នៅពេលមានអាការៈក្តៅខ្លួន ក៏ដូចជាផ្តាសាយ យើងពិតជាពិបាកនៅខ្លាំងណាស់ ព្រោះរាងកាយស្រពឹកស្រពន់ អស់កម្លាំង ដែលពិបាកក្នុងការបម្រើការងារ ឬធ្វើអ្វីមួយខ្លាំងណាស់។ ជាពិសេសក្នុងរដូវកាលកូវីដបែបនេះផង រោគសញ្ញាល្មមៗគឺភ័យលើខ្លួនឯង ហើយព្យាយាមចង់ឲ្យវាបាត់ឲ្យបានលឿន។
ក្រៅពីការទទួលទានថ្នាំ ប្រសិនអ្នកចង់បន្ថែមប្រសិទ្ធភាពចង់ឲ្យជំងឺក្តៅខ្លួន ផ្តាសាយបាត់ទៅលឿន អ្នកគួរបន្ថែមរបបអាហារទាំង ៦ ខាងក្រោមនេះ៖
៦) ចេក
ចេកវាងាយស្រួលទំពា ហើយមានរសជាតិផ្អែមឆ្ងាញ់ ក៏ដូចជាពោរពេញទៅដោយវីតាមីន សារធាតុរ៉ែមួយចំនួនដូចជា ប៉ូតាស្យូម ម៉ង់កាណែស ម៉ាញេសូម និងវីតាមីន C/B6 ជាដើម។ វាក៏ជួយបង្កើនកោសិកាឈាម បង្កើនភាពសុាំ ពង្រឹងភាពធន់ ជួយឲ្យរាងកាយឆាប់ជាសះស្បើយលឿនផងដែរ។
៥) ផ្លែឈើជូរៗ
ដូចជាក្រូចឆ្មារ ក្រូច ទំពាំងបាយជូរ ដែលមានជាតិវីតាមីន C ជួយកាត់បន្ថយការរលាក និងបង្កើនប្រព័ន្ធការពាររាងកាយ អាចប្រឆាំងនឹងជំងឺគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព។ នៅប្រទេសឥណ្ឌា ក្បួនសម័យបុរាណគេយកផ្លែឈើជូរៗទាំងនេះហើយទៅព្យាបាលជំងឺគ្រុន។
៤) បន្លែមានស្លឹកបៃតង
បន្លែមានស្លឹកបៃតងដូចជាសាឡាត់ ស្ពៃ ខាត់ណា សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលសមាសធាតុទាំងនេះ ដើរតួជាអង់ទីអុកស៊ីដង់ជួយប្រឆាំងនឹងការរលាកបាន។ វាក៏ត្រូវបានគេស្គាល់ផងដែរ ថាអាចប្រឆាំងនឹងបាក់តេរី ក៏ដូចជាមេរោគ ដែលបង្កមកពីជំងឺផ្តាសាយ និងគ្រុនក្តៅ។
៣) ទឹកដោះគោយ៉ាអួ
យ៉ាអួរក៏ជួយពេលរាងកាយឈឺ ឬក្តៅខ្លួនបានផងដែរ ហើយវាក៏ល្អសម្រាប់ពោះវៀន និងបង្កើនភាពធន់ក្នុងការរំលាយអាហារ។
២) ទឹកដូង
នៅពេលគ្រុនក្តៅ ទឹកដូងគឺអាចជួយផ្តល់អេឡិចត្រូលីតនិងជាតិគ្លុយកូសបានច្រើន ហើយជាតិប៉ូតាស្យូមដែលទទួលបាន ក៏ជាថាមពលជួយឲ្យរាងកាយឆាប់រឹងមាំត្រលប់មកវិញដែរ។ លើសពីនេះទឹកដូងក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍ជាចាំបាច់សម្រាប់អ្នកជំងឺគ្រុនក្តៅ។
១) ផឹកទឹកឲ្យបានច្រើន
ត្រូវជៀសការទទួលទានទឹកត្រជាក់ ហើយពេលនេះរាងកាយកំពុងខ្វះទឹកជាចាំបាច់ ដូច្នេះហើយទើបនាំឲ្យបាក់តេរីមានការលូតលាស់ឆាប់រហ័ស។ នៅពេលមានអាការៈគ្រុនក្តៅ អ្នកត្រូវទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ ឲ្យបានច្រើន ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក