ប្ដីគ្រប់រូបគួរតែដឹង! ៨ យ៉ាងដ៏សំខាន់ ដែលប្រពន្ធរបស់អ្នកចង់បានពីអ្នកបំផុត

មនុស្សប្រុសមួយចំនួន តែងតែគិតថា មនុស្សស្រី ឬប្រពន្ធ នាងចង់បានលុយកាក់យកទៅកាន់ ដើម្បីចាយវាយ ឬទិញរបស់របរផ្សេងៗ តែវាមិនមែនដូចការគិតរបស់អ្នកឡើយ មិនមែនគ្រប់មនុស្សស្រី សុទ្ធតែចង់បាន លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិរបស់អ្នកទេ។ ខាងក្រោមនេះ ជាអ្វីដែលមនុស្សស្រីត្រូវការ ៖

៤

១. ពេលវេលា

ដឹងថាអ្នកមានការងារត្រូវធ្វើ អ្នកក៏ត្រូវការពេលវេលាផ្ទាល់ខ្លួន តែយ៉ាងណា នាងក៏សុំត្រឹមអ្នកចំណាយពេលខ្លះ អាចឆ្លៀតពេលខ្លះដើម្បីនាង យ៉ាងហោចណាស់ក៏ត្រឹមពេលវេលាបន្តិច Call ឬទំនាក់ទំនងទៅនាង សួរនាំនាងក៏នាងអស់ចិត្តហើយ។ ការចេះឆ្លៀតពេលដើម្បីនាង គឺជាទង្វើដែលធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ មិនឯកា ទោះបីអ្នកនៅឆ្ងាយពីនាងក៏ដោយ។

២. ការបារម្ភ យកចិត្តទុកដាក់

មនុស្សស្រីគ្រប់រូប សុទ្ធតែចង់បាន ការបារម្ភ យកចិត្តទុកដាក់ ពីមនុស្សដែលនាងស្រឡាញ់ មិនមែនចេះតែព្រងើយកន្តើយ ហើយទុកនាងចោលស្ទើរគ្រប់ពេលនោះទេ។ ទោះបីមនុស្សស្រីម្នាក់នោះរឹងមាំប៉ុនណា ឬនាងមានអ្នកនៅក្បែរច្រើនប៉ុនណា ក៏មិនស្មើនឹងមានមនុស្សម្នាក់ដែលនាងស្រឡាញ់ នៅចាំបារម្ភ និងTake Careនាងដែរ។

៣. ការគោរព និងឱ្យតម្លៃ

មិនថានៅចំពោះមុខអ្នកណា មិនថាជាសាច់ញាតិ បងប្អូន ឬនៅក្រោយខ្នងនាងឡើយ គឺនាងចង់ឱ្យអ្នកលើកតម្លៃនាង រំឭកពីនាង និងគោរពនាងគ្រប់ពេល។ មិនមែននិយាយដើមនាងប្រាប់អ្នកនេះ ឬអ្នកនោះ ជាពិសេសគឺមិត្តប្រុសៗរបស់អ្នកនោះឡើយ។

A8e9af1da39e02891f822e56ec7e957c

៤. ស្រឡាញ់ ស្មោះត្រង់នឹងនាង

កុំយកលេសថា ធម្មជាតិមនុស្សប្រុស រមែងខិលខូច ស៊ីផឹក ញ៉ែត្រប៉ែ លេងសើចនឹងស្រីតិចតួចឱ្យសោះ ព្រោះចរិតនោះជាធម្មជាតិរបស់មនុស្សប្រុសចោលម្សៀតទៅវិញទេ​ មនុស្សប្រុសល្អ ត្រឹមត្រូវ គេគ្មានថ្ងៃក្បត់ប្រពន្ធ ឬមនុស្សដែលខ្លួនស្រឡាញ់ឡើយ ហើយគេក៏គ្មានថ្ងៃធ្វើឱ្យនារីម្នាក់នោះ ខូចចិត្ត ទឹកភ្នែក ឈឺចាប់ដោយសារទង្វើអាត្មានិយមរបស់គេដែរ។

៥. ការពារនាង

មិនថាក្នុងរវង្វង់មិត្តភក្តិ ជាពិសេសគឺជាមួយក្រុមគ្រួសាររបស់អ្នក អ្នកត្រូវតែការពារនាង មិនអាចឱ្យសាច់ញាតិ បងប្អូនណាម្នាក់ មើលងាយ ឬធ្វើបាបអ្នកឡើយ។ ដឹងថាបាតដៃក៏សាច់ ខ្នងដៃក៏សាច់ វាពិបាកសម្រេចណាស់ តែយ៉ាងណា សូមចាំថា ប្រពន្ធរបស់អ្នក ឬមនុស្សអ្នកស្រឡាញ់ នាងពឹងផ្អែកលើអ្នកហើយ ដូច្នេះ សូមកុំឱ្យនាងមានអារម្មណ៍ថា នាងអន់ ឬមានសម្ពាធជាមួយនឹងសាច់ញាតិ ឪពុកម្ដាយ បងប្អូនរបស់អ្នកឱ្យសោះ។

៦. ផ្ដល់សិទ្ធិសេរីភាព

មនុស្សស្រីនាងមិនចូលចិត្តឱ្យនរណាម្នាក់ មកដាក់សម្ពាធ ឬបិទសិទ្ធិសេរីភាពនាងទេ ​ជាពិសេសគឺ មនុស្សដែលនាងស្រឡាញ់។​ សូមកុំបិទសិទ្ធិ ឃាឃាំង ប្រចណ្ឌហួងហែងនាងជ្រុលហួសហេតុពេក ព្រោះនាងក៏ត្រូវការ ការដើរហើរ ជួបជុំមិត្តភក្តិ ក៏ដូចជាពេលវេលាសម្រាប់បងប្អូន ក្រុមគ្រួសារនាងដែរ។ សេរីភាព ដែលអ្នកតែងតែត្រូវការ នាងក៏ចង់បានដូចគ្នា។ សង្សារ ឬប្រពន្ធ ជាមនុស្សដែលអ្នកត្រូវផ្ដល់គ្រប់យ៉ាងឱ្យនាង នាងមិនមែនទាសី ឬបាវបម្រើ ដែលត្រូវចាំតែស្ដាប់ និងត្រាប់តាមបញ្ជា ឬអ្វីដែលអ្នកចង់បាននោះឡើយ។

D03223399d4445839e5e12d789c771e1

៧. ការចងចាំក្នុងថ្ងៃពិសេសៗរបស់នាង

មិនថាជាថ្ងៃកំណើតនាង ថ្ងៃដែលអ្នកចាប់ផ្ដើមស្រឡាញ់នាង ឬជាថ្ងៃខួបអនុស្សាវរីយរវាងអ្នកទាំងពីរ។ សម្រាប់ថ្ងៃទាំងហ្នឹង នាងមិនបានត្រូវការកាដូអ្វីធំដុំឡើយ សុំត្រឹមអ្នកចងចាំ ហើយជូនពរនាង ព្រមនឹងពាក្យ " បងស្រឡាញ់អូនមួយជីវិត " វាក៏ធ្វើឱ្យនាងមានក្ដីសុខ សុភមង្គល គេងបិទមាត់មិនជិតបាត់ហើយ។ សូមកុំទុកនាងចោល ក្នុងថ្ងៃពិសេសៗទាំងនេះ ព្រោះនាងចង់ឱ្យអ្នកចងចាំនាងគ្រប់ពេលវេលា។

៨. ធ្វើជាមិត្តយល់ចិត្តនាងជាងគេ

មិនថាស្ថិតក្នុងស្ថានភាព ឬកាលៈទេសៈណាទេ អ្នកត្រូវតែជាមិត្ត ជជែក ពិភាក្សា និងស្ដាប់រឿងក្នុងចិត្តរបស់នាងដ៏ល្អបំផុត។ សម្រាប់មនុស្សស្រី គ្រប់ពេលដែលនាងមានបញ្ហា នាងមិនត្រូវការអ្នកណាមកនៅក្បែរនាង ក្រៅពីមនុស្សនាងស្រឡាញ់ឡើយ អ្នកគឺជាកម្លាំងចិត្តដ៏វិសេសបំផុតរបស់នាង មានអ្នកនៅក្បែរនាង មិនថាបញ្ហាច្រើនប៉ុនណា ក៏នាងនៅតែមានកម្លាំងចិត្តនឹងជំនះ មិនបោះបង់ឡើយ៕