មនុស្សនៅតែនិយាយថា ការរៀបការគឺជារឿងប្ដីប្រពន្ធរស់នៅជាមួយគ្នា ឲ្យតែមនុស្សពីរនាក់ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែពេលរៀបការហើយ ការពិតគឺខុសគ្នាទាំងស្រុង ព្រោះជីវិតជាប្តីប្រពន្ធគឺនឹងមានឧបសគ្គច្រើនណាស់ មានទាំងជម្លោះរវាងរឿងលុយកាក់ ការប្រច័ណ្ឌហួងហែង ការខ្វែងគំនិតគ្នា ការមិនផ្តល់តម្លៃ ឬ ភាពស្មោះត្រង់ សូម្បីតែជម្លោះរវាងសាច់ថ្លៃ សុទ្ធតែជាបញ្ហាដែលនឹងកើតមានឡើយបន្ទាប់ពីរៀបការរួច។ តែបើប្តីប្រពន្ធសង្កេតឃើញថា នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកស្ថិតនៅក្នុងប្រភេទទាំង៤នេះ ជាសញ្ញាបង្ហាញថា ជីវិតគូអ្នកទាំង២រស់នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ៖
១.ភាពត្រជាក់ក្នុងការរួមភេទ៖ ក្នុងជីវិតអាពាហ៍ពិពាហ៍ ការរួមភេទដើរតួយ៉ាងសំខាន់ និងមិនអាចខ្វះបាន។ វាគឺជាកាវដែលបិទភ្ជាប់អ្នកទាំងពីរជាមួយគ្នា។ តាមពិត ការរួមភេទជាវិធីមួយដើម្បីរក្សាសេចក្ដីស្រឡាញ់។ អាពាហ៍ពិពាហ៍កំពុងងាប់បន្តិចម្ដងៗនៅពេលដែលវាស្ងួត លែងចុះសម្រុងគ្នា ហើយលែងមានអារម្មណ៍ពេលនៅជាមួយគ្នា។ គ្មាននរណាម្នាក់អាចទ្រាំទ្រនឹងស្ថានភាពនេះបានទេ ដែលហេតុនេះផលនឹងនាំឱ្យមានការបែកបាក់។
២.ជម្លោះម្តាយក្មេក - កូនប្រសា៖ ប្រសិនបើម្តាយក្មេក និងកូនប្រសាមានជម្លោះច្រើនពេក វានឹងធ្វើអោយបុរសជាប្តីមានអារម្មណ៍អស់សង្ឃឹម ព្រោះពួកគេមិនអាចរកដំណោះស្រាយបាន។ បុរសមិនពូកែដោះស្រាយជម្លោះរវាងម្តាយ និងប្រពន្ធនោះទេ។ ហេតុនេះនឹងធ្វើឱ្យគូស្នេហ៍កាន់តែធុញទ្រាន់។ ពេលដែលអ្នកទាំងពីរមិនអាចរកដំណោះស្រាយបាន យូរៗទៅអាពាហ៍ពិពាហ៍នឹងបញ្ចប់។
៣.ទស្សនវិស័យនៃជីវិតខុសគ្នាខ្លាំងពេក៖ មនុស្សច្រើនតែចូលចិត្តរបស់ដែលខ្លួនមិនមាន ប៉ុន្តែពេលរៀបការ ពួកគេទាំងពីរឃើញភាពខុសគ្នាខ្លាំង។ ពេលខ្លះប្ដីចង់ធ្វើរឿងមួយ ប៉ុន្តែប្រពន្ធមិនចង់ធ្វើបែបនេះទេ ដូច្នេះវាងាយនឹងធ្វើអោយពួកគេទាំងពីរមានការទាស់សម្តីគ្នា ឬ អាចឈានដល់ការបែកគ្នា ក្រោមហេតុផលថាមិនចុះសម្រុង។
៤.មិនមានការជឿទុកចិត្តគ្នា៖ ទំនុកចិត្តគឺតែងតែជាមូលដ្ឋានគ្រឹះនៃរាល់ទំនាក់ទំនងទាំងអស់មិនថាគ្រួសារ ប្តីប្រពន្ធ មិត្តភក្តិ ឬ អ្នករាប់អានគ្នា។ ប្រសិនបើប្តីប្រពន្ធមិនមានការទុកចិត្តគ្នានោះទេ មនុស្សនឹងបន្តរស់នៅក្នុងភាពមន្ទិលសង្ស័យ ដែលបង្កអោយមានជម្លោះកើតឡើងជាញឹកញាប់។ ពេលប្ដីប្រពន្ធលែងមានជំនឿលើគ្នាហើយ ទំនាក់ទំនងអ្នកទាំងពីរប្រាកដជាបែកបាក់ក្នុងពេលឆាប់ៗ៕