ដោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំងរបស់ព្រះបាទអង្គដួងចំពោះមហិច្ចតារបស់សៀម និងអណ្ណាមក្នុងការលេបត្របាក់ប្រទេសកម្ពុជាដោយយកទន្លេមេគង្គជាព្រំប្រទល់នៃប្រទេសទាំងពីរ ទើបព្រះអង្គបានផ្ញើព្រះរាជសារពីរដងទៅកាន់ប្រទេសបារាំង គឺលើកទី១នៅឆ្នាំ១៨៥៣ និងលើកទី២នៅឆ្នាំ១៨៥៦ ទៅថ្វាយអធិរាជណាប៉ូលេអុងទី៣ ដើម្បីទប់ទល់និងមហិច្ជតារបស់ប្រទេសទាំងពីរនេះ។
ក្នុងព្រះរាជសារនោះមានខ្លឹមសារគឺ ដើម្បីចង់ស្ថាបនាសម្ពន្ធភាពជាមួយបារាំង និងប្រាប់បារាំងអំពីការបាត់បង់ទឹកដី(កម្ពុជាក្រោមសព្វថ្ងៃ) រួមមានខេត្តដូនណៃ ព្រៃនគរ លង់ហោ ផ្សារដែក មេសរ ព្រះត្រពាំង អុងម៉ ក្រមួនស ទឹកខ្មៅ ពាម កោះត្រល់ និងកោះត្រឡាច។
នៅថ្ងៃទី៧ខែតុលាឆ្នាំ១៨៥៦ អ្នកការទូតបារាំងឈ្មោះ ដឺម៉ុងទីញី បានមកដល់ខេត្តកំពតដោយមានបំណងតែទៅលើការចុះហត្ថលេខាលើអនុសញ្ញាពាណិជ្ជកម្ម និងសាសនាជាមួយព្រះអង្គដួងតែប៉ុណ្ណោះ តែសៀមបានគាបសង្គត់ព្រះអង្គមិនឲ្យលាយព្រះហត្ថលេខាលើអនុសញ្ញានោះឡើយ ទើបបំណងរបស់ព្រះអង្គក្នុងការចងសម្ពន្ធភាពជាមួយបារាំងត្រូវបរាជ័យ។
នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ១៨៥៩ បារាំងបានលើកទ័ពចូលកាន់កាប់ទីក្រុងព្រៃនគរ និងតំបន់ជិតខាង ក្រោមលេសជួយស្រោចស្រង់ជីវិតរបស់ពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិ ដែលរងការកាប់សម្លាប់របស់ស្តេចអណ្ណាម រួចក៏បង្កើតទៅជាតំបន់កូសាំងស៊ីន ហើយមួយឆ្នាំក្រោយមកព្រះអង្គដួងក៏បានសោយទិវង្គតនៅឆ្នាំ១៨៦០។
បារាំងបានបញ្ចុះបញ្ចូលព្រះអង្គវតីលើសន្ធិសញ្ញាអាណាព្យាបាលនៅឆ្នាំ១៨៦៣ ហើយព្រះអង្គវតីបានគ្រងរាជបន្តពីព្រះបាទអង្គដួងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ ដោយមានព្រះនាថា ព្រះបាទនរោត្តម។
ចាប់ពីពេលនោះហើយដែលកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងអស់រយៈពេល៩០ឆ្នាំពេញ ហើយក្នុងរយៈពេល៩០ឆ្នាំក្នុងនាមជាអាណាព្យាបាលលើកម្ពុជា បារាំងបានធ្វើឲ្យសង្គមខ្មែរផ្លាស់ប្តូរនិងវិវឌ្ឍន៍យ៉ាងច្រើន មានទាំងផលវិជ្ជមាន និងអវិជ្ជមានដែរ។
ចំណុចវិជ្ជមានរួមមាន បារាំងបានជួយកម្ពុជាឲ្យរួចផុតពីមហិច្ជតាលេបត្របាក់ទឹកដីកម្ពុជាពីសំណាក់សៀម និងអណ្ណាម កុំឲ្យបាត់បង់បន្តទៀត នឹងបានជួយទាមទាឲ្យសៀមប្រគល់ទឹកដីមកឲ្យខ្មែរវិញរួមមានតំបន់ឆ្លូងលើ(ខេត្តមណ្ឌលគិរីសព្ធថ្ងៃ)នៅឆ្នាំ១៨៩០ តំបន់ត្រើយខាងកើតទន្លេមេគង្គ(ខេត្តស្ទឹងត្រែង)នៅឆ្នាំ១៨៩៣ ខេត្តម្លូព្រៃ និងទន្លេរពៅដែលស្ថិតនៅតាមជួរភ្នំដងរែក និងត្រាត(កោះកុងសព្វថ្ងៃ)ដែលស្ថិននៅតាមតំបន់ឆ្នេរសមុទ្រនៅឆ្នាំ១៩០៤ និងខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណនៅឆ្នាំ១៩០៧។
បារាំងបានជួយធ្វើកំណែទំរង់ខាងវិស័យ រដ្ឋបាល សង្គម សិក្សាធិការ សេដ្ឋកិច្ច កសិកម្ម សុខាភិបាល គមនាគមន៍ និងបានស្ថាបនាគ្រឺះខាងវិស័យអប់រំ និងធនធានមនុស្ស ដោយបានបើកសាលារៀនមួយឈ្មោះថា សាលារៀនខ្មែរ នៅភ្នំពេញក្នុងឆ្នាំ១៨៦៩ និងបានបើកសាលានៅតាមខេត្តរួមមាននៅខេត្តកំពតក្នុងឆ្នាំ១៨៨៤ បើសាលាបឋមសិក្សានៅក្រចេះ និងកំពង់ចាមនៅឆ្នាំ១៨៨៥។
បារាំងក៏បានស្ថាបនាគ្រឹះខាងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយពង្រឹងកម្លាំងនគរបាលក្រុងភ្នំពេញនៅឆ្នាំ១៨៨៤ រៀបចំកំបង់ផែក្រុងភ្នំពេញ និងបង្កើតមន្ទីរពេទ្យកេតុមាលានៅឆ្នាំ១៨៨៥ រៀបចំឲ្យមាននគរបាលរដ្ឋបាល និងយុត្តិធម៌ក្នុងឆ្នាំ១៩០៣ នគរបាលត្រួតពិនិត្យផ្លូវទឹកក្នុងឆ្នាំ១៩០៥ នគរបាលសុខាភិបាលសត្វពាហនៈក្នុងឆ្នាំ១៩០៨ កសាងសារមន្ទីជាតិក្នុងឆ្នាំ១៩១៤ និងជួសជុលព្រះរាជវាំងក្នុងឆ្នាំ១៩០៤។ បារាំងបានស្រាវជ្រាវចងក្រងអំពីប្រវត្តិសាស្រ្ត បុរាណវិទ្យា និងវប្បធម៌ខ្មែរ និងចាប់ផ្តើមអភិរក្សនិងជួសជុលអង្គរនៅឆ្នាំ១៩០៨។
ចំពោះចំណុចអវិជ្ចមានវិញ បារាំងបានធ្វើការជិះជាន់ គាបសង្គត់ និងប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរមកលើពលរដ្ឋខ្មែរ ធ្វើឲ្យពលរដ្ឋខ្មែរកាន់តែក្រីក្រ និងបានកេណ្ឌប្រជាជនខ្មែរដែលពេញកំលាំងទៅបម្រើយោធាក្នុងសង្គ្រាមលោកលើកទី១ និងទី២ ហើយបារាំងបានកាត់ទឹកដីកម្ពុជាប៉ែកខាងកើតទន្លេមេគង្គមានដូចជាតំបន់អាតាពើ ដាក់ចូលទៅក្នុងតំបន់រដ្ឋបាលកូសាំងស៊ីនដែលគ្រប់គ្រងដោយបារាំងនៅឆ្នាំ១៨៩៣ ដាក់បញ្ចូលកោះត្រល់ទៅក្នុងរដ្ឋបាលកូសាំងស៊ីននៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ និងក្រោយមកទៀតបានកាត់ទឹកដីតំបន់កូសាំងស៊ីននេះ(កម្ពុជាក្រោមសព្វថ្ងៃ) ទៅឲ្យវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
រៀបរៀង និងប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ