជាមនុស្សពុតត្បុតបំផុត៖
១.យល់ព្រមជួយអ្នកដទៃពេលឃើញវាជាប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៖ មនុស្សប្រភេទនេះធ្វើការបានល្អក្នុងគោលបំណងទទួលបានកេរ្តិ៍ឈ្មោះ និងបង្កើតមិត្ត។ ពួកគេតែងតែគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយភ្លេចអំពីការដឹងគុណ។ បុរាណថាការជួយអ្នកដទៃគឺមិនចង់បានអ្វីតបស្នងមកវិញទេ បើអ្នកចង់បានតែការតបស្នងពីអ្នកដទៃនោះកុំជួយល្អជាង។ ការជួយមនុស្សត្រូវតែចេញពីចិត្ត និងបេះដូងសប្បុរសទើបមានន័យ។
២.ធ្វើល្អដើម្បីកេរ្តិ៍ឈ្មោះ៖ ការធ្វើអំពើល្អគ្រាន់តែចង់លើកតម្កើងកេរ្តិ៍ឈ្មោះ ចង់បង្ហាញទេពកោសល្យរបស់ខ្លួននោះគឺមិនចេញពីចិត្តទេ។ បើធ្វើរឿងល្អដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ថាមានប្រយោជន៍សម្រាប់ជីវិតនិងរស់នៅឱ្យកាន់តែមានតម្លៃនោះទើបជាអត្ថន័យពិតប្រាកដ។ បើអ្នកធ្វើអំពើល្អដើម្បីតែកេរ្តិ៍ឈ្មោះនិងផលចំណេញរបស់ខ្លួន នោះអ្នកគ្រាន់តែជាមនុស្សអាត្មានិយមប៉ុណ្ណោះ។
៣.ចូលចិត្តបង្ហាញថាខ្លួនជាមនុស្សល្អ៖ មនុស្សខ្លះពូកែសម្តែងណាស់ ចូលចិត្តអោយគេមើលមកថាខ្លួនជាមនុស្សល្អ មានសីលធម៌ ប៉ុន្តែតាមពិតសកម្មភាពទាំងអស់គឺគ្រាន់តែបង្ហាញដល់អ្នករាល់គ្នាថាគេលេចធ្លោក្នុងហ្វូងមនុស្សប៉ុណ្ណោះ។ មនុស្សទាំងនេះល្អតែចំពោះមុខអ្នកដទៃប៉ុណ្ណោះ ប៉ុន្តែចរិតពិតគឺពិសពុលបំផុត។
៤.បង្កើតអាជីវកម្មដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ៖ ពិតជាមានមែន ដែលថាអ្នកខ្លះព្យាយាមបង្កើតអាជីពដ៏អស្ចារ្យមួយដើម្បីតែឱ្យអ្នកដទៃកោតសរសើរថាខ្លួនអស្ចារ្យ។ ការបង្កើតអាជីពមួយដើម្បីឱ្យមនុស្សទះដៃសរសើរអ្នកគឺជារឿងតូចតាចបំផុត។ បើអ្នកចង់ជោគជ័យ អ្នកត្រូវតែធ្វើតាមមហិច្ឆតារបស់ខ្លួន។ មនុស្សដែលចូលចិត្តទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃនឹងធ្វើអ្វីដើម្បីតែមុខមាត់ ចូលចិត្តអោយគេឃើញពីភាពឡូយឆាយ តែចុងបញ្ចប់គ្មានសល់អ្វីជាប់ខ្លួននោះទេ៕