ក្នុងជីវិតរស់នៅរាល់ថ្ងៃមនុស្សម្នាក់ៗគឺសុទ្ធតែត្រូវការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដើម្បីទទួលបានភាពសប្បាយរីករាយ និងជួយអោយមនុស្សយើងលែងមានអារម្មណ៍ឯកោ។ តែទោះជាអ្នកមិនមានមិត្តភក្តិ ឬ មនុស្សជិតស្និទ្ធក្តី ហាមដាច់ខាតទៅទាក់ទង ឬ រាប់អានជាមួយនឹងមនុស្ស៣ប្រភេទខាងក្រោមនេះ ព្រោះពួកគេមិនអាចជួយអោយជីវិតអ្នកប្រសើរឡើងបានទេ ផ្ទុយទៅវិញការរាប់អាននេះអាចទាញអ្នកទម្លាក់អោយកាន់តែក្រទៅវិញ៖
១.ប្រភេទមនុស្សដែលខ្ជិលផ្លាស់ប្តូរ៖ តើអ្នកជឿទេ មានមនុស្សខ្លះមិនដែលគិតចង់ផ្លាស់ប្តូរនោះទេ ទោះបីជីវិតលំបាកវេទនាក៏ដោយ។ មនុស្សប្រភេទនេះជាធម្មតាមិនអាចធ្វើរឿងអស្ចារ្យបានទេ។ ដើម្បីយល់ពីធម្មជាតិនៃជីវិត មនុស្សត្រូវឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន។ មនុស្សឆ្លាតក្នុងលោកនេះ ធ្លាប់ឆ្លងកាត់ការឈឺចាប់ និងសោកនាដកម្មជាច្រើន។ មនុស្សជោគជ័យតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរ ផ្ទុយទៅវិញ មនុស្សដែលមិនចង់ផ្លាស់ប្តូរខ្លួនឯង គឺជាមនុស្សដែលរស់នៅក្នុងតំបន់សុវត្ថិភាព ហើយមិនមានឆន្ទៈក្នុងការអភិវឌ្ឍន៍។ ប្រសិនបើអ្នកបង្កើតមិត្តជាមួយមនុស្សប្រភេទនេះ មិនយូរមិនឆាប់ ពួកគេនឹងទាញអ្នកចុះ។
២.ប្រភេទមនុស្សដែលចំណាយប្រាក់ទាំងអស់ដែលខ្លួនមាន៖ មនុស្សដែលចូលចិត្តចំណាយលុយទាំងអស់ ទោះខំប្រឹងយ៉ាងណាក៏មិនជោគជ័យដែរ។ មនុស្សប្រភេទនេះ មិនចេះទុកដាក់លុយ ខ្ជះខ្ជាយខ្លាំង មិនថាមានលុយច្រើនប៉ុណ្ណាក៏គង់តែចាយអស់ដែរ។ បើអ្នករាប់អានជាមួយមនុស្សបែបនេះ អ្នកនឹងឆ្លងទម្លាប់អាក្រក់ទៅតាមគេដែរ ពោលគឺនឹងចាប់ផ្តើមចាយធំ ហ៊ឺហារជាមួយនឹងរឿងឥតប្រយោជន៍។
៣.មនុស្សចូលចិត្តបន្ទោសអ្នកដទៃ៖ មានមនុស្សដែលតែងតែមើលឃើញអ្នកដទៃជាមូលហេតុចម្បងនៃសំណាងអាក្រក់របស់ខ្លួន។ រៀនប្រឈមមុខនឹងការបរាជ័យដោយក្លាហាន ជាជាងបន្ទោសអ្នកដទៃ។ នៅពេលដែលអ្នកហ៊ានសារភាព និងហ៊ានកែ នោះជាពេលដែលអ្នកទទួលបានការកោតសរសើរពីអ្នកដទៃ។ មនុស្សកាន់តែចូលចិត្តបន្ទោសអ្នកដទៃ ជីវិតនឹងកាន់តែបរាជ័យ។ ហាមដាច់ខាតទៅធ្វើមិត្តភក្តិជាមួយមនុស្សអាត្មានិយមបែបនេះ បើមិនដូច្នោះទេអ្នកក៏នឹងក្លាយជាមនុស្សប្រភេទលែងចេះខុស ចាប់កំហុស និងស្តីបន្ទោសអោយតែអ្នកដទៃ៕