ការរស់នៅជាមួយគ្នាក្នុងភាពជាប្ដីប្រពន្ធ ដៃគូភាគច្រើនរស់នៅជាមួយគ្នាកាន់តែយូរ កាន់តែលែងមានអារម្មណ៍ចំពោះគ្នា ការស្រឡាញ់កាន់តែធ្លាក់ចុះ នាំឱ្យមានភាពរកាំរកូសរស់នៅមិនចុះសម្រុងនឹងគ្នា។ យ៉ាងណាមិញ ចំពោះស្ត្រីដែលបញ្ចេញនូវសញ្ញាទាំង ៣ នេះបញ្ជាក់ថា នាងកំពុងតែធុញទ្រាន់ជាមួយនឹងប្ដីនាងខ្លាំងណាស់ហើយ មិនយូរឡើយនាងអាចនឹងសុំលែងលះ ឬចេញទៅរកដៃគូខាងក្រៅ ក្បត់ប្ដីដោយមិនដឹងខ្លួន។
១. លែងចាប់អារម្មណ៍នឹងរឿងស្និទ្ធស្នាលជាមួយប្តី
ជីវិតមមាញឹក ជាប់រវល់នឹងការងារ ការរកលុយ បានធ្វើឱ្យជីវិតរស់នៅរវាងប្តីប្រពន្ធ មិនសូវបាននៅក្បែរគ្នា លែងផ្អែមល្ហែមដូចកាលស្រលាញ់គ្នាដំបូង ដោយមិនខ្វល់ខ្វាយ ឬគិតអ្វីទាំងអស់។ ប៉ុន្តែស្ត្រីដែលនៅតែមានមនោសញ្ចេតនាចំពោះស្វាមី ទោះបីជារវល់ ឬមានសម្ពាធពីជីវិតក៏ដោយ ក៏នៅតែត្រូវការការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ពីស្វាមី។
នៅពេលដែលពួកគេមានរបស់ទាំងនោះ ពួកគេនឹងមានអារម្មណ៍សុទិដ្ឋិនិយម និងមានថាមពលកាន់តែច្រើន ហើយរស់នៅក្នុងជីវិតកាន់តែសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ភរិយាដែលសូម្បីតែស្វាមីនៅក្បែរ នៅតែគ្មានអារម្មណ៍ នេះជាសញ្ញាបង្ហាញថាពួកគេធុញទ្រាន់នឹងស្វាមីខ្លាំងណាស់។
២. លែងមានការគោរពចំពោះប្ដី
ការគោរព គឺជាសសរស្តម្ភមួយនៃទំនាក់ទំនងដែលមានសុខភាពល្អ។ ពេលស្ត្រីលែងគោរពប្តី នេះមានន័យថា នាងកាន់តែធុញនឹងគាត់។ មូលហេតុដែលប្រពន្ធលែងមានការគោរពចំពោះស្វាមី គឺមកពីហេតុផលជាច្រើនដូចជា៖ វិធីរបស់ស្វាមីក្នុងការដោះស្រាយស្ថានភាពលំបាក គំនិតរបស់គាត់ចំពោះបញ្ហាសង្គម ឬសូម្បីតែរឿងតូចតាចដូចជាគំនិតរបស់គាត់ ឬអាចថា មកពីគាត់មានស្រីខាងក្រៅជាដើម។
ប្រសិនបើរឿងភាគច្រើនអំពីប្តីមិនបញ្ចុះបញ្ចូលប្រពន្ធ ធ្វើឱ្យនាងមានអារម្មណ៍ថាអសមត្ថភាព និងល្ងង់ខ្លៅ នោះច្បាស់ណាស់ថាប្រពន្ធនឹងមានអារម្មណ៍មិនគោរពចំពោះប្តីរបស់នាង។ បន្តិចម្ដងៗក្ដីស្រលាញ់ក៏រលាយបាត់ទៅដែរ ព្រោះការគោរព និងការឱ្យតម្លៃធ្វើឱ្យចិត្តមនុស្សស្រីងាយនឹងបាត់បង់។ មិនថាអ្នកស្រលាញ់ប្តីប៉ុនណាទេ បើរាល់ថ្ងៃគាត់បង្ហាញថាគាត់មិនយល់អ្វីទាំងអស់ ស្នេហានឹងរលាយបាត់ដោយស្វ័យប្រវត្តិ។
៣. ប្ដីនៅជិត ឬនៅឆ្ងាយក៏គ្មានបញ្ហា
ប្រសិនបើរឿងនេះលេចឡើង វាបង្ហាញថាការធុញទ្រាន់របស់ស្ត្រីជាមួយស្វាមីបានឈានដល់កម្រិតកំពូលហើយ។ ដល់ចំណុចដែលមនុស្សស្រីអាចមើលថែគ្រប់បែបយ៉ាងក្នុងគ្រួសារបានដោយខ្លួនឯង មិនថាលំបាក ឬហត់នឿយយ៉ាងណានោះទេ នាងមិនរំពឹងថានឹងមានជំនួយពីបុរសនៅក្បែរនាងឡើយ។
គ្មាននារីណាម្នាក់កើតមករឹងមាំ គ្មានមនុស្សស្រីណាចង់គ្រប់គ្រងគ្រប់យ៉ាងតែម្នាក់ឯងឡើយ។ ជម្រៅចិត្តមនុស្សស្រីគ្រប់គ្នា តែងប្រាថ្នាចង់បានបុរសរឹងមាំដើម្បីពឹងផ្អែក ចែករំលែកក្នុងគ្រាលំបាក។ សាមញ្ញៗ មនុស្សស្រីខ្លួនឯងមានអារម្មណ៍ម្យ៉ាងគឺ នៅពេលដែលស្រលាញ់បុរសណាម្នាក់ គឺចង់ពឹងពាក់ និងចែករំលែកជាមួយម្នាក់នោះ តែបើនាងលែងខ្វល់ហើយនោះ ទោះមានអ្នក ឬអត់អ្នក ក៏នាងលែងមានអារម្មណ៍អ្វីដែរ៕