ទោះបីជា Declan Rice ត្រូវបានបណ្តេញចេញពីការប្រកួត(ទទួលបានកាតក្រហម)ក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Brighton ក៏ដោយ ក៏ខ្សែបម្រើរបស់ Arsenal រូបនេះមិនអាចត្រូវបានគេហៅថាជាមនុស្សអាក្រក់នោះទេ។
អតីតក្លិបរបស់ Declan គឺ West Ham កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ វាមិនពាក់ព័ន្ធនឹងទម្រង់លេងរបស់ពួកគេ ឬអ្វីដែលត្រូវធ្វើជាមួយលទ្ធផលរបស់ពួកគេក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នោះទេ។
រឿងនោះគឺតារាឆ្នើមក្នុងក្រុមយុវជនរបស់ពួកគេមានជំងឺធ្ងន់ធ្ងរ។ អ្នកចាំទី Oscar Fairs ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករមានសក្តានុពលមិនគួរឱ្យជឿ មានជំងឺមហារីកខួរក្បាល ependymoma ដែលជាជំងឺមួយដ៏កម្រ ។
ចាប់តាំងពីខែសីហាឆ្នាំមុន នៅពេលដែលក្មេងប្រុសអាយុ 14 ឆ្នាំរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់មហារីកនេះនេះ គាត់បានធ្វើការវះកាត់ចំនួន 7 ដង រួមទាំងការព្យាបាលដោយប្រើគីមី និងការព្យាបាលដោយវិទ្យុសកម្ម។ ឥឡូវនេះ គ្រួសារ Faires កំពុងរៃអង្គាសប្រាក់ចំនួន 100,000 ផោនសម្រាប់ការព្យាបាលនៅ មន្ទីពេទ្យពហុមុខងាររបស់អឺរ៉ុប Metronomic Antiangiogenic នៅទីក្រុង Lille ប្រទេសបារាំង។
អតីតប្រធានក្រុម West Ham Declan Rice ដែលត្រូវបានអ្នកគាំទ្រក្រុមញញួរធំស្រែកហ៊ោអំឡុងជំនួបលើកដំបូងរបស់ពួកគេជាមួយក្រុម Arsenal កាលពីរដូវកាលមុន មិនបានបំភ្លេចឫសគល់របស់គាត់ឡើយ។ Declan បានសម្រេចចិត្តជួយ Oscar ក្នុងគ្រាដ៏លំបាកក្នុងជីវិតរបស់គាត់ ហើយបានផ្ទេរប្រាក់ 5,000ផោនទៅក្នុងគណនីរបស់គ្រួសាររបស់គាត់។
មនុស្សផ្សេងទៀតដែលធ្លាប់ ឬបច្ចុប្បន្នមានទំនាក់ទំនងជិតស្និទ្ធជាមួយ West Ham ក៏បានធ្វើការបរិច្ចាគដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ David Sullivan ដែលជាសហម្ចាស់ក្លិបបានបរិច្ចាគ 10,000ផោន អតីតខ្សែបម្រើស្លាប Robert Snodgrass ១០០០ផោន និង Courtney House ៥០០ ផោន។
ម្តាយរបស់ Oscar ឈ្មោះ Natalie បានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមចំណែកក្នុងការរៃអង្គាសថវិកាសម្រាប់ការព្យាបាលកូនប្រុសរបស់គាត់ថា៖ «ខ្ញុំមិនអាចរកពាក្យណាមួយមិនបរិយាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសដ៏លើសលប់របស់មនុស្សទាំងនេះទេ។ កូនរបស់យើងគឺជាអនាគតរបស់យើង»។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក