ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត

គ្រប់មនុស្សស្រីទាំងអស់គ្នា គ្មាននរណាចង់អោយខ្លួនឆាប់ចាស់នោះទេ  ជាពិសេសសម័យបច្ចុប្បន្នបច្ចេកវិទ្យាសំបូរបែប។  ខាងក្រោមនេះគឺជាវិធីដែលជួយអោយមនុស្សស្រីថែរក្សសម្រស់មិនងាយចាស់។

១.កុំរំពឹងខ្ពស់

ពេលដែលអ្នកមានការរំពឹងខ្ពស់ពេក ​សុភមង្គលក៏កាន់តែតិចតាមនោះដែរ។

អ្នកនិពន្ធម្នាក់ធ្លាប់និយាយថា៖ “ខ្ញុំយល់ហើយ! ហេតុអ្វីបានជាខ្ញុំមិនសប្បាយចិត្ត ​ពីព្រោះខ្ញុំតែងមានការរំពឹងអំពីលទ្ធផលមួយ។”

ឧទាហរណ៍៖

មើលសៀវភៅមួយក្បាល រំពឹងថាអាចកាន់តែធ្វើអោយយើងមានភាពជ្រៅជ្រះ។ រត់បានបន្តិច  រំពឹងថានឹងអាចធ្វើអោយយើងស្គមបាន។ ល្អចំពោះអ្នកដទៃ  រំពឹងថាគេនឹងអាចល្អដាក់យើងវិញ។

ប្រសិនបើការរំពឹងនេះបានក្លាយជាការពិតមែននោះ យើងនឹងសប្បាយចិត្ត  ប៉ុន្តែមិនបានក្លាយជាការពិតវិញនោះ យើងនឹងមានការខឹងគុំគួនជាមិនខាន។អាថ៌កំបាំងដែលធ្វើអោយមនុស្សស្រីរក្សាសម្រស់ស្រស់ស្អាតនោះ គឺកុំមានការរំពឹងលើនរណាម្នាក់ ឬកិច្ចការណាមួយខ្ពស់ពេក បែបនេះ មិនថាជារឿងស្របបំណង ឬបញ្ច្រាស់ចិត្តនោះទេ សុទ្ធតែជាកាដូរនៅក្នុងជីវិត ហើយការរស់នៅមានភាពធូរស្បើយច្រើន។

២. ការថែបំប៉នស្បែក  បង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង

ឈានដល់វ័យមួយ  រូបសម្រស់របស់មនុស្សស្រីនឹងដើរទៅរកភាពជ្រីវជ្រួញ។ ជាពិសេសគឺចាប់ពីវ័យ៣០ឆ្នាំឡើងទៅ  ស្បែកងាយនឹងធ្វើអោយគេដឹងអំពីអាយុរបស់ខ្លួន។ នៅកន្លែងធ្វើការរបស់ខ្ញុំមានបងស្រីម្នាក់អាយុជាង៤០ឆ្នាំ  ប៉ុន្តែសម្រស់ដូចជាអាយុ៣០ស្តើង  ស្បែករបស់គាត់ភ្លឺថ្លា ​ការស្លៀកពាក់បែបរមទម្យ។ មានម្តងនោះខ្ញុំបានចុះខេត្តទៅធ្វើការជាមួយគាត់  បានគេងបន្ទប់ជាមួយគ្នា ខ្ញុំបានឃើញទម្លាប់ការថែបំប៉នស្បែករបស់គាត់មានលក្ខណៈពិសេស។ ពេលគាត់ចេញទៅក្រៅ គាត់មិនត្រឹមលាបឡេការពារកំដៅថ្ងៃនោះទេ គាត់នៅប្រើផលិតផលបំប៉ន់ស្បែកល្អៗ និងតាមជំហាននីមួយៗទៀតផង។ គាត់ប្រាប់ខ្ញុំថា៖ “ភាពស្រស់ស្អាតរបស់មនុស្សស្រីនៅអាយុ៣០ឆ្នាំ បានមកដោយសារការថែបំប៉ន់ទាំងអស់។”

ដូច្នេះហើយត្រូវចំណាយពេលសម្រាប់ភាពស្រស់ស្អាតរបស់ខ្លួន ដូចជា រាល់ថ្ងៃត្រូវធ្វើការថែរក្សាបំប៉ន់ស្បែករបស់ខ្លួនអោយបានល្អ។ ពេលដែលធ្វើកិច្ចការផ្ទះរួច ​ត្រូវបិទម៉ាស់បន្ធូរអារម្មណ៍ ពេលចេញទៅក្រៅ ត្រូវលាបឡេការពារកំដៅថ្ងៃ។ធ្វើបែបនេះទើបកាន់តែធ្វើអោយជីវិតពេញលេញ។

1

៣.ព្យាយាមអានសៀវភៅ បំពេញបន្ថែមផ្លូវចិត្ត

ភាពស្រស់ស្អាតរបស់មនុស្សស្រីមិនមែនអាស្រ័យលើស្បែកខាងក្រៅតែមួយមុខនោះទេ  អ្វីដែលសំខាន់នោះ គឺពិភពដួងចិត្តរបស់គេមានភាពពេញលេញ។ការអានសៀវភៅអាចហ្វឹកហាត់ដួងចិត្ត និងគំនិតរបស់យើងអោយមានទស្សនៈវែងឆ្ងាយ និងគិតអ្វីល្អៗ។ មួយជីវិតរបស់មនុស្សអ្វីដែលវិនិយោគដ៏ល្អបំផុត គឺជាការអានសៀវភៅ។ចំណាយពេលវេលាមកអានសៀវភៅគឺជាវិធីលុតដំខួរក្បាល និងសម្បត្តិផ្ទៃក្នុងដ៏បំផុតរបស់ខ្លួន ។

៤.ចេះបញ្ឈប់ការខាតបង់ទាន់ពេលវេលា

ឆាកជីវិតមនុស្សតែងឆ្លងកាត់ការបរាជ័យគ្រប់ប្រភេទ  ដូចជាការដើរខុសទិសដៅ  ស្រលាញ់មនុស្សខុស  ជ្រើសរើសខុស  សុទ្ធតែជារឿងដែលអាចកើតឡើងក្នុងជីវិតមនុស្សគ្រប់រូប។ ដូច្នេះពេលដែលដើរបានពាក់កណ្តាលផ្លូវ ឬ​ស្រលាញ់ដល់ពាក់កណ្តាលជីវិត ​នៅពេលសំខាន់បើយើងអាចបឈ្ឈប់ការខាតបង់ទាន់ពេលវេលា នោះជីវិតរបស់យើងនឹងទទួលបានពន្លឺជាមិនខាន។ មនុស្សស្រីយើងចង់រស់នៅប្រកបដោយភាពស្រស់ស្អាតបានយូរអង្វែង ត្រូវមានសមត្ថភាពក្នុងការបឈ្ឈប់ការខាតបង់ទាន់ពេលវេលា។

៥.កុំខ្វល់និងរឿងឥតប្រយោជន៍ 

ក្នុងដំណើរជីវិតមនុស្សម្នាក់ៗសុទ្ធតែមិនអាចជួបរឿងស្របបំណងទាំងអស់នោះឡើយ  ពេលដែលជួបរឿងមិនស្របបំណង យើងមិនត្រូវខ្វល់ខ្វាយច្រើនពេកទេ ជាពិសេសគឺមនុស្សស្រី ព្រោះបណ្តាលអោយអារម្មណ៍តានតឹង និងធ្វើអោយឆាប់ចាស់ជាងវ័យ។  សុភមង្គលរបស់មនុស្សម្នាក់ មិនមែនឋិតនៅលើការទទួលបានច្រើនប៉ុណ្ណានោះទេ ប៉ុន្តែដោយសារតែភាពមិនខ្វល់ខ្វាយច្រើន និងមិនប្រកាន់ច្រើន។គេនិយាយថា៖ គ្មានអ្វីដែលធ្វើអោយមនុស្សស្រីឆាប់ចាស់ជាងការកង្វល់ខ្វល់ខ្វាយច្រើន ហើយបំផ្លាញសម្រស់របស់មនុស្សស្រីយើងនោះឡើយ!

ក្នុងនាមជាមនុស្សស្រីម្នាក់​ ត្រូវមានបញ្ញារំដោះខ្លួនចេញពីភាពខ្វល់ខ្វាយទាំងនេះ ទើបញ៉ាំអោយយើងមានកំលាំងដើរឆ្ពោះទៅរកពិភពដ៏ភ្លឺថ្លាមួយបាន។

2

៦.ធ្វើដំណើរកំសាន្តជាប្រចាំ  ស្គាល់ពិភពលោកអោយច្រើន

គេធ្លាប់សួរថា៖ តើមនុស្សស្រីត្រូវធ្វើដូចម្តេចទើបអាចជៀសផុតពីចង្រ្កានជើងឆ្នាំងបាន?

មានគេបានឆ្លើយថា៖ ឧស្សាហ៍ធ្វើដំណើរកំសាន្ត ​គេចមួយរយៈខ្លី។

មានមនុស្សស្រីជាច្រើនត្រូវបានកិច្ចការនៅក្នុងគ្រួសាររុំព័ន្ធជាប់មិនអាចទៅណាបាន ​ប៉ុន្តែការទេសចរណ៍អាចជាវិធីដ៏ល្អបំផុតធ្វើអោយយើងបង្កើនចំណេះដឹងស្គាល់ពិភពខាងក្រៅកាន់តែច្រើន។ ការដើរកំសាន្តច្រើន ស្គាល់កន្លែងច្រើន ទើបអាចធ្វើអោយយើងយល់កាន់តែច្បាស់អំពីជីវិតដ៏តូចចង្អៀតមួយនេះ ។ចង់រក្សាសម្រស់អោយក្មេងបានយូរ គឺធ្វើយ៉ាងណាអោយខ្លួនឯងដើរលើដំណើរផ្លូវមួយរហូត ដោយមិនអោយខ្លួនឯងនៅមួយកន្លែង។

៧.ចេះគយគន់ខ្លួនឯង  កុំបដិសេធនិងខ្លួនឯងទៀត

តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេ ពេលអ្នកធ្វើរឿងមួយមិនបានល្អ អ្នកតែងតែធ្លាក់ចូលទៅក្នុងរណ្តៅនៃការបដិសេធឬបណ្តោសខ្លួនឯង  តាមពិត អ្នកកំពុងតែបំផ្លាញស្មារតីរបស់ខ្លួនហើយ។ មនុស្សគ្រប់គ្នាតែងតែមានកន្លែងពិសេសជាងគេ ​អ្នកគួរតែរៀនចេះគយគន់ខ្លួនឯង នេះទើបជាគ្រឿងសំអាងដ៏ល្អបំផុតសម្រាប់មនុស្សស្រីយើង។ ឆាកជីវិតរបស់មនុស្សស្រី មិនគួរត្រូវបានអ្នកដទៃជាអ្នកកំណត់នោះទេ។ មនុស្សស្រីដែលមិនចេះគយគន់ខ្លួនឯង គឺតែងមើលរំលងពីភាពល្អរបស់ខ្លួន តែងយល់ថាខ្លួនប្រៀបមិនស្មើរនិងអ្នកដទៃ។ ការរៀនចេះគយគន់ខ្លួនឯង គឺជាការចាប់ផ្តើមនៃការឈានទៅរកភាពស្រស់ស្អាត។

៨.ប្រាស្រ័យទាក់ទងស្មើរភាព  មិនផ្គាប់ចិត្តនរណាឡើយ

ចំពោះទំនាក់ទំនងមួយ មិនមែនអោយតែចេះផ្គាប់ចិត្តគេមួយមុខ គឺដឹងតែទទួលបានលទ្ធផលល្អនោះទេ។ ពេលដែលអ្នកផ្គាប់ចិត្តអ្នកដទៃខ្លាំងពេក នោះអ្នកកំពុងតែធ្វើរឿងមិនគម្បីចំពោះខ្លួនឯងហើយ។

បងស្រីជីដូនមួយខ្ញុំ គាត់រៀបការទាំងនៅវ័យក្មេង ​ក្នុងនាមជាកូនប្រសើរត្រូវបំរើទុកដាក់ម្តាយឪពុកក្មេក នៅធ្វើការងារផ្ទះទៀត។ រាល់ដងពេលប្តីគាត់ស្រែកគំហកដាក់កាត់ គាត់មិនដែលហ៊ានតមាត់ឡើយ ទោះជាម្តាយក្មេកគាត់ធ្វើបាបគាត់ ក៏គាត់នៅតែញញឹម។ ក្នុងចិត្តគាត់គិតថាមិនចង់អោយអ្នកជុំវិញខ្លួនមិនសប្បាយចិត្តព្រោះតែគាត់នោះទេ ទើបគាត់សុខចិត្តចុះចាញ់ ​ប៉ុន្តែលទ្ធផលចុងក្រោយ ជីវិតអាពាហ៍ពិពាហ៍របស់គាត់នៅតែដើរដល់ផ្លូវបំបែក។ ក្នុងទំនាក់ទំនងស្នេហា មិនមែនចេះតែផ្គាប់ចិត្តគេនោះទេ មនុស្សស្រីដ៏ស្រស់ស្អាតពិតប្រាកដ គឺបង្ហាញតាមរយៈផ្លូវចិត្តដ៏រឹងមាំរបស់ខ្លួន។

3

៩.ស្នាមញញឹមកាន់តែផ្អែមល្អែម  ជីវិតកាន់តែស្រស់បំព្រង

ពាក្យចាស់ពោលថា៖ មនុស្សស្រីដែលចូលចិត្តញញឹម ជោគវាសនាគឺមិនអន់ឡើយ។

មនុស្សស្រីដែលចូលចិត្តញញឹម សុទ្ធតែមានចិត្តទូលាយ  ពោរពេញដោយថាមពល។ គេមិនត្រឹមតែចេះគ្រប់គ្រងជីវិតរបស់គេអោយល្អនោះទេ  គេនៅអាចប្រើស្នាមញញឹមមួយនេះទៅជះឥទ្ធពលចំពោះមនុស្សក្បែរខ្លួនគេទៀតផង។ ពេលទំនាក់ទំនងជាមួយមនុស្សស្រីដែលចូលចិត្តញញឹម នឹងទទួលអារម្មណ៍ថារីករាយ និងធូរស្រាល។

១០.មានជំនាញច្បាស់លាស់ ​ខ្លួនឯងទើបជាទីផ្អែកដ៏ពិតប្រាកដ

ធ្លាប់ស្តាប់មិត្តម្នាក់និយាយថា៖ មុនពេលរៀបការ ប្តីខ្ញុំនិយាយថាចិញ្ចឹមខ្ញុំ ​ពេលរៀបការហើយ ព្រោះតែត្រូវមើលថែកូន ខ្ញុំក៏លាឈប់ពីការងារ។ ខ្ញុំកាលគ្រានោះ សមត្ថភាពក៏ខ្លាំង មានទាំងកិត្តយស មានទាំងមុខមាត់ ពេលនេះវិញមិនបាច់និយាយឡើយ ក្នុងខ្លួនគ្មានប្រាក់សូម្បីតែមួយសេន។

ពេលយើងយកអ្នកដទៃជាទីពឹងផ្អែករបស់យើង  អ្វីដែលយើងអាចធ្វើបាននោះគឺមានតែមើលទឹកមុខរបស់គេតែប៉ុណ្ណោះ។ផ្ទុយមកវិញ ចំពោះមនុស្សស្រីដែលមានចំណេះជំនាញ គេអាចមានសមត្ថភាពពេញលេញក្នុងការបង្កើតចំណូលរបស់ខ្លួន ដោយមិនចាំបាច់ពឹងនរណាម្នាក់ឡើយ។ ឯករាជ្យភាព មិនថាទាំងគំនិត ​ស្មារតី លុយកាក់ សុទ្ធតែជាអ្វីដែលមនុស្សស្រីនាពេលបច្ចុប្បន្នគួរមាន។

រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក